មេគណខេត្តកំពង់ចាម យកជំនួយជូន សាខាកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម៖ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានដឹកនាំព្រះមន្ត្រីសង្ឃជាសហការីគណ ព្រះអនុគណ និងសហការីអនុគណ នាំយកជំនួយ ប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុនៃកិច្ចការមនុស្សធម៌​ ដែល​បាន​ធ្វើ​ឡើង​នាល្ងាច​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​​ និង​ជាប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ព្រមទាំង​ថ្នាក់ដឹកនាំ​សាខាកាកបាទក្រហម​ខេត្ត​ជា​ច្រើន​រូប​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អំណោយដែល​ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង​ព្រះមន្ត្រីសង្ឃ​ បាន​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ៖- អង្ករ១១០បេ​ – បន្លុង១០០​ – និង​ថវិកាចំនួន ៦,០០០,០០០ រៀល ផង​ដែរ​។

ជាមួយគ្នា​នោះ​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក៏បានថ្លែងអំណរព្រះគុណដល់ព្រះមេគណ និង ព្រះមន្ត្រីសង្ឃគ្រប់អង្គ និងបានចាត់ទុកថា នេះជាព្រះកាយវិការដ៏គំរូ សម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទ ។ ដោយ​បច្ចុប្បន្ន​នេះ​ ទឹក​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្តកំពង់ចាម​ ចាប់ផ្ដើម​ហក់​ឡើង​ជា​បណ្ដើរៗ​ហើយ​ ដែល​ប្រការ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ។
គួរ​រំលឹក​ផង​ដែរ​ថា​ ស្ថានភាពកម្ពស់ទឹកទន្លេ​មេគង្គ​ក្នុងឆ្នាំ​២០១៩​ ខេត្តកំពង់ចាម​ទទួលរងផលប៉ះពាល់​ចំនួន០៩ក្រុង-ស្រុក​ ស្មើនឹង៤៧ឃុំ-សង្កាត់​ បណ្តាលឲ្យ​ប៉ះពាល់​ ២៧,៨៣៣គ្រួសារ​ ស្លាប់​មនុស្ស​ចំនួន១០នាក់​ លិចផ្ទះចំនួន២២,១៣៤ខ្នង​ សាលារៀន៦៨កន្លែង វត្តចំនួន៥៨កន្លែង វិហារ​ឥស្លាម​០៧ន្លែង និង​មណ្ឌលសុខភាព០៥កន្លែង​ ជម្លៀសប្រជាពលរដ្ឋចំនួន៤,១៧៨គ្រួសារ​ និងសត្វ​គោចំនួន៩,៥២០ក្បាល​ ទៅកាន់ទួលសុវត្ថិភាព​ ផង​ដែរ​៕SRP