លោក​​ ខៀវ កាញារីទ្ធ ប្រកាសតែងតាំង លោកស្រី​ សម​ ផល្លា​ ជាប្រធានមន្ទីរព័ត៌មានខេត្ត​កំពង់ចាម​​

ខេត្តកំពង់ចាម៖រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​​ ខៀវ កាញារីទ្ធ​ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម​ ផល្លា​ ជាប្រធានមន្ទីរព័ត៌មាន​ខេត្តកំពង់ចាម​ថ្មី ជំនួសលោក ជា​ ក្រូច​ ដែលត្រូវចូលនិវត្តន៍។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ និងក្រោមវត្តមានលោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម
និង​ចូល​រួម​ពី​​ប្រតិភូ​ក្រសួង​ព័ត៌មាន​ ​ថ្នាក់ដឹកនាំ​​មន្ទីរ​ព័ត៌មាន​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ផង​ដែរ​ ។

លោកស្រី សម​ ផល្លា​ ប្រធានមន្ទីរ​ព័ត៌មាន​ថ្មី​ បានឡើងប្តេជ្ញាចិត្តថា ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងមន្ទីរ និងបណ្តាការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ថ្លែង​ក្នុង​ឱកាសនោះ​ដែរ​ លោក​​ ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ ឲ្យ​ធ្វើ​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​យុត្តិធម៌​​ និង​​ត្រូវ​មាន​ការ​​ប្រជុំ​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ប្រមូល​រាល់​ទិន្នន័យ​ សកម្មភាព​ និង​ហេតុការណ៍​ផ្សេង​ៗ​ ដេីម្បី​រាយការណ៍​ទៅ​ដល់​ថ្នាក់ដឹកនាំ​ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​​ទៅ​ដល់​មហាជន​ផង​ដែរ​ ។

ជាមួយគ្នា​នោះ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ ឲ្យ​មាន​ការ​ខិតខំ​ពង្រឹង​សមត្ថភាព​ វិវត្តន៍​តាម​សម័យ​កាល​ជឿនលឿន​​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​តាំងចិត្ត​មុតមាំ​ ក្នុង​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ជាពិសេស​ត្រូវ​ខិតខំ​គ្រប់គ្រងនិង​តាមដាន​​ព័ត៌មាន​ ដេីម្បី​ធ្វើ​ការ​​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ​ ហើយ​ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​បទ​យកការណ៍​ ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ផងដែរ​៕​SRP