ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅព្រឹកមិញបានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា លើការស្នើសុំចុះបញ្ជីប្លង់ធ្វើប័ណ្ណកម្មសិទ្ធិ និងដាំដុះអាស្រ័យផលលេីដី ទំហំ៧១,៨១២ ម៉ែត្រការ៉េ នៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ តាមការស្នើសុំរបស់ម្ចាស់សំណើ។
ក្រោយកិច្ចប្រជុំពិភាក្សា លោកប្រធានគណកម្មការ បានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការពិនិត្យ សម្រេច ព្រោះថាដីនៅក្នុងតំបន់អភិរក្ស រម្មណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
គួរបញ្ជាក់ផងដែរថា ភ្នំជើងព្រៃ ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយនោះ ឥឡូវនេះបានក្លាយទៅជារមណីយដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យដោយ លក្ខណៈភូមិសាស្រ្តអំណោយផល ភ្នំជើងព្រៃ ស្ថិតនៅចម្ងាយប្រមាណតែ២គ.ម ប៉ុណ្ណោះពីផ្លូវជាតិ លេខ៧ និង៥៦គ.ម ពីក្រុងកំពង់ចាម ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ។ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ដែលទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ។ ដោយភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ និងទេសភាពបែបធម្មជាតិពិលើកំពូលភ្នំ៕SRP