ខេត្តសៀមរាប៖លោកជំទាវ អ៊ីវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែង
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញដោយ
បានលើគម្រោងចំនួន០២ គឺទី០១. គម្រោងពុយទីហ្វូ គឺជាការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានទាក់ទាញលើឆាកអន្តរជាតិ ខណៈគម្រោងនេះ ជួបពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅថ្មីៗនេះ រវាងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងម្ចាស់គម្រោង ដើម្បីសិក្សាពីលទ្ធភាព និងធ្វើការសន្និដ្ឋាននាពេលឆាប់នេះ ។
ទី០២. ជាគម្រោងលើប្រព័ន្ធធារាសាស្រ្ត មានឈ្មោះថា “សៀមរាបទឹកសម្រាប់ទាំងអស់គ្នា” ដែលមានទីតាំងក្នុងស្រុកពួក និងគាំទ្រដោយ ទីភា្នក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ហើយគម្រោងនេះ នឹងគ្រប់គ្រងលើធនធានទឹកចម្រុះ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទឹកប្រើប្រាស់ទាំងអស់គ្នា ដែលមានគុណប្រយោជន៍ដល់ អាជ្ញាធរជាតិអប្សរា ក្រសួងធនធានទឹក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធដទៃទៀត ហើយទោះបីប្រទេសកម្ពុជា ក៏ដូចពិភពលោក កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ប្រទេសបារាំងនៅតែបន្តគាំទ្រ និងសហការ ជាមួយប្រទេសកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប លើគម្រោងនានានាពេលអនាគត។
អភិបាលខេត្ត លោកទៀ សីហា បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសបារាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានណែនាំដល់បណ្ដារដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាណកម្មជនក្រីក្រពិតប្រាកដ ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។
ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានខិតខំប្រឹងប្រែង ប្រែក្លាយពេលវេលាដ៏លំបាកនេះ ទៅជាការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រាប់ទទួលភ្ញៀវទេសចរ បន្ទាប់ជំងឺកូវីដ១៩នេះ ផងដែរ៕SRP
បារាំងបង្ហាញគម្រោងសម្រាប់ ស្ដារវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប