ខេត្តកំពង់ចាម៖ផ្ទះពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង និង១ខ្នងទៀតត្រូវរងការខូចខាតមួយចំហៀង ដោយករណីផ្ទុះធុងហ្គាស។
ហេតុការណ៍បានកើតមានឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបណ្ដាលឲ្យឆេះផ្ទះរបស់ឈ្មោះ រូន សូកូត ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរឥស្លាម ប្រពន្ធឈ្មោះ សាអុីត រូហានី អាយុ២៦ឆ្នាំ មានចំនួន២ខ្នងធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៥,៥០x៨ម៉ែត្រ ដែលបណ្តាលមកពីផ្ទុះធុងហ្គាស(ធុងធំ) ក្នុងនោះមានការបាត់បង់ទ្រព្យសម្បត្តិរួមមាន៖ ប្រាក់ដុល្លាចំនួន២០,១៥០ដុល្លារសហរដ្ឋអាមេរិក ប្រាក់ម៉ាឡេចំនួន២០០
ប្រាក់រៀលចំនួន៣០០,០០០រៀល និងទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។
ក្នុងនោះបានរាលទៅឆេះជញ្ជាំងផ្ទះអ្នកជិតខាងមានឈ្មោះ ញិប ម៉េងឃាង ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរអស់មួយចំហៀង តែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការពន្លត់គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងរថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ ដោយប្រើប្រាស់ទឹកអស់ ៣សាទែន។ ក្នុងករណីគ្រោះអគ្គិភ័យនេះពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ៕SRP
ផ្ទះមួយខ្នង និងលុយជាង០២ម៉ឺន$ ក្លាយជាចំណីអគ្គិភ័យ