ខេត្តកំពង់ចាម៖ស្ពានបេតុងមួយខ្សែប្រវែង៩០ម៉ែត្រ៉ែត្រ និងទទឹង៨ម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់បងប្អូនប្រជាពលរដ្ឋ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ត្រូវបានសាងសង់ឡើង ដើម្បីសម្រួលដល់ការធ្វេីដំណេីរ រវាងប្រជាពលរដ្ឋ នៃស្រុកព្រែកប្រសប់ ខេត្តក្រចេះ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ខែកក្កដាព្រឹកមិញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងមួយខ្សែខាងលេី។
លោកអភិបាលបានជំរុញដល់ ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ឲ្យសហការជាមួយអជ្ញាធរមូលដ្ឋាន ដេីម្បីសម្រួលដល់ការងារសាងសង់ ធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយោគយល់ និងអត់ធ្មត់មួយរយៈពេល ព្រោះថាបន្ទាប់ពីនោះយេីងនឹងទទួលបានស្ពានថ្មីដ៏រឹងមាំ ដែលអាចបង្កលក្ខណៈងាយស្រួលក្នុងការធ្វេីដំណើរជាមិនខាន។
បេីតាមលោក ប៊ុត វុទ្ធី ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ បានឲ្យដឹងថា ស្ពានបេតុងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រុម១៨០ ។ ដោយគម្រោងបានចាប់ផ្ដើម ដំណើរការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
ដោយបច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងជាបណ្ដើរៗ។
លោកបានបញ្ជាក់ទៀតថា បេីគ្មានការរំខានដល់ការឃួងគ្រឹះដោយសារទឹកឡើងនោះទេ សម្រាប់គម្រោងនេះគឺអាចសាងសង់ឲ្យរួចរាល់ជាស្ថាពរ ក្នុងរយៈពេលតែ៤ទៅ៥ខែតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ស្ពានបេតុងមួយខ្សែនេះត្រូវបានសាងសង់ឡើង បន្ទាប់ពីស្ពានដែកបាឡេ ដែលបានកសាងឡើង ក្នុងកំឡុងឆ្នាំ១៩៩៣ មានសភាពចាស់ទ្រុឌទ្រោម ហេីយបានទទួលរងការប៉ះពាល់ ដោយទឹកជំនន់ទន្លេមេគង្គ បណ្តាលឲ្យរលំសរសរមួយដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីថ្ងៃទី០៦កញ្ញា ឆ្នាំ២០១៩កន្លងទៅ ហើយត្រូវបានជួសជុលឡេីងវិញ ដេីម្បីសម្រួលដល់ការធ្វើដំណើរបណ្តោះអាសន្ន រហូតមកដល់ពេលបច្ចុប្បន្ននេះ៕SRP