ខេត្តកំពង់ចាម៖ លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំគណៈកម្មាធិការសាខា ចូលជួបសម្តែងការគួរសម លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅនឹងគេហដ្ឋានរបស់ លោក ហ៊ុន ណេង ផ្ទាល់ ។
នៅក្នុងពិធីសម្តែងការគួរសមនោះ លោក អ៊ុន ចាន់ដា បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីការខិតខំអនុវត្តសកម្មភាពចុះជួយប្រជាជនរងគ្រោះ និង ងាយរងគ្រោះ រយៈពេល ១ ឆមាស ដើមឆ្នាំ ២០២០ នេះ និង បានសុំអនុសាសន៍ណែនាំសម្រាប់ការអនុវត្តបន្ត ពីឯកឧត្តមប្រធានគណៈកិត្តិយសសាខា ។
លោក ហ៊ុន ណេង បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា ពិសេសបានធ្វើការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាំងតូច ទាំងធំ ដែលបានកើតឡើង បានល្អ ។ ជាមួយគ្នានោះ លោកហ៊ុន ណេង បានផ្ដាំផ្ញើឲ្យគណៈកម្មាធិការសាខា ខិតខំបន្ថែមទៀត និង ត្រៀមបន្ថែមទៀតក្នុងការជួយប្រជាជនរងគ្រោះ និងងាយរងគ្រោះ ផ្អែកតាមគោលការណ៍កាកបាទក្រហមកម្ពុជា៕SRP

