ភ្នំពេញ៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក នួន ច័ន្ទរិទ្ធ បានថ្លែងថា ការប្រមូលចំណូលនៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសារចំណូលដែលប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។
លោកបានលើកឡើងយ៉ាងដូច្នោះក្នុងវគ្គបណ្តុះបណ្តាលស្តីពីចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ដោយអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករលើការងារចំណាត់ថ្នាក់ទំនិញ និងវិធានដើមកណើតទំនិញ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។
បើតាមលោក នួន ច័ន្ទរិទ្ធ ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូល ចំណាត់ថ្នាក់ទំនិញជាប្រធានបអធិបតីភាពទសំខាន់ នៃការងារបច្ចេកទេសគយ ដែលមន្ត្រីគយគ្រប់រូបគួរយល់ដឹង ព្រោះការធ្វើចំណាត់ថ្នាក់ទំនិញ គឺជាការងារបច្ចេកទេសស្នូលរបស់គយចូលរួមចំណែកក្នុងការធានាប្រសិទ្ធភាព នៃការប្រមូលចំណូលបានត្រឹមត្រូវប្រកបដោយសមភាព ការចងក្រងស្ថិតិពាណិជ្ជកម្មទំនិញឱ្យមានគុណភាព រួមចំណែកក្នុងការកសាងគោលនយោបាយពន្ធនិងអាករជាដើម។
ជាមួយគ្នានេះដែរ ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសជាច្រើននៅលើពិភពលោកមាននិន្នាការឈានទៅការកាត់បន្ថយរបាំងពន្ធគយរវាងប្រទេសជាដៃគូ ជាពិសេសតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្តល់ភាពអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍មកប្រទេសកំពុងអភិវឌ្ឍន៍ (GSP)។ វិធានដើមកំណើតទំនិញបានក្លាយជាប្រធានបទសំខាន់ដែលភាគី នៃកិច្ចព្រមព្រៀងប្រើប្រាស់ជាឧបករណ៍ដើម្បីចូលរួមកសាងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងការពារផលិតកម្មក្នុងស្រុករបស់ខ្លួនពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ផងដែរ៕SRP

