ខេត្តព្រះវិហារ៖អធិការរងនគរបាលស្រុកជ័យសែនម្នាក់ បានទទួលរងការរិះគន់ថារកស៊ីដឹកជញ្ជូនឈើយ៉ាងសកម្ម ដោយឈើទាំងនោះទំនងអត់ច្បាប់។
ជាក់ស្ដែងនៅយប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២០សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ធំបានចាប់រថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-9724 មួយគ្រឿង
ដឹកឈើប្រភេទស្រឡៅចេញពីទឹកដីខេត្តព្រះវិហារ ចំណុចកន្លែងលក់ក្រឡាននៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
សមត្ថកិច្ចថាម្ចាស់រថយន្តដឹកឈើខាងលើនេះឈ្មោះជឿន ជាអធិការរងនគរបាលស្រុកជ័យសែនខេត្តព្រះវិហារ។
បើតាមសេចក្ដីរាយការណ៍ឱ្យដឹងថាលោកអធិការរងរូបនេះប្រើអំណាចក្នុងដៃ
អាចរកស៊ីដឹកជញ្ជូនឈើគេចពន្ធស្ទើរជារៀងរាល់យប់គឺដឹកជញ្ជូនចេញពីព្រៃឡង់ ដោយមិនញញើតអ្វីទាំងអស់។
ទៅយ៉ាងណាពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារពត័មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកជឿន អធិការរងនគរបាលស្រុកជ័យសែន បាននៅឡើយទេ នារសៀលថ្ងៃអាទិត្យនេះ។ សូមបញ្ជាក់ផងដែរថានៅក្នុងទឹកដីខេត្តព្រះវិហារគេនៅតែសង្កេតឃើញមានសកម្មភាពដឹកជញ្ជូនឈើបន្តកើតមានយ៉ាងអនាធិបតេយ្យបើទោះបីអាជ្ញាធរខេត្តព្រះវិហារលោកប្រាក់ សុវណ្ណ បានប្ដេជ្ញា ទប់ស្កាត់យ៉ាងណាក៏ដោយក៏សកម្មភាពដឹកជញ្ជូនឈើនៅតែអាចកើតមានដដែល៕SRP

