នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និង​គ្រូ​ឆ្នេីម​ ១៥​នាក់​ ក្នុង​ខេត្តកំពង់ចាម​ ទទួលបាន​ប័ណ្ណ​សរសើរ ពានរង្វាន់ សម្ដេច ហ៊ុន សែន

0

ខេត្តកំពង់ចាម​៖លោក​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និង​គ្រូ​ឆ្នេីម​​ នៅ​តាម​សាលា​បឋម​សិក្សា​នានា​ ក្នុង​ខេត្ត​កំពង់ចាម​ ចំនួន​១៥នាក់​ ទទួលបានប័ណ្ណសសេីរ ពានរង្វាន់​ សម្តេច​តេជោ​ ហ៊ុន​ សែន។
ការ​ផ្តល់​ពានរង្វាន់​ជ័យលាភី​​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ នៅ​សាលា​គរុកោសល្យ​ និង​វិក្រិតការ​ខេត្តកំពង់ចាម​​ ក្រោម​វត្តមាន​លោក​​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ និង​លោកគ្រូ​ អ្នក​គ្រូ​ ជា​ច្រើន​រូប​ផង​ដែរ​។ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ហង់ ជួនណារ៉ុន បាន​ថ្លែង​ថា​ តាម​រយៈ​ការ​ផ្តល់​ពានរង្វាន់​នេះ​ គឺជា​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​លោក​គ្រូ​ អ្នកគ្រូ​ ហើយ​ក៏​ សូមឲ្យ​​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​នេះតទៅ​ទៀត​ ពីព្រោះ​ថា​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និងសាលា​រៀន​ល្អ​ស្អាត​​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​សិក្សា​​។ ជាមួយ​គ្នា​នោះ​ លោក​បណ្ឌិតសភាចារ្យ​ បានធ្វើការថ្លែងអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំបង្រៀន ទាំងការបង្រៀនដោយផ្ទាល់ មុនពេល​ផ្ទុះនូវជម្ងឺកូវីដ១៩ និងការសិក្សាពីចម្ងាយក្ដី ដើម្បីចូលរួមកែខៃគុណភាពអប់រំ​សិក្សា​ ឲ្យបាន​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ព្រោះបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។​

គួរបញ្ចាក់ផងដែរថា​ លោកគ្រូ​ អ្នក​គ្រូ​ ដែលទទួលបានពានរង្វាន់​ និងបណ្ណ័សសេីរពី​ សម្តេច​ អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​ សែន​ ក្នុងខេត្តកំពង់ចាម​ មានចំនួន១៥នាក់​ ក្នុងនោះមាន នាយកសាលាដែលដឹកនាំល្អ​ ចំនួន៥នាក់​ គ្រូល្អចំនួន៣នាក់ គ្រូឆ្នេីមភាសាខ្មែរចំនួន៤នាក់​ និងគ្រូឆ្នេីមគណិតចំនួន៣នាក់ផងដែរ​៕SRP