លោកអ៊ុន ចាន់ដា ចុះ​ពិនិត្យ​ ការសាងសង់ ច្រាំងទន្លេ នៅ​ក្រុងកំពង់ចាម និង​ស្រុក​កោះសូទិន​

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម និងនៅច្រាំងទន្លេ ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុងកំពង់ចាម ដោយចំណាយ​កញ្ចប់​ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​។
ដោយ​ឡែក​ច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បាន​រងការបាក់ស្រុត​កាលពីពេលថ្មីៗនេះ​ បណ្តាល​ឲ្យ​ប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ​ផ្លូវ​កៅស៊ូនៅចំណុចនោះផងដែរ។ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់​នោះ លោក​ អ៊ុន ចាន់ដា បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ​ ដោយប្រើប្រាស់​កញ្ចប់​ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។​
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេស​អ្នក​ដែលរស់នៅជុំវិញតំបន់រងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេនេះ​ បាន​ថ្លែង​អំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់​ប្រជាពលរដ្ឋ​ ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ​ផងដែរ៕SRP