ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ ពិសិដ្ឋ បានមានប្រសាសន៍ ធ្វើការកោតសរសើរ ចំពោះ កងកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត មិនថាយប់ ឬថ្ងៃ តែងតែបានចុះជួយសម្រួលនិងដោះស្រាយបញ្ហាចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ជាពិសេស គឺនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលទើបនឹងឡើងកាន់តំណែងថ្មី លោក សោម វីរះ គឺតែងតែចុះជាប់រហូតមិនថាគ្រោះថ្នាក់ មិនថាបញ្ហារស្ទះចរាចរណ៍ ទីណា ពេលណាក៏ដោយ។
ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានសន្យាថានឹងជួយឧបត្ថម្ភ ជាបន្តបន្ទាប់តទៅទៀត ផងដែរ។
ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសប្រគល់ប៉ុស្តិ៍យាម ចំនួន១០ បន្ថែមទៀត ជួនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ។
នៅក្នុងការទទួលប៉ុស្តិ៍យាម លោក តេងច័ន្ទណាត ស្នងការននគរបាលខេត្តសៀមរាប បានមានការថ្លែងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ អ្នកឧកញ៉ាបណ្ឌិត ដែលតែងតែពាំនាំយកនូវ ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា គាំទ្រ មកដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត នាពេលកន្លងមកនឹងនៅតែបន្តជារៀងរហូត។
លោក តេង ច័ន្ទណាត ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះ លោកនាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកនាយកមន្ទីរពេទ្យបាងកកនិងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដែលបានឧបត្ថម្ភ តាមរយៈឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ចំពោះប៉ុស្តិ៍យាម ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយដល់ពលរដ្ឋ ទាន់ពេលវេលានៅពេលមានហេតុការណ៍ផ្សេងៗដែលអាចកើតឡើងដោយជាយថាហេតុ។
សូមជម្រាបថា កន្លងមក អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បាននាំយក ជំនួយឧបត្ថម្ភ នូវស្នាក់ការ នគរបាលចរាចរណ៍ផ្លូវគោក ចំនួន១ ប៉ុស្តិ៍យាមចំនួន ៧ ចំណាយថវិកាសរុប ១៩៧៦៥ដុល្លារ និងលើកចុងក្រោយនេះ ឧបត្ថម្ភប៉ុស្តិ៍យាមចំនួន ១០បន្ថែមទៀត ដែលចំណាយថវិការសរុប ១៧៤៦០ដុល្លារ សហរដ្ឋអាមេរិកផងដែរ៕SR