ភ្នំពេញ៖ទីតាំងស្តុកទឹកដោះគោម៉ាក Dutchmill ចំនួន២កន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបធ្វើឡើង យោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី។
មន្ត្រីនៅក្នុងហេតុការណ៍បង្ក្រាបបានឲ្យដឹងថាករណីនេះកម្លាំងជំនាញ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ ទឹកដោះគោម៉ាក Dutchmill រំលោភសិទ្ធិចែកចាយផ្តាច់មុខ និងការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នាំឲ្យមានការខូចគុណភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីរូបនោះបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះឆែកឆេរ ០២ទីតាំងផ្សេងគ្នា៖
១./ទីតាំងទី១ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូល III)សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmillខុសច្បាប់ចំនួន ៦.៥០០ដប ស្មើនឹង ២.៥០៧គីឡូក្រាម។
២./ទីតាំងទី២ ស្តិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម។
បើតាមមន្ត្រីដដែល ពាក់ព័ន្ធករណីខាងលើនេះព្រះរាជអាជ្ញារង បានសម្រេច ឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងហៅម្ចាស់ទីតាំងមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕SRP