Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ ៤ ធ្នូ ២០២៥

ទម្ងន់ជាង៨០តោន! បង្ក្រាបរថយន្តដឹកលើសទម្ងន់ចំនួន៣គ្រឿងគេចជញ្ជីងពិន័យតាមច្បាប់

ក្រសួងសាធារណ៍ដឹកជញ្ជូនបានអះអាងថារថយន្ដធុនធំដឹកលើសទម្ងន់គេចវាងស្ថានីយចំនួន០៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចមន្រ្តីស្ថានីយជញ្ជីង ឃាត់ត្រួតពិនិត្យ និងពិន័យតាមច្បាប់។

ការបង្ក្រាបបានធ្វើឡើង នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងសមត្ថកិច្ចចម្រុះមន្រ្តីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ ខណៈដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះក្រុមមន្ត្រីបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាតនៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ ធ្នូ ២០២៥

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសង្កត់ធ្ងន់ថា ជោគជ័យ និងក្តីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពពីស្មារតី ២ធ្នូ និងជ័យជម្នះ៧មករាដ៏រុងរឿងដែលបានបំភ្លឺផ្លូវក្នុងរយៈពេល៤៧ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន យើងអាចឃើញច្បាស់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យដ៏ច្រើនអនេកដោយមានការចូលរួមចំណែកពីរណសិរ្ស ព្រមទាំងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជូនជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តម សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវា ជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃដោយផ្នែកលើច្បាប់អន្តរជាតិ។ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុលដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំបន្ថែមទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ២ ធ្នូ ២០២៥

ខេត្តសៀមរាប៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកប្រតិបត្តិការឃាត់ខ្លួន

ជនសង្ស័យចំនួន១៩នាក់ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រឹងបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។

លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ពិតជាមានការឃាត់ខ្លួនជនបរទេស ១៩ នាក់ពិតប្រាកដមែន។ ប៉ុន្តែក្រុមនេះមិនទាន់ធ្វើសកម្មភាពនៅឡើយទេទើបតែមកស្នាក់នៅខេត្តសៀមរាបហើយត្រៀម ធ្វើសកម្មភាព។

សូមបញ្ជាក់ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ១៦នាក់ និងនេប៉ាល់៣នាក់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ ធ្នូ ២០២៥

លោកផែង វណ្ណៈ៖ ខ្ញុំបាន​ធ្វេី​កកិច្ចសន្យាចំនួន៤ចំណុច​ ជូនដល់បញ្ជាការដ្ឋាន​កងរាជ​អអាវុធហត្ថលេីផ្ទៃប្រទេស

ភ្នំពេញ៖លោកផែង វណ្ណ: បានសរសេរថា
ក្រោយភ្លៀងមេឃស្រលះ​ !

នៅរសៀល​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ ខ្ញុំបាទបាន​ការ​អនុញ្ញាតិ​ពី​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ ចូលជួប​ដេីម្បី​សុំទោស​អំពីចន្លោះប្រហោង​ក្នុងការ​ប្រេីប្រាស់​ពាក្យសំដីដែល​ន៉ះពាល់នឹងតម្លៃ​សិលធម៌ទៅលេី​ស្ថាប័ន​  និង​ សុំការ​ណែនាំពី​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ។  ខ្ញុំក៏បាន​ធ្វេី​កិច្ចសន្យាចំនួន​ ៤ចំណុច​ជូនដល់​ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថលេីផ្ទៃប្រទេសផងដែរ​ ។

ខ្ញុំបាទ​សូម​គោរ​ព​អរគុណ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ដែលបាន​យោគយល់​ និង​ ផ្ដល់​ឱកាសអោយ​ខ្ញុំ​បាទ​ សហការ​ការងារ​ក្នុងការ​ផ្ដល់​ព័ត៌មានពិត​ ដេីម្បី​កែ​លម្អ​ចំណុចអវិជ្ជមាន​ ។

សូមបញ្ជាក់ថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម៖

១-បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។

២-លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។

៣-ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

៤-រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕SRP

https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៥ វិច្ឆិកា ២០២៥

នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅថ្ងៃអង្គារនេះ បានបង្ហោះសារជូនចំពោះបងប្អូនជនរួមជាតិ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសរសេរថា៖

បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។

ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។  ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧  និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន÷

១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ?

ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។

ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!