ខេត្តសៀមរាប៖អ្នកភូមិរាប់រាយនាក់ រស់នៅក្នុងឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នេះ បានលើកគ្នា មករដ្ឋបាលសាលាខេត្តសៀមរាប ដើមី្បស្នើសុំឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលជាអាណាព្យាបាលគ្រប់គ្រងពួកគាត់ ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដើម្បីកាត់ឆ្វៀលតំបន់ពួកគាត់រស់នៅ ចេញពីការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា។
ក្នុងការសុំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយសម្របសម្រួល ជាមួយ អង្គការយូនីស្កូ (UNESCO) ដោយលើកឡើងថា ដីដែលពួកគាត់រស់សព្វថ្ងៃនេះ គឺជាដីពីដូនតា ដែលមានការរស់នៅគ្រប់ជំនាន់តាំងពីយូរយារណាស់មកហើយ។ ក៏ប៉ុន្តែមក
ដល់ពេលបច្ចុប្បន្ន នេះ ពួកគាត់រស់នៅដោយមានភាពភ័យខ្លាចពី អាជ្ញាធរជាតិអប្សរា ដោយរស់នៅទាំងភាពឈឺចាប់ ជាទីបំផុត ប្រៀបបានដូចទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ ដោយគ្មានសិទ្ឋ រស់នៅលើដីធ្លីរបស់ខ្លួនឯង គ្មានសិទ្ឋសាងសង់លំនៅដ្ឋាន របស់ខ្លួន ព្រមទាំងពេលពួកគាត់ធ្វើការដាំដុះដំណាំ បន្លែ ដោយធ្វើចំណា ឬបិតបាំងសំណាញ់ ការពារកុំឲ្យ សត្វមាន់ទា គោក្របីចូលស៊ី ឬ ក៏ធ្វើការជួសជុលដំបូលផ្ទះ ក៏ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរា ទៅធ្វើការរុះរើ និងដកបំផ្លាញចោលទៀតផង។
អ្នកភូមិបានលើកឡើងថាពួកគាត់ បានគាំទ្រនូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ នូវសោភណ័ភាព នៅមុខអង្គរ ដោយបងប្អូនដែលទៅរស់នៅមុខប្រាសាទនោះ ក្នុងសម័យរដ្ឋកម្ពុជា ត្រូវបានអាជ្ញាធរខេត្ត បានធ្វើការជន្លៀសចេញ និង ចែកដីឡូតិ៍ ឲ្យពួកគាត់រស់នៅក្នុងសង្កាត់គោកចក សព្វថ្ងៃនេះ។ តែក្រោយការបោះឆ្នោត នៅឆ្នាំ១៩៩៣ បងប្អូនទាំងនោះក៏បានទៅសាងសង់ ក្នុងភាពអាណាធិបតេយ្យ ធ្វើឲ្យបាត់បង់សោភណ្ឌ័ភាព តំបន់រមណីយដ្ឋានអង្គរ ហើយទើបពេលនេះ មានចំណាត់ការ ឲ្យពួកគាត់ផ្លាស់ប្តូរទីលំនៅ រស់នៅកន្លែងថ្មីជាបន្តបន្ទាប់។
អ្មកភូមិបានបន្តថា តំបន់ពួកគាត់រស់នៅ គឺនៅឆ្ងាយពីប្រាសាទបុរាណ គឺមានតែតំបន់ភូមិចាស់ ជាទឹកដីដូនតា របស់ពួកគាត់ ហើយក៏មិនបាន ប៉ះពាល់ដល់សោភ័ណ្ឌភាព នោះឡើយ មានតែពួកគាត់បានចូលរួមក្នុងការថែរក្សា និង អភិរក្ស ដោយបានធ្វើការដាំដុះដើមឈើ និង ផលដំណាំនៅតាមភូមិដ្ឋាន ប្រកបដោយពណ៌បៃតង ស្របតាមយុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាលកម្ពុជា ជាតំបន់ ទេសចរណ៍បៃតង ឬក៏ជាកសិទេសចរណ៍ ។
លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងអភិបាលខេត្តសៀមរាប បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដោយលោកបានទទួលយកសំណើរញត្តិរបស់បងប្អូន ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យពិភាក្សាបន្ត ក្នុងការរកដំណោះស្រាយ ជូនបងប្អូន។
លោកអភិបាលរងខេត្តរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់អប្សរា សូមរក្សាអារម្មណ៍ឲ្យបានល្អ និង កុំធ្វើអ្វីមួយដែលផ្ទុយពីច្បាប់រដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សូមឲ្យការវិលត្រឡប់របស់បងប្អូនទៅកាន់លំនៅដ្ឋានវិញដើម្បូរងចាំការនិងដំណោះស្រាយ៕