ខេត្តកណ្ដាល៖មានការផ្សព្វផ្សាយថា មានការបែកធ្លាយភាពមិនប្រក្រតីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗ ផ្ទុកទំនិញលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ មិនខ្វល់អ្វីទាំងអស់។
ប្រភពបានទម្លាយថា ក្រុមអាជីវករតូចធំ ដែលដឹកជញ្ជូនទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ដែក ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ប្រធានក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចរំលងបានឡើយ។
ប្រភពបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះឡើយ។
ប្រភពពបានបន្តឲ្យដឹងទៀតថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្រុកអង្គស្នួល គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺអាចមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូន និងមន្ត្រីធំៗ ខាងលើផងដែរ។
ជាការពិតអាជីវករនិងពួកឈ្មួញ មួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំ ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្ត កណ្តាល បានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត គេតែងសង្កេតឃើញព្រូរឡានឬតៃកុងរត់ឆ្លងផ្លូវយ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមការកំណត់ដោយមិនអាចតវ៉ាបានឡើយ។ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រករឿងឲ្យរើទំនិញចុះឡើង តាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ឡើយ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេស នៅតែអាចបើកបរលើផ្លូវជាតិលេខ ៤ យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់។ បញ្ហាននេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល នៅឡើយទេរហូតដល់ម៉ោងផ្សាយដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP