Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ទីប្រឹក្សា ឆាវឆាវ
១៩ តុលា ២០២៥

អាជ្ញាធរខេត្តសៀមរាប ប្រាប់ក្រុមហ៊ុនដឹកជញ្ជូនតាមទម្ងន់កំណត់ ដើម្បីធានាគុណភាពផ្លូវឱ្យបានយូរអង្វែង

ក្នុងកិច្ចប្រជុំពិភាក្សាករណីសំណើសុំផ្ដល់កិច្ចអន្តរាគមន៍ ដើម្បីជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់លើសកម្រិតកំណត់ ធ្វើចរាចរណ៍លើផ្លូវពីឃុំតាសោម ទៅឃុំគោកដូង ស្រុកអង្គរជុំ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំ និងជំរុញដល់ក្រុមហ៊ុនដឹកជញ្ជូនវិស័យឯកជន ឱ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនទំនិញតាមទម្ងន់កំណត់ដែលច្បាប់បានចែង ដើម្បីធានាបាននូវគុណភាពផ្លូវឲ្យមានស្ថិរភាពយូរអង្វែង ពិសេសគឺផ្លូវដែលទើបស្ថាបនា ឬជួសជុលឡើងវិញ។

លោក លី សារី បានសង្កត់ធ្ងន់ថា ក្រុមដឹកជញ្ជូនវិស័យឯកជន ក្រុមហ៊ុនដឹកជញ្ជូនថ្ម គ្រួស និងក្រុមហ៊ុនផ្សេងៗទៀតដែលប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវចូលរួមអនុវត្តតាមបទដ្ឋានច្បាប់ឲ្យបានត្រឹមត្រូវ។ លោកបានព្រមានថា «ករណីក្រុមហ៊ុនដឹកជញ្ជូនមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រព្រឹត្តល្មើសច្បាប់ដឹកជញ្ជូន ក្រុមការងារ មន្ត្រីជំនាញនឹងចាត់វិធានការ និងពិន័យទៅតាមច្បាប់ដែលបានកំណត់»។

លោកក៏បានសំណូមពរដល់អ្នកបើកបរដឹកជញ្ជូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋាន។ ទាក់ទងនឹងការកំណត់ទម្ងន់ក្នុងការដឹកជញ្ជូន លោកបានណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកចុះអនុវត្ត និងចាត់វិធានការឲ្យបានឆាប់រហ័សចំពោះករណីដឹកលើសកម្រិតទម្ងន់។

លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ ក៏បានលើកឡើងអំពីបញ្ហាផ្លូវខូចខាតពីឃុំតាសោម ទៅឃុំគោកដូង តាមការលើកឡើងរបស់ប្រជាពលរដ្ឋ។ លោកបានសំណូមពរដល់មន្ទីរពាក់ព័ន្ធ ជួយជួសជុលជាបឋមនូវផ្លូវ១ខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ជាការឆ្លើយតប គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ នឹងលើកយកគម្រោងជួសជុលនេះមកពិភាក្សា និងស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីធ្វើការអនុវត្តបន្ត៕SRP

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៧ តុលា ២០២៥

បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!

បន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិ រៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង។ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅ និងភូមិសាស្រ្តមានហានិភ័យ ដើម្បីបម្រើបេសកកម្មធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។

ក្រោយចូលកាន់តំណែងជាស្នងការជាង១ឆ្នាំ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ឱ្យដំណើរការ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង បានចំនួន៩គោលដៅរួចជាស្រេចហើយ រួមមាន នៅសង្កាត់ស្រង៉ែ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់គោកចក ចំនួន១ប៉ុស្តិ៍ នៅសង្កាត់សាលាកំរើក ចំនួន២ប៉ុស្តិ៍ នៅសង្កាត់ស្វាយដង្គំ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់ស្លក្រាម ចំនួន២ប៉ុស្តិ៍ នៅឃុំកណ្ដែង ចំនួន១ប៉ុស្តិ៍ និងឃុំចាន់ស ចំនួន១ប៉ុស្តិ៍ ខណៈផែនការបង្ហើយមុនដាច់ឆ្នាំង២០២៥ មាន២ប៉ុស្តិ៍ទៀត គឺនៅប៉ុស្តិ៍អំពិល និងប៉ុស្តិ៍ត្រពាំងធំ។

បើតាមលោកស្នងការ «យើងបានណែនាំកងកម្លាំង ដោយបានធ្វើភារកិច្ចប្រគល់ជូនកងកម្លាំង ដើម្បីឱ្យកងកម្លាំងយើងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនេះ ធ្វើការរៀបចំបែងចែកសកម្មភាព ល្បាត ពួនស្ទាក់ ទប់ស្កាត់បទរាល់ល្មើសនានានៅក្នុងភូមិសាស្ត្រ ជាពិសេស គឺបានត្រៀមចេញអន្តរាគមន៍ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ហិង្សាដែលកើតមាននៅក្នុងតំបន់ប្រចាំការ២៤ម៉ោង គឺចេញទៅដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល»។

លោកស្នងការបន្ថែមថា ការដាក់ឱ្យមានប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ ពេលមានបញ្ហាណាមួយកើតឡើងនោះ ប្រជាពលរដ្ឋអាច ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងដែលមានកងកម្លាំងប្រចាំការនៅទីនោះស្រាប់ ដើម្បីទទួលពាក្យបណ្ដឹង ដោះស្រាយបណ្ដឹង និងត្រៀមចេញអន្តរាគមន៍គ្រប់ពេលវេលា។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកំណត់លក្ខណៈសម្បត្តិ និងភារកិច្ចចំនួន៧ ដល់ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ដូចខាងក្រោម៖

១. ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ត្រូវមានកម្លាំងប្រចាំការចាប់ពី ៤នាក់ឡើង មានវិទ្យុទាក់ទង ដើម្បីស្តាប់ទទួលព័ត៌មាន សេចក្តីរាយការណ៍ទាន់ហេតុការណ៍ផ្សេងៗ ពីប្រជាពលរដ្ឋ ២៤/៧ និងរងចាំទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលត្រូវការសុំជំនួយពីសមត្ថកិច្ច និងត្រៀមចាំអន្តរាគមន៍គ្រប់ពេលវេលា។ រាល់បណ្តឹងដែលទទួលបានត្រូវកត់ចូលសៀវភៅប្រចាំថ្ងៃ ពិនិត្យ និងរាយការណ៍បញ្ជូន ទៅតាមជំនាញ ដើម្បីជំនាញយកចាត់ចែង និងអនុវត្តតាមនីតិវិធី។

២. ត្រូវរៀបចំបែងចែកវេនធ្វើសកម្មភាពចេញល្បាតពួនស្ទាក់ បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជាក់ស្តែង ដែលកើតឡើងនៅក្នុងភូមិសាស្ត្រដែលបានកំណត់ជាក់លាក់ (ប៉ុស្តិ៍ ប្រចាំការអចិន្ត្រៃយ៍លេខ១ លេខ២ និងលេខ៣)។

៣. រាយការណ៍ទៅមន្ត្រីជំនាញ និងចេញអន្តរាគមន៍ជួយការពារកន្លែងកើតហេតុក្នុងករណី មានគ្រោះផ្សេងៗកើតឡើងជាយថាហេតុ (ដូចជាគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គិភ័យ អំពើហិង្សា ។ល។) ដែលកើតមាននៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងការពារថែរក្សា វត្ថុតាងនៅកន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះមុននឹងមន្ត្រីជំនាញទៅដល់កន្លែងកើតហេតុ។

៤. សហការស្ទាក់ចាប់មុខសញ្ញា និងមធ្យោបាយដែលបង្ក ហើយបានបើកបររត់គេចចេញពីកន្លែងកើតហេតុ (ក្នុងករណីមានសេចក្តីរាយការណ៍ សុំកិច្ចអន្តរាគមន៍)។

៥. ត្រូវយកចិត្តទុកដាក់ សហការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌសកម្មភាពក្មេងទំនើង អំពើហិង្សា ការជួញដូរប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ រួមទាំងបទល្មើសផ្សេងៗទៀត ដោយប្រើប្រាស់វិធានការជំនាញ។

៦. ប្រធានវេននីមួយៗ ត្រូវពិនិត្យគ្រប់គ្រងវត្តមានកងកម្លាំង សៀវភៅកំណត់ហេតុ វិទ្យុទាក់ទង និងមានការឆ្លើយតបទាន់ពេលវេលា ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។

៧. វេននីមួយៗត្រូវធ្វើអនាម័យបោសសម្អាតបរិវេណខាងក្នុង និងខាងក្រៅអគារជាប់ជាប្រចាំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៧ តុលា ២០២៥

បង្ក្រាបបារីម៉ាកអុីសេ ក្លែងក្លាយ នៅខេត្តសៀមរាប ដោយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

ខេត្តសៀមរាប៖តៃកុងរថយន្តនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមពិធីច្បាប់ក្នុងករណីចែកចាយបារីក្លែងក្លាយ។

លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង​ ៨និង៣០ នាទីថ្ងៃទី១៥ ខែ​តុលា​ ឆ្នាំ២០២៥​ នៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដោយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការអនុញ្ញាតពីសំណាក់ លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីឯកឧត្តម មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប។

លោកឧត្តមសេនីយ៍ត្រីសឿន សេន បានបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះឃាត់រថយន្តហុីយ៉ាន់ដាយ (Hyundai) មួយគ្រឿង ពាក់ពន្ធនឹងករណីចែកចាយបារីម៉ាកអុីសេ ESSE ក្លែងក្លាយ ដែលម្ចាស់រថយន្តមានឈ្មោះ ជីប ចន្ថន អាយុ៣៨ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ត្រី សឿន សេន ក្នុងករណីនេះកម្លាំងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើចំណាត់ការ៖

-ឃាត់ជនសង្ស័យ១នាក់
-ឃាត់ទុករថយន្ត ១គ្រឿង
– បារី ESSE ក្លែងក្លាយ ចំនួន២៤០សុង និង៥កញ្ចប់
-ទូរស័ព្ទ ២គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ជាធរមាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 5
ទីប្រឹក្សា ឆាវឆាវ
១៥ តុលា ២០២៥

លោក ផែង វណ្ណៈ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនលាតត្រដាងអំពើពុករលួយ ប្រធានមន្ទីរសុរិយោដីខេត្ត​តាកែវ​ និងបក្សពួក។

ការលាតត្រដាងឲ្យនូវអំពើពុករលួយនៅថ្ងៃទី 15 ខែតុលា ឆ្នាំ 2025 នេះ តាម account facebook ផ្ទាល់ខ្លួន ហើយត្រូវបានចែកចាយជាសាធារណៈ។

នៅក្នុងសារលោកផែង វណ្ណៈ បានសរសេរថា៖ អ្នកសារព័ត៌មាន​ចាប់​បានចោរគប់គិតគ្នា​លួចធ្វេីប្លង់​គ្របលេីដីរដ្ឋ​ (ស្ទឹងស្លាគូរ)​ ស្ថិតនៅ​ភូមិ​ ត្រពាំងពោធិ​ ឃុំ​ ជាងទង​ ស្រុក​ ត្រាំកក់​ ខេត្ត​ តាកែវ​ ! ។

លោក ផែង វណ្ណៈបានបន្តថា រឿង​លោក​នួន​ សុធា​ ប្រធានមន្ទីរ​សូរិយោដី​ ខេត្ត​តាកែវ​ និង​ លោក​ លន់​ ហួត​ ប្រធាន​សូរិយោដី​ស្រុក​ ត្រាំកក់​ គប់គិតគ្នា​លួច​ធ្វេីប្លង់​គ្រប់លេីដីរដ្ឋអោយ​ឈ្មួញ​ឈ្មោះ​ លី​ សម្បត្តិ​ កំពុងបែក​ពាង​ប្រហុកហេីយ​។ បន្ទាប់​ពី​សារ​ព័ត៌មានផ្សាយ​គេសង្កេតឃេីញ​ អភិបាលខេត្ត​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​ ចុះទៅ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​ ឃេីញថា​ ពិត​ជា​រំលោភយកដីរដ្ឋមែន​។ ហេតុនេះហេីយ​ ទេីប​អភិបាលខេត្ត​បញ្ជាអោយវាយ​កំទេចរបងដែលសង់​រំលោភយកដី​ស្ទឹងស្លាគូរ​ប្រវែង​ ១៤៨​ ម៉ែត្រ​ ចោលវិញ​។

លោកបានសរសេរបន្តថា នៅ​ខេត្ត​តាកែវ​ អ្នកណាក៏ដឹងថា​ នួន​ សុធា​ ប្រធាន​មន្ទីរ​សូរិយោដីខេត្ត​តាកែវ​ ជា​មេក្លោងពុករលួយដែរ​ អោយតែមានលុយអោយគាត់​ ដីរដ្ឋក៏នួន​សុធា​ធ្វេី​ប្លង់បានដែរ​។ ចំណែក​ លន់​ ហួត​ ជំនាញ​កសាង​ប្លង់ពីក្រោមទៅលេី​ភូតកុហកថ្នាក់លេីយកដីរដ្ឋមកធ្វេី​ជា​កម្មសិទ្ធិឯកជន​។

តេី​កំហុស​មហាលបែបនេះ​ តេី​មន្ត្រី​ទាំង២នាក់នេះ​គួរតម្លេីងតួនាទី​បន្ថែម​ ឬ​ យ៉ាងណា​ ? ពេល​វេលា​ងូតទឹកដុះក្អែលគ្រប់គ្រាន់ហេីយ​ ពេលនេះ​ល្មមដល់ពេល​វះកាត់ហេីយ​ មន្ត្រីលួចជាតិបែបនេះ​មិនគួរទុកទេ​។

ជុំវិញការបង្ហោះសារលាតត្រដាងនូវអំពើពុករលួយរបស់ប្រធានមន្ទីរសុរិយោដីខេត្តតាកែវនិងបក្សពួកបែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍មិនទាន់ទទួលបានការបំភ្លឺពីប្រធានមន្ទីរសុរិយោដីខេត្តតាកែវនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៣ តុលា ២០២៥

ធ្វើស្គាល់គ្នានិយាយមួយសន្ទុះ សុំខ្ចីម៉ូតូទៅទិញបាយហូបអតមកវិញ

ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង ០៩ៈ៥៨នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះ ជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។

អាវុធហត្ថខេត្តសៀមរាបបានបន្តថា បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥:៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ២០ឆ្នាំ និងម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះ នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច។

ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យម្ចាស់ម៉ូតូធ្វើការផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន ទើបប្រគល់ឲ្យត្រឡប់ទៅវិញ។

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!