Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
២៩ វិច្ឆិកា ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា …!!

បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក, កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា បានឈានដល់ពិធីបិទកិច្ចប្រជុំ នារសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានសមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ១៥៣នាក់។

យោងតាមរបាយការណ៍សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា៖ រយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ អង្គប្រជុំបានខិតខំប្រឹងប្រែងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥, លទ្ធផលបឋមការពិនិត្យពាក់កណ្តាលទីនៃការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ និងពិគ្រោះ ពិភាក្សា រកចំណុចផ្តោតនៃវិស័យអាទិភាពនីមួយៗ តាមប្រព័ន្ធឌីជីថល ដោយប្រើទម្រង់ Google Form ទទួលបានលទ្ធផលជាទូទៅ គឺកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពគ្រប់វិស័យទាំងអស់ស្របតាមទិសដៅកំណត់ក្នុងវិស័យ នីមួយៗ ដូចបានលើកឡើងក្នុងផែនការឆ្នាំ ប៉ុន្តែវិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ លេចធ្លោជាងគេ គឺទិសដៅទី១ សំដៅបន្តពង្រឹងសមត្ថភាព ចំណេះដឹង អំពីការកសាងភាពធន់សហគមន៍ និងការប្រែប្រួលអាកាសធាតុ ជូនបណ្តាញ អ្នកស្ម័គ្រចិត្ត យុវជន មន្ត្រីសាខា និងអនុសាខា ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីការឆ្លើយតបគ្រោះមហន្តរាយ និងវិបត្តិភ័យនានា។ ចំណែកការអនុវត្តក្នុងវិស័យអាទិភាព ៣ផ្សេងទៀតនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យឃើញមានបញ្ហាប្រឈមចម្បងដែលបានជួបប្រទះ ហើយត្រូវរួមគ្នាពិចារណា រកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តផែនការឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គប្រជុំ ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខា ក្នុងការជម្នះរាល់ការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងជាងមុន។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «ក្នុងការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាអាចអនុវត្តសកម្មភាព បានតិច ឬច្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង បានកម្រិតណានោះ គឺអាស្រ័យទៅលើ កត្តាទី១. គឺការទទួលបាននូវការជួយឧបត្ថម្ភគាំទ្រជាមូលនិធិ សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងកត្តាទី២. ការស្ម័គ្រចិត្ត និងឆន្ទៈចូលរួមអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រតិបត្តិករជួរមុខក្នុងការបំផុសចលនាបុរេសកម្មនៅតាមភូមិ ឃុំ សហគមន៍មូលដ្ឋាន និងនៅតាមគ្រឹះស្ថានសិក្សា។ ភាពសកម្ម និងភាពមមាញឹកនៃប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា និងរបស់សាខាទាំងអស់ ជាកត្តាកំណត់ភាពជោគជ័យ នៃការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ អាស្រ័យហេតុនេះ ការកសាងបានផែនការមួយគ្រប់ជ្រុងជ្រោយ និងការធ្វើឱ្យផែនការនោះបានក្លាយជាការអនុវត្តពិតប្រាកដ ប្រកបដោយការពិនិត្យ តាមដាន និងវាយតម្លៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពីអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។»

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាទាំងអស់ ដេីម្បីចូលរួមក្នុងការលើកកម្ពស់ស្មារតីអនុវត្តដោយការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុមនុស្សធម៌ ហើយដែលនឹងធ្វើឱ្យលទ្ធផលនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើងជាលំដាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ វិច្ឆិកា ២០២៥

នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅថ្ងៃអង្គារនេះ បានបង្ហោះសារជូនចំពោះបងប្អូនជនរួមជាតិ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសរសេរថា៖

បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។

ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។  ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧  និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន÷

១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ?

ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។

ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
២៤ វិច្ឆិកា ២០២៥

អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរ ក្រុងស្រុកឃុំសង្កាត់ ត្រូវជំរុញការរៀបចំបង្កើតភូមិ«ស» គ្មានគ្រឿងញៀន

ឯកឧត្តម សុខ លូ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្រ្កាបគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀនឱ្យកាន់តែសកម្មភាពបន្ថែមទៀត។

ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការរៀបចំបង្កើតភូមិ«ស» គ្មានគ្រឿងញៀន ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។

ឯកឧត្តម ណែនាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបើកយុទ្ធនាការជំរុញឱ្យមន្រ្តីចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs និងចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន ខណៈអ្នកចូលមើលអាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន។ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់១០០%។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ការផ្សព្វផ្សាយបទបញ្ជាលេខ០២បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥របស់រាជរដ្ឋាភិបាល និងលិខិតលេខ៥០១ល.ស របស់អគ្គលេខាធិការ អ.ជ.ប.គ.ញ ព្រមទាំងការជូនប័ណ្ណសរសើរដល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានចាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅព្រឹកមិញនេះ។

ឯកឧត្តម ក្រើនរំលឹកដល់មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការផ្សព្វផ្សាយយុទ្ធនាការថែរក្សាអនាម័យបរិស្ថានឱ្យបានផុសផុល ទប់ស្កាត់ការបំពុលបរិស្ថាន បញ្ឈប់ការដុតសំរាម និងកាត់បន្ថយការរំពងសំឡេងទ្រហឹងអឺងកងយ៉ាងអនាធិបតេយ្យ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្រ្តីអប់រំ និងសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។

យោងតាមសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្តចំនួន១២អង្គភាពក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២៥មានដូចជា៖អនុវិទ្យាល័យចំនួន៤រួមមាន៖១.អនុវិទ្យាល័យ បាក់អំរែក ស្រុកឯកភ្នំ លេខ១ ,អនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល លេខ២, អនុវិទ្យាល័យសំពៅលូន ស្រុកសំពៅលូន លេខ៣,អនុវិទ្យាល័យវត្តគរ ក្រុងបាត់ដំបង លេខ៤។សាលាបឋមសិក្សាចំនួន៤រួមមាន៖សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ក្រុងបាត់ដំបង លេខ១, សាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ លេខ២, សាលាបឋមសិក្សាដំណាក់ក្សាន្ត ស្រុកភ្នំព្រឹកលេខ៣, សាលាបឋមសិក្សា អភិវឌ្ឍន៍សំឡូត លេខ៤។វិស័យសុខាភិបាលចំនួន៤អង្គភាពរួមមាន៖មណ្ឌលសុខភាព បួរ ស្រុកភ្នំព្រឹក លេខ១, មណ្ឌលសុខភាពតាលាស់ ស្រុកមោងឫស្សី លេខ២,មណ្ឌលសុខភាពបារាំងធ្លាក់ លេខ៣ និងមណ្ឌលសុខភាព បឹងព្រីង ស្រុកថ្មគោល លេខ៤៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ វិច្ឆិកា ២០២៥

ទីតាំងស្តុកធ្យូង ជាង១០០តោន នៅក្រោយផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានបង្ក្រាប

ខេត្តសៀមរាប៖ទីតាំងស្តុកធ្យូងជាង១០០តោនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាបនិងរឹបអូសយកទៅអនុវត្តតាមនីតិវិធីច្បាប់។

ការបង្ក្រាបបានធ្វើឡើង នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប រួមជាមួយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកនេះថា ការបង្ក្រាបធ្យូង នៅទីតាំងស្តុកធ្យូង មានចំនួន ៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០គីឡូក្រាម ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (គ្មានលិខិអនុញ្ញាត) ដែលមានម្ចាស់ឈ្មោះ ស៊ង វាសនា ភេទប្រុស អាយុ៦០ឆ្នាំ និងជាម្ចាស់តែមួយនៅទីតាំងស្តុកអុសចម្រុះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានអុសចម្រុះ សរុបចំនួន ២៥៥.៤៧៥ស្ទែរ (មានច្បាប់អនុញ្ញាត)ផងដែរ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងចម្រុះបានចាប់យកវត្ថុតាង៖ ធ្យូងចំនួន៥,០១៨ ការ៉ុង បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី អនុលោមតាមច្បាប់ស្តីពីព្រៃឈើ។

សូមបញ្ជាក់ថាគេតែងតែសង្កេតឃើញកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប ដែលមាន ឧត្តមសេនីយ៍ ត្រី សឿន សេន ស្នងការរងទទួលផែន តែងតែធ្វើការចុះបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ខណៈជំនាញរដ្ឋបាលព្រៃឈើមិនទាន់មានសកម្មភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ វិច្ឆិកា ២០២៥

តាមរយៈឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែនរដ្ឋបាលខេត្ត​សៀមរាប សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង សម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀត លើវិស័យសក្តានុពលនានា រវាងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការបន្តហោះហើរត្រង់មកកាន់ខេត្តសៀមរាប​ ព្រមទាំងពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការវិស័យផ្សេងៗទៀត ទៅវិញទៅមក ដូចជាការជំរុញនូវវិស័យកសិកម្ម ពាណិជ្ជកម្ម និងការផ្លាស់ប្តូរនានាជាដើម។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ ក៏បានជំរុញឱ្យចំណងមិត្តភាពកម្ពុជា-បារាំង កាន់តែរឹងមាំ ហើយមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងខេត្តអូដឺសែន កាន់តែរីកចម្រើន និងរឹងមាំតរៀងទៅ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន និងជាសមាជិកក្រុមប្រឹក្សាក្រុង Chatenay-Malabry ម្សិលមិញ។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Georges SIFFREDI ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន និងជាសមាជិកក្រុមប្រឹក្សាក្រុង Chatenay-Malabry​ និងមានការអញ្ជេីញចូលរួមពីឯកឧត្តម​ អភិបាលរងខេត្តទទួលបន្ទុក​ លោក​ អភិបាលក្រុង​ ស្រុក​ មន្រ្តីជំនាញពាក់ព័ន្ធ​ និងអង្គការដៃគូរនានាផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ បានសម្តែងនូវអំណរអរគុណចំពោះរដ្ឋបាលខេត្ត អូដឺសែន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនអូដឺសែន ជាពិសេស ឯកឧត្តម Georges SIFFREDI ប្រធានក្រុមប្រឹក្សាខេត្ត និងសហការីទាំងអស់ ដែលតែងតែគាំទ្រ ដល់ដំណើរការ នៃកិច្ចសហប្រតិបត្តិការ និងរួមចំណែកសម្រាប់ការអភិវឌ្ឍខេត្តសៀមរាប ក៏ដូចជាការផ្លាស់ប្តូទៅវិញទៅមករវាងខេត្តទាំងពីរ នាពេលកន្លងមក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page8 Page9 Page10 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!