ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដែលកំពុងតែកែលម្អ ឲ្យប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យនេះ នៅថ្ងៃទី២៩ ខែមីនា ព្រឹកមិញនេះដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះដែរ អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យរៀបចំកែលម្អសណ្ឋាគារមេគង្គនេះ ដោយឈ្មោះ «មន្ទីរពេទ្យមេគង្គកំពង់ចាម» ក្នុងនោះត្រូវមានការរៀបចំបន្ទប់សម្រាប់អ្នកជំងឺ បន្ទប់បុគ្គលិកពេទ្យប្រចាំការ និងរៀបចំបណ្តាញទឹក-ភ្លើងថ្មីឡេីងវិញ ព្រមទាំងសំអាតបរិស្ថានក្នុងអគារ និងទីធ្លាខាងក្រៅឲ្យបានស្អាតល្អ ធ្វើយ៉ាងណាត្រូវប្រែក្លាយសណ្ឋាគារមេគង្គនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យ ប្រកបដោយការជឿនិងទុកចិត្ត សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា បន្ទាប់ពីសម្តេច ហ៊ុន សែន បានណែនាំដល់ រដ្ឋបាលខេត្តកំពង់ចាម ឲ្យយកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យរៀបចំបញ្ជូនពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារមេគង្គនេះ ទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាមវិញ៕SRP
ភ្នំពេញ៖ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ កាសែត យុវជនតេជោ របស់លោក មឿង រដ្ឋា ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លេការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រស្ទឹងច្រាលប៉ុស្តិ៍ផងដែរ។នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP