ខេត្តកំពង់ចាម៖ខេត្តកំពង់ចាម បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។
ការប្រកាសបិទធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ព្រឹកមិញ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកអ៊ុន ចាន់ដា អភិបាលខេត្ត។
លោកអ៊ុន ចាន់ដា បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង សរុបចំនួន៦៨៥,៦២៤ នាក់ ស្មើនឹង ៨៤.៤២% នៃផែនការ ចំនួន ៨១២,១៣២នាក់។ ដោយយុទ្ធនាការកន្លងមកនេះ ចំពោះព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជាបន្តបន្ទាប់ ចាប់ពីដេីមខែមិនា ឆ្នាំ២០២១។ ក្នុងនោះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ទទួលបានការចាក់ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១។ សម្រាប់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ឡើងដល់ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះការចាក់វ៉ាក់សាំង សម្រាប់មនុស្សអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ៩កន្លែង ដើម្បីឲ្យប្រជាពលរដ្ឋ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសពលរដ្ឋ ចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ មកទទួលវ៉ាក់សាំង ក្រោយពីបិទបញ្ចប់យុទ្ធនាការ។
លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់៕SRP