Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៥

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម

គណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង ៧៤៩ម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ រួមនិងតំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មាន។

លោក ខៀវ សត ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ។ សម្រាប់គម្រោងទី១ គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៤៩៩ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងមានក្រួសក្រហមស្មើផ្លូវទាំងសងខាង សាកគម្រោងចំនួន២ ស្លាកសញ្ញាចរាចរណ៍ចំនួន១ ស្ថិតក្នុងភូមិបន្ទាយចាស់ និងភូមិចុងកៅស៊ូ ក្នុងតម្លៃប៉ាន់ស្មាន ២៩៥ ១៥៩ ៦៧៦ រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ពៅ រ៉ាឌីខនស្រ្តាក់សិន ក្នុងតម្លៃប្រមាណ ២៩២ ៧៦៣ ៣០០ រៀល ។

លោក ខៀវ សត បានឱ្យដឹងទៀតថា សម្រាប់គម្រោងទី២ ជាគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២៥៩ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងមានក្រួសក្រហមស្មាផ្លូវសងខាង ស្លាកគម្រោងចំនួន១ ស្ថិតក្នុងភូមិបឹងដូនប៉ា ក្នុងតម្លៃប៉ាន់ស្មាន ២០៧ ០៧០ ៦៥១ រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន អ៊ឹង លីសួរ ក្នុងតម្លៃប្រមាណ ២០៥ ៩៥០ ០០០ រៀល។

ជាមួយនឹងការទទួលបានគម្រោងសាងសង់ផ្លូវខាងលើ តំណាងក្រុមហ៊ុនដែលទទួលបានការម៉ៅការទាំង២ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងធ្វើឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ ស្របទៅតាមគំនូរប្លង់បច្ចេកទេស និងតាមលក្ខខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕SRP

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៥

អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៥២គ្រួសារ ក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង៖ឆ្លើយតបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលករដែលមានជីវភាពខ្វះខាតមកពី៤៦ភូមិ ក្នុងឃុំទាំង៧ នៃស្រុកសំឡូត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក សប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជន។ពិធីនេះប្រារព្ធធ្វើនៅបរិវេណផ្សារសំឡូត ស្ថិតនៅភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងបន្តខិតខំបង្កបង្កើនផលដាំដុះដំណាំរួមផ្សំនានាដើម្បីជួយលើកស្ទួយក៏ដូចជាការពង្រឹងជីវភាពគ្រួសាររៀងៗខ្លួន។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, និងថវិកាមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៥

ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម បានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជាមុខ ដែលបានប្រឹងប្រែងការពារទឹកដី ជួយរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ចាម ដោយមានការសហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព» ដែលពិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រី្តក្រសួងទេសចរណ៍។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា យុទ្ធនាការ ដើរដើម្បីសន្ថិភាពនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ត្រូវនិងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយចាប់ផ្តើមដើរពីវិមានឯករាជ្យ ឆ្ពោះទៅតាមជួរមាត់ទន្លេ ក្រុងកំពង់ចាម មានចម្ងាយជាង ៤គីឡូម៉ែត្រ ក្នុងពិធីដើរដោយថ្មើរជើងនេះ មានអ្នកចូលរួម ចំនួន១០០០នាក់ សមាសភាព អ្នកចូលរួម ឯកឧត្តម អភិបាលខេត្តកំពង់ចាម ឯកឧត្តម រដ្ឋមន្រី្តក្រសួងទេសចរណ៍ មន្រ្តីរាជការជុំវិញខេត្ត សិស្ស និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២០០អង្គ។

ឯកឧត្តម បានបន្តថា យុទ្ធនាការដើរដើម្បីសន្ដិភាពនេះ បងប្អូនប្រជាពលរដ្ឋអាចចូលរួម បានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហរសម្រាប់មនុស្សគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ និងគ្រប់ភេទ។កម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញថា ពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្ដិភាពដ៏ល្អប្រសើរមួយ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ បងប្អូនប្រជាពលរដ្ឋដែលមានផលិតផល ផលិតដោយខ្លួនឯងផ្ទាល់ អាចមកទាក់ទងជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីឲ្យមន្រ្តីពាណិជ្ជកម្មរៀបចំស្ដង់ សម្រាប់ឲ្យដាក់តាំង លក់ផលិតផល ក្នុងព្រឹត្តិការណ៍នេះបានដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៥

សង្កាត់សាលាកំរើក ក្រុងសៀមរាប នឹងសាងសង់ផ្លូវបេតុងអាមេ២ខ្សែទៀត

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៦២៧ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក បានឱ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៥ សង្កាត់សាលាកំរើក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ មានប្រវែង ៦២៧ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ មានគ្រួសធម្មជាតិស្មារផ្លូវទាំងសងខាង គម្រោងចំនួន២ និងស្លាកចរាចរចំនួន២ ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៤៤០ ០៤៦ ៧៤៨ រៀល ដោយមានក្រុមហ៊ុនចំនួន៦ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើ ហ៊ត់ ហេង ក្នុងតម្លៃប្រមាណ ២៨២ ០០០ ០០០ រៀល ។

ជាមួយនឹងការទទួលបានសិទ្ធនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុត្តនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៥

ប្រមុខក្រសួងមហាផ្ទៃ ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ត្រូវថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។

យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតែឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា ជូនមន្ត្រី និងប្រជាពលរដ្ឋ ក្រុងរុនតាឯកតេជោសែន។

សមិទ្ធផលនេះរួមមាន អគារធំទំហំ១៣,៥ គុណ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រីទំហំ៧,២គុណ២៦ម៉ែត្រ អគារផ្ទះបាយ និងកន្លែងហូបបាយទំហំ៥គុណ១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្នទំហំ៥គុណ១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ៧,៤គុណ ១៣,៥ម៉ែត្រ បន្ទប់ទឹកសាធារណៈទំហំ២,៧គុណ ៥,៨ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង២៩១,៥៧គុណ២ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាម១កន្លែង រៀបចំចំណតរថយន្ត១កន្លែង និងដងទង់ជាតិចំនួន១ សាងសង់លើផ្ទៃដីទំហំ ៥ ០០០ម៉ែត្រការ៉េ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ជាមនុញ្ញផលថ្មីមួយទៀត កើតចេញពីមរតកនៃការដឹកនាំប្រកបដោយបទពិសោធឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពូនជ្រុំប្រកបដោយភាពស្វាហាប់ ពីរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភ្ជាប់នឹងអំណរសាទរជាមួយមន្ត្រីនគរបាល និងប្រជាពលរដ្ឋក្រុងថ្មីមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំលោកវរសេនីយ៍អធិការ និងមន្ត្រីនគរបាលចំណុះអធិការដ្ឋាន រួមគ្នាថែទាំសមិទ្ធផលមួយនេះ ហើយខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អដើម្បីកសាងគុណតម្លៃឱ្យអធិការដ្ឋានក្លាយជាកន្លែងផ្ដល់ទំនុកចិត្ត និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការពេញចិត្តចំពោះការរៀបចំកសាងអធិការដ្ឋានថ្មីនេះ ថាមានលក្ខណៈស្តង់ដា មានរចនាបថស័ក្ដិសមសម្រាប់ការបំពេញការងាររបស់មន្ត្រីក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌របស់ជាតិ។ ឯកឧត្តម ក៏បានណែនាំ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ សហការជាមួយអង្គភាពពាក់ព័ន្ធ ពន្លឿនការដោះស្រាយ និងរៀបចំអធិការដ្ឋានក្រុង ស្រុក ខណ្ឌមួយចំនួនឱ្យបានស័ក្ដិសមនៅមុនដំណាច់ឆ្នាំ២០២៨។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការជាមួយខេត្តជាប់ព្រំដែន រួមចំណែករែកពុនដោះស្រាយការស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលនៃការប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់នឹងអំពើឈ្លានពានពីសំណាក់កងទ័ពថៃ។ ឯកឧត្តមចាត់ទុកការងារនេះជាផ្នែកមួយនៃស្មារតីរួបរួមជាតិដ៏រឹងមាំរបស់ខ្មែរ។

ក្នុងចំណោមអនុសាសន៍សំខាន់ៗដែលបានផ្ដល់ជូនទៅកាន់មន្ត្រីពាក់ព័ន្ធនាឱកាសនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើជួញដូរមនុស្ស និងការធានាផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា បន្ថែមលើអំណោយដ៏ថ្លៃថ្លាដូចបានបញ្ជាក់ខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងរុនតែឯកតេជោសែន នូវរថយន្ត Pick up ថ្មីចំនួន១គ្រឿង ព្រមទាំងកុំព្យូទ័រមួយចំនួនទៀត។ ការឧបត្ថម្ភនេះ គឺបន្ថែមលើថវិកា ដែលផ្ដល់ជូនអធិការដ្ឋាន តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជន ដែលបានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលដ៏អធិកអធមនាឱកាសនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page19 Page20 Page21 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!