ខេត្តព្រៃវែង៖អញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ នេះ សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ក្នុងន័យដើមថា«យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។
សម្ដេច ស ខេង បានបន្ថែមថាការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះមិនអាចកាត់ផ្ដាច់បានពីគោលនយោបាយឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ សម្ដេចបន្ថែមថានយោបាយដែលត្រឹមត្រូវគឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិនិងប្រជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។
សម្ដេចនាយករដ្ឋមន្រ្តីស្ដីទីបានបន្តថារាជរដ្ឋាភិបាលនិងគណបក្ស ដែលមានសម្ដេចតេជោជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍របស់ប្រជាពលរដ្ឋដោយសម្ដេចបានបន្ថែមថា« បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»។
សម្ដេចបានបន្តគូសបញ្ជាក់អំពីការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»៕SRP