ខេត្តសៀមរាប៖លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ចាត់ទុកនូវសមិទ្ឋផលនៃផ្លូវមួយខ្សែនេះ ថាពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងណាស់ ក្នុងការរួមចំណែកបម្រើផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសាធារណៈជន ទូទៅ ស្របតាមផែនការរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត។
លោក បន្តថាបញ្ហាផ្លូវជាអាទិភាពចម្បង និងស្របតាមគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ឋ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។ ផ្លូវនេះជាឆ្អឹងខ្នង ជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ជាពិសេសរួមចំណែកលើកស្ទួយជីវភាពរស់នៅនិងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀននិងដឹកជញ្ជូនភោគផលផ្សេងៗផងដែរ។
លោកអភិបាលក្រុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វិកាកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលបានសាងសង់រួចរាល់ហើយនោះ ថាជាចំណងដៃដ៍ថ្លៃថ្លាថ្មីមួយទៀតសម្រាប់អ្នកក្រុងសៀមរាប ហើយសមិទ្ធិផលនោះបានជួយកែលំអរសោភណ្ឌភាពទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃចន្ទនេះ ក្នុងឱកាស សម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែ មានប្រវែង ១,៨៧០ម៉ែត្រ ទទឹង៦ម កម្រាស់0,១៦ម៉ែត្រ រួមនឹងហេដ្ឋារចនាសម្ព័ន្ឋ ដូចជាបំពាក់អំពូលសូឡាតាមដងផ្លូវ លូរំដោះទឹកភ្លៀង និងសមទ្ធផលមួយចំនួនទៀត ដែលចំណាយថវិកាអស់ជាង ៣០ម៉ឺនដុល្លារ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប៕SRP