Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
១៨ តុលា ២០២៥

ឯកឧត្តម ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងបេក្ខជនប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានអំពាវនាវយ៉ាងទទូចដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមបញ្ឈប់ការរើសអើងជាតិសាសន៍ ចំពោះសិស្សដែលមានសញ្ជាតិខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ ដែលកំពុងសិក្សារៀនសូត្រជាមួយយើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា មានប្រសាសន៍ថា បើសិនជាមានសិស្សមានសញ្ជាតិខ្មែរកាត់ថៃ ឬក៏ជាតិថៃសុទ្ធកំពុងសិក្សារៀនសូត្រជាមួយ សូមកុំមានការរើសអើងជាតិសាសន៍គេ ព្រោះជាតិសាសន៍ខ្មែរយើង គឺជាជាតិសាសន៍ថ្លៃថ្នូរ ដូច្នេះសូមយើងកុំធ្វើដូចគេ។ ជាពិសេសអំពាវនាវទៅដល់អ្នកដែលកំពុងប្រកបរបរអាជីវកម្មជាជនជាតិថៃនៅក្នុងខេត្តសៀមរាប សូមមេត្តាបន្តរួមរស់ និងរកស៊ីជាមួយគ្នាដូចដើម ព្រោះយើងធ្លាប់រួមរស់ជាមួយគ្នារកស៊ីជាមួយគ្នារាប់ឆ្នាំ ហើយខ្លះក៏បានកសាងគ្រួសារជាមួយគ្នា ដោយមានស្វាម៉ី និងភរិយាជាជនជាតិខ្មែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជនរួមជាតិទាំងអស់ រួមទាំងសិស្សានុសិស្ស យុវជន យុវនារី ត្រូវចេះស្រឡាញ់ រាប់អាន និងគោរពគ្នាទៅវិញទៅមក ដោយមិនត្រូវយកបញ្ហាពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ដើមកំណើត ឬនិន្នាការនយោបាយ មកធ្វើជាលេសក្នុងការបែងចែក ការរើសអើង ឬការបង្កើតជម្លោះឡើយ។ ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងធ្វើអំពើល្អ សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ស្របតាមមាគ៌ានៃការរួមរស់ដោយសុខដុមនីយកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានសម្តែងការអបអរសាទរយ៉ាងស្មោះ ចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងជាប់ទទួលបាននិទ្ទេស A ចំនួន ២៤៧ នាក់ និងនិទ្ទេស B ចំនួន ៧៥៨ នាក់។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនៗ ធ្វើឲ្យទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លទ្ធផលដែលក្មួយៗទទួលបានពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗ ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខ្នះខ្នែងផ្តល់ការបំពាក់បំប៉នសមត្ថភាពពីតួអង្គពាក់ព័ន្ធ ជាសំខាន់មាតាបិតា និងអាណាព្យាបាល ដែលបានជួយឲ្យពួកគេទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

បើតាម លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១១ ១៦២ នាក់ ស្រី ៦ ៥១៤ នាក់។ ក្នុងនោះសិស្សដែលបានប្រឡងជាប់សរុបចំនួន ៩ ៨១៧ នាក់ ស្រី ៥ ៨៩២ នាក់។ សិស្សទទួលបាននិទ្ទេស A មានចំនួន ២៤៧ នាក់ ស្រី ១៣៥ នាក់, និទ្ទេស B ចំនួន ៧៥៨ នាក់, និទ្ទេស C ចំនួន ២ ៤៣៦ នាក់, និទ្ទេស D ចំនួន ៣ ៧៩៨ នាក់ និងនិទ្ទេស E ចំនួន ១១ ៣៣៩ នាក់៕SRP

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៧ តុលា ២០២៥

បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!

បន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិ រៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង។ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅ និងភូមិសាស្រ្តមានហានិភ័យ ដើម្បីបម្រើបេសកកម្មធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។

ក្រោយចូលកាន់តំណែងជាស្នងការជាង១ឆ្នាំ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ឱ្យដំណើរការ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង បានចំនួន៩គោលដៅរួចជាស្រេចហើយ រួមមាន នៅសង្កាត់ស្រង៉ែ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់គោកចក ចំនួន១ប៉ុស្តិ៍ នៅសង្កាត់សាលាកំរើក ចំនួន២ប៉ុស្តិ៍ នៅសង្កាត់ស្វាយដង្គំ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់ស្លក្រាម ចំនួន២ប៉ុស្តិ៍ នៅឃុំកណ្ដែង ចំនួន១ប៉ុស្តិ៍ និងឃុំចាន់ស ចំនួន១ប៉ុស្តិ៍ ខណៈផែនការបង្ហើយមុនដាច់ឆ្នាំង២០២៥ មាន២ប៉ុស្តិ៍ទៀត គឺនៅប៉ុស្តិ៍អំពិល និងប៉ុស្តិ៍ត្រពាំងធំ។

បើតាមលោកស្នងការ «យើងបានណែនាំកងកម្លាំង ដោយបានធ្វើភារកិច្ចប្រគល់ជូនកងកម្លាំង ដើម្បីឱ្យកងកម្លាំងយើងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនេះ ធ្វើការរៀបចំបែងចែកសកម្មភាព ល្បាត ពួនស្ទាក់ ទប់ស្កាត់បទរាល់ល្មើសនានានៅក្នុងភូមិសាស្ត្រ ជាពិសេស គឺបានត្រៀមចេញអន្តរាគមន៍ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ហិង្សាដែលកើតមាននៅក្នុងតំបន់ប្រចាំការ២៤ម៉ោង គឺចេញទៅដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល»។

លោកស្នងការបន្ថែមថា ការដាក់ឱ្យមានប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ ពេលមានបញ្ហាណាមួយកើតឡើងនោះ ប្រជាពលរដ្ឋអាច ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងដែលមានកងកម្លាំងប្រចាំការនៅទីនោះស្រាប់ ដើម្បីទទួលពាក្យបណ្ដឹង ដោះស្រាយបណ្ដឹង និងត្រៀមចេញអន្តរាគមន៍គ្រប់ពេលវេលា។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកំណត់លក្ខណៈសម្បត្តិ និងភារកិច្ចចំនួន៧ ដល់ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ដូចខាងក្រោម៖

១. ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ត្រូវមានកម្លាំងប្រចាំការចាប់ពី ៤នាក់ឡើង មានវិទ្យុទាក់ទង ដើម្បីស្តាប់ទទួលព័ត៌មាន សេចក្តីរាយការណ៍ទាន់ហេតុការណ៍ផ្សេងៗ ពីប្រជាពលរដ្ឋ ២៤/៧ និងរងចាំទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលត្រូវការសុំជំនួយពីសមត្ថកិច្ច និងត្រៀមចាំអន្តរាគមន៍គ្រប់ពេលវេលា។ រាល់បណ្តឹងដែលទទួលបានត្រូវកត់ចូលសៀវភៅប្រចាំថ្ងៃ ពិនិត្យ និងរាយការណ៍បញ្ជូន ទៅតាមជំនាញ ដើម្បីជំនាញយកចាត់ចែង និងអនុវត្តតាមនីតិវិធី។

២. ត្រូវរៀបចំបែងចែកវេនធ្វើសកម្មភាពចេញល្បាតពួនស្ទាក់ បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជាក់ស្តែង ដែលកើតឡើងនៅក្នុងភូមិសាស្ត្រដែលបានកំណត់ជាក់លាក់ (ប៉ុស្តិ៍ ប្រចាំការអចិន្ត្រៃយ៍លេខ១ លេខ២ និងលេខ៣)។

៣. រាយការណ៍ទៅមន្ត្រីជំនាញ និងចេញអន្តរាគមន៍ជួយការពារកន្លែងកើតហេតុក្នុងករណី មានគ្រោះផ្សេងៗកើតឡើងជាយថាហេតុ (ដូចជាគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គិភ័យ អំពើហិង្សា ។ល។) ដែលកើតមាននៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងការពារថែរក្សា វត្ថុតាងនៅកន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះមុននឹងមន្ត្រីជំនាញទៅដល់កន្លែងកើតហេតុ។

៤. សហការស្ទាក់ចាប់មុខសញ្ញា និងមធ្យោបាយដែលបង្ក ហើយបានបើកបររត់គេចចេញពីកន្លែងកើតហេតុ (ក្នុងករណីមានសេចក្តីរាយការណ៍ សុំកិច្ចអន្តរាគមន៍)។

៥. ត្រូវយកចិត្តទុកដាក់ សហការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌសកម្មភាពក្មេងទំនើង អំពើហិង្សា ការជួញដូរប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ រួមទាំងបទល្មើសផ្សេងៗទៀត ដោយប្រើប្រាស់វិធានការជំនាញ។

៦. ប្រធានវេននីមួយៗ ត្រូវពិនិត្យគ្រប់គ្រងវត្តមានកងកម្លាំង សៀវភៅកំណត់ហេតុ វិទ្យុទាក់ទង និងមានការឆ្លើយតបទាន់ពេលវេលា ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។

៧. វេននីមួយៗត្រូវធ្វើអនាម័យបោសសម្អាតបរិវេណខាងក្នុង និងខាងក្រៅអគារជាប់ជាប្រចាំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៧ តុលា ២០២៥

អភិបាលខេត្តកំពង់ចាម អះអាងថា សួនតេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរ វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា សួន តេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរសំណង់វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ ការថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា សួនតេជោ សន្តិភាព គឺជាការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្រុងកំពង់ចាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដោយមានការពង្រីកផ្លូវ និងការកសាងច្រាំងទន្លេអុំជាបេតុង ធ្វើយ៉ាងណាឱ្យក្នុងទន្លេអុំនេះមានទឹកកម្ពស់យ៉ាងតិច ៣ម៉ែត្រ ដែលយើងអាចនឹងជិះទូកលេងកម្សាន្តបាន ពោលគឺសមិទ្ធផលថ្មីនេះ នឹងចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ២០២៦ខាងមុខនេះ ហើយគ្រោងដាក់សម្ពោធរួមជាមួយនឹង ការពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ស្គន់-កំពង់ចាម ទៀតផង ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមន្ទីររៀបចំដែនដី រដ្ឋបាលក្រុង ស្រុក ត្រូវសហ ការជាមួយរដ្ឋបាលខេត្ត ដែលមានដីបម្រុងទុកសម្រាប់អភិវឌ្ឍន៍ ដោយត្រូវកសាងផែនទីដីរដ្ឋ ចុះ បោះបង្គោល លើកប៉ាណូ នៅទីតាំងដី និងមានវិធានការការពារ ទប់ស្កាត់ការចូលទន្ទ្រាន ពោលគឺ ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយចាត់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ ការសាងសង់ រំលោភលើដីសាធារណៈរបស់រដ្ឋ ការសាងសង់ គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុ ញ្ញាត និងការសាងសង់សំណង់មិនរៀបរយ ដើម្បី ចៀសវាងការប៉ះពាល់ដល់សោភ័ណភាព សុវត្ថិ ភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៤ តុលា ២០២៥

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។

សម្តេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតីបានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។

ក្នុងឱកាសខាងលើ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៣ តុលា ២០២៥

ធ្វើស្គាល់គ្នានិយាយមួយសន្ទុះ សុំខ្ចីម៉ូតូទៅទិញបាយហូបអតមកវិញ

ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង ០៩ៈ៥៨នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះ ជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។

អាវុធហត្ថខេត្តសៀមរាបបានបន្តថា បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥:៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ២០ឆ្នាំ និងម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះ នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច។

ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យម្ចាស់ម៉ូតូធ្វើការផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន ទើបប្រគល់ឲ្យត្រឡប់ទៅវិញ។

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page13 Page14 Page15 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!