Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៣

អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើនទៅមុខ ខណៈ​ដែល​ប្រទេស​ជាតិ​យើង​មានសុខសន្តិភាព។

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​១០០០នាក់​  ក្នុងក្រុងកំពង់ចាម​ នៅថ្ងៃពុធនេះ។

អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ កត្តា​ដែល​នាំ​ឱ្យ​​វិស័យ​អប់រំ​នៅ​ខេត្ត​កំពង់ចាម​​ ​ទទួល​បាន​ជ័យលាភី​ ហើយ​សាលា​ខ្លះ​ក៏​​ក្លាយ​ទៅ​ជា​សាលា​គំរូ​ ​ក្នុង​នោះ​ការងារអប់រំកាយ និងកីឡា​ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង​ ដោយ​ភាព​ជោគជ័យ​ទាំង​នេះ​ គឺ​អាស្រ័យ​លើ​​តួអង្គ​សំខាន់​ៗ​ ចំនួន​៣​ ​ដែល​មាន​ទី​មួយ​គឺ​ តួអង្គ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ ដែល​បាន​ជំរុញ​គាំទ្រ​ដល់​វិស័យ​អប់រំ​​ ​ទីពីរ​គឺ​ តួអង្គ​គ្រូ​បង្រៀន​តែម្ដង​ដែល​បាន​ខិតខំ​បង្ហាត់​បង្រៀន​​ ​និង​ទីបី​គឺ​ តួអង្គ​អាណាព្យាបាល​របស់​សិស្ស​​ ដែល​បាន​ចួលរួម​ក្នុង​ការ​អប់រំ​ ដោយ​មាន​តួអង្គ​ទាំង​៣នេះ​ហើយ​ ទើប​យើង​​ទទួល​បាន​ភាព​រីកចម្រើន​យ៉ាង​ត្រចះត្រចង់​នោះ​។

អភិបាលខេត្ត បាន​បញ្ជាក់​ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធានមនុស្សនេះ ពិតជា​មានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យ​មានការរីកចម្រើន ខណៈ​ដែល​ប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍​។

លោកអ៊ុន ចាន់ដា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សូម​​បន្ត​រួមគ្នា​ការពារសុខសន្តិភាព ឱ្យ​បាន​នៅ​ស្ថិតស្ថេរគង់វង់​ជារៀង​ដរាប​តទៅ​ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​។

បេីតាម​លោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ខេត្តកំពង់ចាម មានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ៦កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់។

ដោយឡែកនៅក្នុងក្រុងកំពង់ចាម មាន​សាលាចំនួន ១៨(វិទ្យាល័យ៦ អនុវិទ្យាល័យ ២/១ឥស្លាម បឋម១១) បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ​ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន ២កន្លែង ដែលមានគ្រូចំនួន ១០១នាក់។​ ចំពោះ​ការងារអប់រំកាយ និងកីឡា ឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង(មាសចំនួន ២៦គ្រឿង, ប្រាក់ចំនួន ២៨គ្រឿង សំរឹទ្ឋចំនួន ៤២គ្រឿង) ក្នុងនោះការប្រកួតកីឡាជាតិលើកទី៣ ទទួលមេដាយសរុបចំនួន ៤៣គ្រឿង(មាស ១២គ្រឿង​ ប្រាក់ ៩គ្រឿង សំរឹទ្ឋ២២គ្រឿង) ដែល​ទទួបានចំណាត់ថ្នាក់លេខ៧ទូទាំងប្រទេស​ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៣

ខេត្តសៀមរាប៖ប្រជាកសិករពីរភូមិ ក្នុងឃុំក្រឡាញ់ ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីអោយពួកគាត់បានប្រើប្រាស់ទាន់ពេលវេលា។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិចំនួនពីរ នៃឃុំក្រឡាញ់ បានធ្វើលិខិតស្នើសុំបង្កើតសហគម ដាក់ម៉ាស៊ីនបូមទឹក នៅលើទីតាំងអូរធំព្រំប្រទល់ភូមិកោះក្របៅ និងភូមិសំពៅលូន ដើម្បីបូមទឹកយកពីស្ទឹង មកប្រើប្រាស់ស្រោចស្រព ស្រែប្រាំង របស់ប្រជាកសិករ ដែលមានដីទំហំប្រមាណ ១២៥ ហិកតា នៅភូមិកោះក្របៅ និងភូមិសំពៅលូន នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សូមជម្រាបថាបន្ទាប់ពីបានដាក់លិខិតស្នើរសុំបង្កើតសហគមន៍ ដាក់ម៉ាស៊ីនបូមទឹកនៅលើទីតាំងអូរធំ នៅរដ្ឋបាលស្រុកក្រឡាញ់ ច្រើនខែមក មិនមានដំណោះស្រាយ ជូនពួកគាត់ ទើបពួកគាត់ទទូចស្នើរសុំ អោយថ្នាក់លើ ជួយដោះស្រាយ អំពីទុក្ខកង្វល់របស់ពួកគាត់ពេលនេះផង។

តំណាងប្រជាពលរដ្ឋក្នុងពីរភូមិ បានរៀបរាប់ថា ច្រើនឆ្នាំកន្លងមក ប្រជាកសិករ ធ្វើស្រែប្រាំង ដោយទិញទឹកស្រោចស្រព ពីរម្ចាស់ទឹកឯកជន ត្រូវបានជួបបញ្ហាប្រឈម យ៉ាងច្រើនដូចជា បូមទឹកដាក់ស្រែប្រាំង មិនគ្រប់គ្រាន់ និងទាន់ពេលវេលា តាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ ជាហេតុ ធ្វើអោយស្រូវថយទិន្នផលយ៉ាងខ្លាំង និងខាតបង់ប្រាក់ដើមយ៉ាងច្រើនជារៀងរាល់ឆ្នាំ។

ករណីនេះពួកគាត់ទទូចស្នើសុំ ទៅថ្នាក់លើ មេត្តាដកសិទ្ធ ពីលោក គិម ធន់ ដែលកំពុងគ្រប់គ្រងផ្តាច់មុខ នៅប្រឡាយទឹករបស់រដ្ឋ អោយមកជាប្រឡាយ ទឹកឯកជនរបស់រដ្ឋ ដើម្បីផ្តល់សិទ្ធិអោយប្រជាពលរដ្ឋ អាចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបូមទឹកដាក់ស្រែប្រាំង បានគ្រប់គ្រាន់ និងទាន់ពេលវេលាតាម តម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ។

សូមបញ្ជាក់ថា៖ រដ្ឋបាលស្រុកក្រឡាញ់ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យ លោក គិម ធន់  ធ្វើការស្តារអូរ-ប្រឡាយចាស់ចំនួន ០១កន្លែង ប្រវែងចំនួន ២,៥០០ម៉ែត្រ និងដាក់លូ ចំនួន ០៣ កន្លែង សម្រាប់ឆ្លងកាត់ ដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន និងភូមិកោះក្របៅ ឃុំក្រឡាញ ដើម្បីបានបងប្អូនប្រជាពលរដ្ឋ ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង និងពេលរដូវវស្សាកាណូត ឬ ទូក, អាចបើកបរឆ្លង កាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឲ្យការស្ដារអូរ-ប្រឡាយចាស់ និងដាក់លូ បានប្រព្រឹត្តទៅមានភាពរលូន និងមិនខុសលក្ខណៈបច្ចេកទេស ខ្ញុំសូមលោកធ្វើការសហការ ជាមួយអាជ្ញាធរឃុំ ការិយាល័យធនធានទឹក និងឧតុនិយមស្រុក និងបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីស្រែនៅជាប់អូរ-ប្រឡាយចាស់ ឲ្យចូលរួមសហការ កុំខាន។

បើទោះជា ទទួលបានការអនុញ្ញាតពីអាជ្ញាធរស្រុកក្រឡាញ់ បែបនេះក្តី ប្រជាពលរដ្ឋ បានអះអាងថា ពួកគាត់នៅតែមិនទទួលបានទឹកសម្រាប់ធ្វើស្រែប្រាំង តាមតម្រូវការរបស់ពួកគាត់ឡើយ៕

ជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋ នេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ ពន្យល់ពីលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ នៅឡើយទេ។ ចំណែកលោក គីម ធន់
ក៏មិនអាចទាក់ទងដើម្បីបំភ្លឺបានឡើយដោយមិនមានលេខទូរស័ព្ទ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២៣

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចាត់ទុកវគ្គបណ្តុះបណ្តាល នេះថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ស្រទាប់យុវវ័យ ដើម្បីទទួលបានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែល្អប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឲ្យកាន់តែមានភាពស្អាត ស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដូចជាផ្លូវថ្នលរុក្ខវិធី និងដងស្ទឹង ដែលសក្តិសម «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយនិរន្តភាព ផងដែរ។

ការលើកឡើងរបស់លោក ទៀ សីហា នៅថ្ងៃអង្គារនេះ
នៅសាកលវិទ្យាល័យ អង្គរ ក្នុងឱកាសដែលរៀបចំបេីកវគ្គបណ្តុះបណ្តាល លើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ”។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡេីងដើម្បីរួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយ វិបត្តិកូវីដ-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូល ជាច្រើន ដោយសារប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ច គ្រួសារ របស់និយោជិក ដែលធ្លាប់បំរើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាត ក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា យុវជនមកពីស្រុក ឃុំ ភូមិនានាក្នុងខេត្តសៀមរាប ចំនួន៣០០នាក់​ នារីចំនួន១៦៩នាក់ បានទទួលបានការបណ្តុះបណ្តាល លើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលសិក្សាពេញម៉ោង រយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើម របស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងមាន ការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ ផងដែរ។

ក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែហើយ៤ខែទៀតជាវគ្គ ហាត់ការតាមមុខជំនាញរៀងៗខ្លួន នៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។ ចំពោះសិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែងនិងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ មានការយាមកាម និង បទបញ្ជាផ្ទៃក្នុង ច្បាស់លាស់ធានាដល់សុវត្ថិភាព និង សុខមាលភាពរបស់សិក្ខាកាមផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងព្រមានថា ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណា ដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការ ទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ មិនត្រូវធ្វើការព្រលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញ ដីតំបន់៣នេះទៀត នោះមច្ឆជាតិនៅបឹងទន្លេសាប នឹងត្រូវបាត់បង់បន្ដិចម្ដងៗ បឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗ ធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ។

លោក សុខ លូ ក៏បានណែនាំដល់អាជ្ញាធរស្រុក ត្រូវធ្វើការបិទប្រកាសផ្សព្វផ្សាយ ព្រំដី ធ្វើការចុះបញ្ជីដីជាប្រព័ន្ធ និងត្រូវអនុវត្តបន្តទៅតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីធ្វើការកែសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់១រួចរាល់ផងដែរ។

អភិបាលខេត្តបាត់ដំបងបានបន្តថា សម្រាប់ដីដែលប្រជាពលរដ្ឋ បានទទួលបានការកាត់ឆ្វៀលនេះ នឹងទទួលបានប័ណ្ណ សម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋ អាស្រ័យផល នៅដីតំបន់២ ហើយក្នុងនោះប្រជាពលរដ្ឋ មិនអាចធ្វើការលក់ដូរទៅអ្នកណាបានទេ ឬជួលអ្វីឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់ប័ណ្ណទទួលមរណភាព។

លោកបានបន្តទៀតថា ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋ បានធ្វើការអាស្រ័យផលយូរមកហើយ និងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ។

អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានធ្វើការគិតគូរដល់ ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣ មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់ លោកសុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដី តំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ បានថ្លែងថា​ ប្រសិនបើ ៥០០ឆ្នាំ យើងមិនមានសង្គ្រាមបែកបាក់ គឺយើងច្បាស់ជាបានទទួលការរីកចម្រើនជឿនលឿនច្រើនជាងនេះ។ ដូច្នេះ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត គឺយើងមានតែរួមគ្នាបន្តកសាងសមិទ្ធផលបន្ថែម និងការពារអ្វីដែលមានក្នុងដៃឱ្យបានគង់វង្ស និងកុំឱ្យធ្លាក់ចូលសារជាថ្មី ទៅក្នុងអន្លង់នៃសង្រ្គាមព្រាត់ប្រាស់ទោះក្នុងតម្លៃណាក៏ដោយ “ការពារសន្តិភាពបាន គឺការពារអាយុជីវិត ការពារឱកាស និងការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង រួមទាំងជំនឿសាសនា”។​

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់​)​ ស្ថិតនៅ​ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅនៅថ្ងៃចន្ទនេះ។

លោកហ៊ុន​ ម៉ាណែត​ បានថ្លែងថា​ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។ ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុពីរយ៉ាង៖ ទី១. ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម, បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ, ទី២. ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាប់រហូតមក។

លោកហ៊ុន​ ម៉ាណែត​ បាន​សង្កត់​ធ្ងន់ថា​ មូលហេតុដែល គណបក្សប្រជាជនកម្ពុជា មានយន្តការក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមកច្រើនបន្ថែមនៅតាមមូលដ្ឋាន គឺដើម្បីរួមកម្លាំងសរុបសម្រាប់ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា និងជួយប្រជាពលរដ្ឋតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាធានាដល់តម្រូវការ និងផលប្រយោជន៍របស់ប្រជាជនពិតជាក់ស្តែងនៅមូលដ្ឋាន ពីព្រោះគោលដៅ និងទិសដៅដ៏ជាក់លាក់មួយរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាមានបាន។ ដូច្នេះ បេសកកម្មដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន, បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជនចំពោះឆន្ទៈឥតងាករេរបស់គណបក្ស ក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន​ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page371 Page372 Page373 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!