ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។
សម្ដេចហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន នៅវិមានសន្តិភាព នៅថ្ងៃសុក្រ នេះ។
ក្នុងជំនួប លោក យ៉ាម៉ាហ្សាគីកូជី បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោក ក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។
លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា លោក បានជួបពិភាក្សាការងារជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ៕SRP