ខេត្តកណ្តាល៖មានការលើកឡើងថាគម្រោងស្តារបឹងបែកក្អម មានទីតាំងនៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលជាគោលនយោបាយសាច់ប្រាក់ពលកម្ម របស់រាជរដ្ឋាភិបាល ត្រូវបានមន្ត្រីទទួលខុសត្រូវលើការងារស្តារបឹងខាងលើនេះ លួចកិបកេងថវិកា របស់រដ្ឋ អស់រាប់លានដុល្លារអាមេរិក ដើម្បីយកទៅចែកគ្នាចាយ យ៉ាងសប្បាយរីករាយ។ ហើយថា គម្រោងនេះ ត្រូវអ្នកទទួលខុសត្រូវលើការងារស្តារបឹងបែកក្អមនេះ បានលក់អាចម៍ដីទៅឲ្យឈ្មួញ ដើម្បីជីកកកាយយកអាចម៍ដីទៅលក់បន្តឲ្យក្រុមហ៊ុនបុរីផ្ទះល្វែង ក្នុងមួយហិកតាៗ មានតម្លៃរាប់ម៉ឺនដុល្លារឯណោះ..។ នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
បឹងបែកក្អម មានទីតាំងនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ហើយមានទំហំជាង ៥០ហិកតា។ ហើយគម្រោងស្ដារបឹងបែកក្អមខាងលើនេះ គ្រប់គ្រងដោយ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម។
យោងតាមប្រភពពីមន្ត្រីក្រសួងធនធានទឹក បញ្ជាក់ថា គម្រោងស្ដារអភិវឌ្ឍន៍បឹងអូរធម្មជាតិ មានទីតាំងនៅស្រុកមុខកំពូល ខេត្តកណ្ដាល របស់រាជរដ្ឋាភិបាលកម្ពុជា គឺមានមិនតិចជាង ២០កន្លែងនោះទេ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ រាតត្បាតនៅទូទាំងប្រទេស ទើបរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងធនធានទឹក លើកជាគម្រោងសាច់ប្រាក់ពលកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ដែលអត់មានការងារធ្វើ ឬរង់ផលប៉ះពាល់ពីជំងឺកូវីដ-១៩ អាចទៅធ្វើពលកម្មជីក ឬកាយដី ស្តារបឹងបែកក្អមនេះ ដើម្បីដូរយកសាច់ប្រាក់សុទ្ធ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ..។ ហើយថា គម្រោងនេះ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល បានចំណាយថវិការាប់លានដុល្លារ ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយអត់ការងារធ្វើ ដោយប្រែក្លាយទៅជា «មានការងារធ្វើ» តាមរយៈ «គម្រោងសាច់ប្រាក់ពលកម្ម» ស្តារបឹងបែកក្អមខាងលើនេះឯង។
ទោះជាបែបនេះក្តី ប្រភពបញ្ជាក់ថា គម្រោងសាច់ប្រាក់ពលកម្ម ស្តារបឹងបែកក្អមនេះ គឺត្រូវបានអ្នកគ្រប់គ្រង ឬកាន់គម្រោងនេះ មិនបានចែករំលែកការងារស្តារបឹងនេះ ជូនប្រជាពលរដ្ឋ ឲ្យមានការងារធ្វើទេ។ ផ្ទុយទៅវិញបែរជា មន្ត្រីគ្រប់គ្រងលើការងារស្តារបឹងបែកក្អមខាងលើ យកគម្រោងស្តារបឹងនេះ ទៅលក់ឲ្យក្រុមហ៊ុន ឬឈ្មួញ ដើម្បីជីកកកាយយកអាចម៍ដី នាំទៅចាក់បំពេញឲ្យក្រុមហ៊ុនបុរី ផ្ទះល្វែង ដោយក្នុងមួយហិកតាមានតម្លៃរាប់ម៉ឺនដុល្លារទៅវិញ?។ ហើយថា ករណីនេះ បានអនុវត្តផ្ទុយពីគម្រោងសាច់ប្រាក់ពលកម្ម ដែលរាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្ត..។
ផ្តើមពីបញ្ហានេះ ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានសំណូមពរដល់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតសកម្មភាពចុះអនុវត្តគម្រោងស្ដារបឹងបែកក្អម របស់លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ថាតើបានអនុវត្តត្រឹមត្រូវដែរឬយ៉ាងណា? ប្រយោជន៍ដើម្បីឈានទៅមានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ។ ត្បិតគម្រោងសាច់ប្រាក់ពលកម្ម នៃការស្តារបឹងបែកក្អម សម្រាប់ផ្ដល់ឳកាសដល់ប្រជាពលរដ្ឋ មានការងារធ្វើ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩រាតត្បាតនេះ បែរជាអ្នកទទួលខុសត្រូវ បានលក់អាចម៍ដីក្នុងបឹងបែកក្អមនេះ ទៅឲ្យឈ្មួញនាំយកគ្រឿងចក្រ ជីកកកាយយកអាចម៍ដី ដឹកយកទៅចាក់បំពេញឲ្យក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែង ដែលជាការអនុវត្តផ្ទុយពីគោលនយោបាយ របស់រាជរដ្ឋាភិបាល បានដាក់ចេញយ៉ាងគឃ្លើនបែបនេះទៅវិញ?។
ជុំវិញករណីនេះ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការងារស្ដារដីបឹងបែកក្អម គឺជាគម្រោងរបស់ថ្នាក់ជាតិ ហើយក៏ត្រូវចំណាយលុយជាតិផងដែរ។ ប៉ុន្តែចំពោះការចំណាយថវិកាអស់ប៉ុន្មាននោះ រូបលោកមិនបានដឹងទេ..។ ហើយចំពោះ ករណីអ្នកគ្រប់គ្រង់គម្រោងស្តារបឹងបែកក្អម បានលក់អាចម៍ដីទៅឲ្យឈ្មួញជីកកាយយកអាចម៍ដី ក្នុងមួយហិកតា មានតម្លៃរាប់ម៉ឺនដុល្លារនោះ គឺមិនពិតទេ។ ប៉ុន្តែបើជាការផ្តល់លុយគុយទាវ ឬកាហ្វេ អាចមាន។
ចំណែកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល លោក អ៊ុក វណ្ណា បានឲ្យអង្គភាពសារព័ត៌មានមួយចំនួនដឹងថា មិនដឹងពីការលក់ដូរអាចម៍ដី នៃគម្រោងស្តារបឹងបែកក្អមនោះទេ។ ហើយថា ការងារស្តារបឹងខាងលើនេះ គឺរូបលោករង់ចាំតែសមិទ្ធផលសម្រេចប៉ុណ្ណោះ។ រីឯរឿងលក់ដូរអាចម៍ដីទៅឲ្យអ្នកនេះ ឬក្រុមហ៊ុននោះ គឺមិនពាក់ព័ន្ធជាមួយលោកឡើយ។
ពាក់ព័ន្ធទៅនឹងការបែកធ្លាយនេះ បណ្ដាញ«សៀមរាបប៉ុស្ដិ៍» នៅមិនទាន់អាចទាក់ទង លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក ដែលជាអ្នកកាន់គម្រោងស្តារបឹងបែកក្អម មានទីតាំងនៅស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីបំភ្លឺលើករណីចោទប្រកាន់ពីភាពមិនប្រក្រតី ផ្តើមចេញពីគម្រោងស្តារបឹងបែកក្អម ខាងលើបានទេ នៅរសៀលថ្ងៃនេះ៕SRP