ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការប៉ូលិសខេត្តសៀមរាប បានឲ្យដឹងថា តាមការស្រាវជ្រាវ មិនមានការផ្ទុះអាវុធនោះទេ ជាការផ្ទុះកំប៉ុងហ្គាសតែប៉ុណ្ណោះ។
លោកភឹង ចិន្តារ៉េត បដិសេធប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះថាមានករណីផ្ទុះអាវុធ ក្នុងជម្លោះដីធ្លីមួយកន្លែង។
លោកភឹង ចិន្តារ៉េត បានបញ្ជាក់ថា កម្លាំងប៉ូលិសព្រហ្មទណ្ឌ របស់លោកបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះតាត គង់ អាយុ៣៦ឆ្នាំមុខរបរកសិករ រស់នៅភូមិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប តាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ ចំណែកដើមបណ្ដឹងឈ្មោះ ស៊ូ ដារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានប្ដឹងឈ្មោះ គិ ផល្លី ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបររកស៊ី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងបក្ខពួកពីបទធ្វើឲ្យខូចខាតដោយចេតនា។
ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថនៅវេលាម៉ោង១០ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ សមត្ថកិច្ចបានទទួលព័ត៌មានថា៖ ចុងចោទឈ្មោះគិ ផល្លី និងឈ្មោះ តាត គង់ បាននាំបក្ខពួក មកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅលើដីរបស់ដើមចោទ ទើបនគរបាលចំនួនពីរនាក់លោកងឹម ម៉េងលឹម និងលោកជា ប៊ុនឡុង បានចុះទៅដល់ធ្វើការស្រាវជ្រាវដោយស្លៀកពាក់ស៊ីវិលមិនមានកាំភ្លើងនៅជាប់និងខ្លួននោះទេ។
ប៉ូលិសបានបញ្ជាក់ថាក្រោយក្រោយពិនិត្យនៅកន្លែងកើតហេតុបានឃើញបង្គោលរបងត្រូវបានវាយបំបាក់ និងផ្ទះប្រក់ស័ង្កសីទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ០១ខ្នង បន្ទប់ទឹកប្រក់ស័ង្កសី១ ត្រូវបានខូចខាតទាំងស្រុងផងដែរ។ ក្នុងនោះចុងចោទនិងអ្នកសារព័ត៌មានជាច្រើននាក់ដែលកំពុងធ្វើការឡាយ(Live) ក៏ចុងចោទនិងអ្នកសារព័ត៌មានបាននាំគ្នាគេចខ្លួន នៅសល់តែឈ្មោះតាត គង់ សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង។
បើតាមសមត្ថកិច្ចបញ្ជាក់ថាឈ្មោះ តាត គង់ បានឆ្លើយសារភាពថាខ្លួននិងបក្សពួកពិតជាបាននាំគ្នាយកកាំបិតដំបងខ្វែវធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរបងផ្ទះនិងបន្ទប់ទឹក នៅលើដីរបស់ឈ្មោះ ស៊ូ ដារ៉ា មានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ពិតប្រាកដមែន។
ឈ្មោះ តាត គង់ បានបន្តថា ពេលដែលនគរបាល ទៅដល់ទីកន្លែងកើតហេតុ លោកពុំឃើញ មានអាវុធ ឬមានការផ្ទុះអាវុធនោះឡើយ។ ទោះជាយ៉ាងណា ករណីនេះសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួន ឈ្មោះ តាត គង់ ទៅតុលាការតាមនីតិវិធីច្បាប់៕SRP