ខេត្តសៀមរាប៖វត្តចំនួន៤ក្នុងក្រុងសៀមរាប រួមមាន៖ វត្តស្វាយដង្គំ. វត្តស្វាយ. វត្តពោធិ៍២ដើម និងវត្តគោកតាឡុន បានទទួលទេយ្យទាន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ការទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ព្រឹកមិញនេះ ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនវស្សា១គូរ , អង្ករចំនួន ១៥០គីឡូក្រាម , មីចំនួន ១០កេស , ត្រីខចំនួន ១០យួរ , ត្រងៀតចំនួន ៣គីឡូក្រាម , សាច់ក្រកចំនួន ៣គីឡូក្រាម , ទឹកត្រីចំនួន ៥យួរ , ទឹកស៊ីអ៊ីវចំនួន ៥យួរ , ទឹកបរិសុទ្ធចំនួន ១០យួរ , ប្រេងឆាចំនួន ៥លីត្រ , ម្សៅស៊ុបខ្នចំនួន ៣គីឡូក្រាម , មីសួចំនួន ៣គីឡូក្រាម , ស្ករសចំនួន ៣គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , តែចំនួន ១គីឡូក្រាម , នំធុងចំនួន ១ធុង , ម៉ាសចំនួន ៣ប្រអប់ , អាកុលចំនួន ៤ដប , ចង្ហាន់ចំនួន ១ស្រាក់ និងបច្ច័យចំនួន ៨សែនរៀល។
លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ ពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោកទៀ សីហា ដែលតែងតែមានការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ គ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផងដែរ។
លោកឧកញ៉ា ហ៊ុយ ភៀវ បានបន្តថាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺនេះ បានបណ្ដាលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូច្នេះការប្រគេនទេយ្យទានដល់ព្រះចៅអធិការនៅតាមបណ្ដាវត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរ និងមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ នៅតាមបណ្ដាវត្តមួយចំនួន ពីសំណាក់លោក ទៀ សីហា ដើម្បីអាចជួយសម្រួល និងដោះស្រាយការលំបាកបានមួយគ្រាផងដែរ៕SRP