Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចេញសរាចរ ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ។ សរាចរនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ភ្នំពេញ៖ក្នុងសារសំឡេងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានបញ្ជាក់ថា យើងចាំបាច់ត្រូវចាក់វ៉ាក់សាំង ដល់កុមារចាប់ពីអាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ព្រោះមានភាពចាំបាច់ដើម្បីការពារកុមាររបស់យើង កុំឱ្យឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។

នាយករដ្ឋមន្ត្រីបន្តថា យើងអត់មានជម្រើសណាល្អជាង ការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ ដូសទី២ សម្រាប់កុមារ ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំនោះទេ ដែលតាមតួលេខនៅទូទាំងប្រទេសមានប្រមាណ ៧០ម៉ឺននាក់។

ក្នុងសារសំឡេងដដែល នាយករដ្ឋមន្ត្រីបានសូមអំពាវនាវចំពោះ មាតាបិតា អាណាព្យាបាល សូមនាំកូនចៅ របស់ខ្លួនទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

នាយករដ្ឋមន្ត្រីក៏សូមឱ្យក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឱ្យកុមារអាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ឱ្យបានឆាប់ ហើយធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានរងការឆាប់ឆេះផ្នែកខាងមុខទាំងស្រុក។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី​ ១៧​ ខែ​ កកុម្ភ: ឆ្នាំ​ ២០២២​ ម៉ោង១ស្ថិតនៅចំណុចផ្សារកណ្តាលខាងជេីង មន្ទីរពេទ្យខេត្តបង្អែកខេត្ត​ ក្នុងភូមិ​ មណ្ឌល១​ សង្កាត់​ ស្វាយដង្គំ​ ក្រុង-ខេត្ត​ សៀមរាប​។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា
ករណីអគ្គីភ័យនេះ បានឆាបឆេះរថយន្តទំនេីប១គ្រឿងម៉ាកLexus Rx350L (ផ្នែកកំបូមុខម៉ាស៊ីន)ពេលកំពុងបេីកបរ។ ម្ចាស់រថយន្ត មានឈ្មោះ​ ឈុន​ ដារ៉ាត់​ ភេទ​ប្រុសអាយុ​១៧ឆ្នាំ​ មានទីលំនៅក្នុងបុរីឌឹព្រីមមៀ ភូមិ​គ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងកិច្ចការជួយសង្គ្រោះ មានរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង និងប្រើប្រាស់ទឹកអស់ ០១រថយន្ដ ហើយមូលហេតុនៃការឆេៈគឺ បណ្ដាលមកពី ឆ្លងអគ្គីសនី។ការខូចខាត:រថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​ របស់​រដ្ឋ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​កាត់ចេញ​ទំហំ​២ ៥៥៤ ០០០​ម៉ែត្រក្រឡា (២៥៥,៤​ហិកតា​) និង​ធ្វើ​អនុ​ប​យោគ ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​ របស់​រដ្ឋ​ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ព្រមទាំង​ប្រទានកម្ម​ជូន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ចំនួន​២​រូប គឺ​ឯកឧត្តម​ឧកញ៉ា កុក អាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយក​ក្រុមហ៊ុន​អាន​កូ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧកញ៉ា ជឹ​ង ធាន​សេង ធ្វើជា​កម្មសិទ្ធិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ។​

ឧកញ៉ា ជឹ​ង ធាន​សេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Five Sibling & NH Co.,Ltd. ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ០០០ ១៦៨​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា សង្កាត់​ពញា​ពន់ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣០​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១។

ឧកញ៉ា កុក អាន អគ្គនាយក​ក្រុមហ៊ុន​អាន​កូ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ៥៥៣ ៨៣២​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ​ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣១​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

ឧកញ៉ា​ កុក អាន ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១៩៥/០៤ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៩៥ និង​លោក ជឹ​ង ធាន​សេង​ ​ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/២៨៥ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ ។

ឧកញ៉ា ជឹ​ង ធាន​សេង ក៏​អតីត​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់​ដែរ អត្តលេខ​០១១៦០៩ ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​(​ស័ក្តិ​៥) និង​ធ្លាប់​កាន់តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង (​ប៉ុន្តែ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ ដោយ​អនុក្រឹត្យ​លេខ​១៦៥៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤) ។​

សូម​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមាន​ឧកញ៉ា ជឹ​ង ធាន​សេង ​ជា​នាយក​ក្រុមហ៊ុន ក៏​ធ្លាប់​ទទួលបាន​ចំណែក​ផ្ទៃដី​បឹងទំពុន ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទំហំ​៣៥​ហិកតា ធ្វើជា​កម្មសិទ្ធិ​ផងដែរ។ គិត​ត្រឹម​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​ទំហំ​ប្រមាណ​១៨ ៣៨២ ៨៦៩,៥ ម៉ែត្រក្រឡា (​ជាង​១ ៨៣៨​ហិកតា​) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជា កា​ត់​ចេញ​ធ្វើ​អនុ​ប​យោគ ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន​ជា​ហូរហែ​ធ្វើជា​កម្មសិទ្ធិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖តារាចម្រៀងដ៏ល្បីល្បាញនៅកម្ពុជា លោកខែមប៊ុនថែ ហៅ(ខេមរៈសិរីមន្ត) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ ជាឧកញ៉ា។ នេះបើតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថាមួយរយៈចុងក្រោយមកនេះ លោកខេមរៈសិរីមន្ត ត្រូវបានគេឃើញរកស៊ីលើវិស័យអចលនទ្រព្យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេច ស ខេង បានមានប្រសាសន៍បន្ដថា អ្នកចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នឹងមានអ្នកចូលរួមជាង៣០០នាក់ ហើយអ្នកចូលរួមទាំងអស់ តម្រូវឱ្យធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯង។

សម្ដេចបានមានប្រសាសន៍បន្ថែមថា បើអ្នកចូលរួមមិនបានធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯងទេ ត្រូវធ្វើតេស្ដ នៅកន្លែងកម្មវិធីផ្ទាល់ ដើម្បីធ្វើយ៉ាងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។

សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាត ត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកមិញនេះ។

សូមជម្រាបជូនផងដែរថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ដោយឡែក នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ដើម្បីមានការអន្តរាគមន៍ បង្រ្កាបបានទាន់ពេលវេលា និងជាពិសេសធ្វើការណែនាំដល់កូនចៅ ឲ្យយល់ឲ្យច្បាស់ អំពីបញ្ហាផលប៉ះពាល់ នានា ដែលបង្កឡើងដោយសារគ្រឿងញៀន ហើយបន្តអប់រំឲ្យយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានជាប់ជាប្រចាំ មិនត្រូវបើកបរពេលស្រវឹង ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរ សូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។

លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់ សូមប្រញាប់ទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូរមីក្រុង កំពុងផ្ទុះឆ្លង និងអាចបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបន្តគោរពតាមគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេ បើសិនជាបានទទួលកការចាក់វ៉ាក់សាំងដល់ដូសជំរុញក៏ដោយ។

មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសលោក
និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត.ក្នុងស្រុកសង្កែ ចំនួន២២០គ្រួសារ មកពីភូមិចំនួន១៩នៃឃុំចំនួន៣នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ដោយក្តីនឹករឭក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជា ពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ ជែល១ដបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ចំពោះប្រើពាក្យសម្ដីរបស់លោក គឹម ហ៊ាង ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់អភិរក្សតំបន់អង្គរ លោក គឹម ហ៊ាងបានចេញលិខិតសូមទោសជាសាធារណៈ។

លិខិតសូមទោសរបស់លោក គឹម ហ៊ាង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបរាប់ថា ខ្លួនកើតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៨០ ។

លោកបានធ្វើជាវាគ្មិនម្នាក់ ក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។

លោករៀបរាប់បន្តថា ក្នុងបទបង្ហាញ និងការវិភាគរបស់ខ្លួនមានរយៈពេលជាង២ម៉ោង ដោយលោកបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប។

លោកទទួលស្គាល់កំហុសខ្លួនថា ការបកស្រាយរបស់លោកពិតជាមានការប៉ះពាល់ ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយដែលបានបង្កើតឡើងដោយអចេតនា ។

លិខិតបញ្ជាក់ថា “ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប”។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ១៧ កុម្ភៈនេះ បានចេញមកថ្កោលទោស និងណែនាំឲ្យលោក គឹម ហ៊ាង ជាអ្នកជំនាញខាងអចលនទ្រព្យ ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសំដីដែលគ្មានទំនួលខុសត្រូវ។

ប្រតិកម្មពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលនិងក្រសួងវប្បធម៌នេះធ្វើឡើងបន្ទាប់ពី លោកគឹម ហ៊ាង និយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺបណ្ដាលមកពីការកំណត់កម្ពស់នៃការសាងសង់សំណង់ និងការអភិរក្សវប្បធម៌ច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖ក្រសួងបានចេញលិខិតថ្កោលទោស លោក គឹម ហ៊ាង ក្រោយប្រើសម្ដី ប៉ះពាល់ដល់ការអភិរក្ស តំបន់អង្គរ និងឱ្យលោក គឹម ហ៊ាង ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសម្ដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញការជួញដូរដីធ្លីក្នុងតំបន់សៀមរាប-អង្គរ ដែលនឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប-អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដោយប្រើប្រាស់សម្ដីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវ យល់ដឹង គ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុង ទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញនៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរអចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អាណាធិបតេយ្យ ក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

ក្រសួងបានសង្កត់ធ្ងន់ៗថា៖ «ពាក្យសម្ដីនេះបានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្ដុំដោយអ្នកជំនាញការជាតិ អន្តរជាតិដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិយើង»។

ក្រសួងវប្បធម៌ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ អ្នកជំនាញការ ទាំងជាតិ អន្តរជាតិ គ្រប់ជំនាន់ ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងការខិតខំការពារបេតិកភណ្ឌវប្បធម៌ជាតិ និងការសង្គ្រោះរមណីយដ្ឋានអង្គរ តាមរយៈការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ដែលមានប្រាសាទ និង បុរាណដ្ឋានជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ហើយដែលកិច្ចខិតខំប្រឹងប្រែងនេះ រាប់ចាប់ពីការអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការយូណេស្កូ ជួយសង្គ្រោះអង្គរ នៅឆ្នាំ១៩៨៩ ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតដល់ការខិតខំបង្កើតលិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នជាតិមួយចំនួនដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានលិខិតបទដ្ឋានជាតិ និងអន្តរជាតិសំខាន់ៗ មួយចំនួនដូចជា៖ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ឆ្នាំ១៩៩៦ ព្រះរាជក្រឹត្យ ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ក្នុងទំហំ៤០១គីឡូម៉ែត្រក្រឡា ដោយការបែងចែកតំបន់ជាប្រាំច្បាប់ស្តីពីសំណង់រហូតដល់ឯកសារប្លង់គោលស្តីពីការប្រើប្រាស់ដីធ្លីខេត្តសៀមរាប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ស្របតាមលក្ខខណ្ឌដែលអង្គការយូណេស្កូកំណត់ និងតម្រូវឱ្យរដ្ឋសមាជិករៀបចំអនុលោមតាមកិច្ចការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា ទាំងអស់នេះសុទ្ធតែបានបង្កើតឡើងដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ទៅលើទិដ្ឋភាពសង្គមសេដ្ឋកិច្ច នយោបាយ និងការទូត ដោយផ្តោតទៅលើកិច្ចការពារបេតិកភណ្ឌវប្បធម៌ មរតកដូនតា ជាពិសេសទៅលើរចនាបទ កម្ពស់ ការរីករាលដាលសំណង់អាណាធិបតេយ្យ ក្នុងតំបន់ការពារ និងតំបន់ជុំវិញ ក្នុងគោលដៅការពារ ថែរក្សា អភិរក្ស អភិវឌ្ឍនិងលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងខេត្តសៀមរាប ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់ការអភិវឌ្ឍមួយដែលរក្សាតុល្យភាពបរិស្ថាន សំណង់ធារាសាស្ត្រព្រៃឈើ រួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងតំបន់សៀមរាប-អង្គរ។

ក្នុងលិខិតដដែល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងចាត់ទុកកិច្ចការពារបេតិកភណ្ឌជាតិជាអាទិភាពចម្បងនោះ នៅក្នុងពិធីខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី-អង្គរ ខាងលើ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ខេត្តសៀមរាប បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៅចំពោះមុខរបស់អគ្គនាយិកាអង្គការយូណេស្កូ ព្រមទាំងសហប្រធានទាំងពីរ នៃអាយស៊ីស៊ី-អង្គរ និងតំណាងបណ្តាប្រទេសដែលជា សមាជិករបស់អាយស៊ីស៊ី-អង្គរ ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ថា «ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! សូមកុំឱ្យមានការញុះញង់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឱ្យទៅរំលោភកាន់កាប់ដីធ្លី ក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌផ្សេងៗទៀត។ ដើម្បីការពារតម្លៃបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីការប្រើប្រាស់វិធានការតឹងរ៉ឹងនានា ទោះជាត្រូវតបស្នងជាមួយនឹងតម្លៃណាមួយក៏ដោយ រាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់វិធានការបង្ការ និងទប់ស្កាត់ដើម្បីបញ្ចៀសឱ្យបាននូវបណ្តាសកម្មភាពខុសច្បាប់ទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃរមណីយដ្ឋានអង្គរ ហើយដែលបណ្តាលឱ្យអង្គរប្រឈមនឹងការបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក»។

ក្រសួងវប្បធម៌ សូមជម្រាបជូនសាធារណមតិ មេត្តាជ្រាបថា ការអភិរក្ស និងអភិវឌ្ឍក្នុងតំបន់បេតិកភណ្ឌពិភពលោក គឺជាយន្តការនៃការរក្សាលំនឹងមួយយ៉ាងប្រុងប្រយ័ត្ន និងត្រូវគោរពជាដាច់ខាតនូវគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ រួមទាំងក្រឹត្យក្រម និងការអនុវត្តនានាដែលមានជាធរមានដើម្បីធានាដល់ការអភិវឌ្ឍមួយប្រកបដោយចីរភាព និងរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងក៏ជាកិត្យានុភាពរបស់ជាតិ និងប្រជាជនកម្ពុជាលើឆាកអន្តរជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ នេះ​ជា​មហា​កិត្តិយស​បំផុត​ ដែលគណៈកម្មការផលិត​ខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទ​ពេញបូណ៌មី”​ បាន​ជ្រើសរើស​យក​ខេត្ត​កំពង់ចាម​ សម្រាប់​ធ្វេីការថត​ខ្សែ​ភាពយន្ត​នេះ​មុន​គេ​។ សង្ឃឹម​ថា​រឿងនិទានបែបប្រវត្តិសាស្ត្រនេះ​ នឹង​បាន​ទស្សនា​នៅ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ក្រុម​ការងារ​ផលិត​រួច​ ហើយ​ខ្សែ​ភាពយន្ត​នេះ​នឹង​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ ឲ្យ​បាន​យល់ដឹង​អំពី​ប្រវត្តិ​តស៊ូ​របស់​ប្រមុខ​ ជាពិសេស​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែល​លោកបាន​ចំណាយ​ពេលវេលា​សឹងតែ​អស់​មួយ​ជីវិត​ ដេីម្បី​ស្វែងរកសន្តិភាព​ជូន​ដល់​ ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​របស់​យេីង​។

លោក​​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍យ៉ាងដូច្នេះ
នៅរសៀល​ថ្ងៃទី​១៦​ ខែកុម្ភ: ម្សិលមិញ ក្នុងឱកាសសួរសុខទុក្ខ ក្រុមការងារផលិតខ្សែភាពយន្ត​ និង​បងប្អូន​សិល្ប: តារា​សម្តែងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​ នៅវត្តកោះគល់ ស្ថិត​ក្នុង​ឃុំកោះរការ ស្រុកកំពង់សៀម​ ព្រមទាំងបាន​ឧបត្ថម្ភ​នូវ​ថវិកា​​ចំនួន​ ​៤០លានរៀល​ផងដែរ​។

បើតាមលោក​ ហ៊ុយ វាសនា សហដឹកនាំរឿង បានឲ្យដឹងថា​ ​ក្នុង​សាច់រឿង កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទពេញបូណ៌មី​ ​ទាំង៥២ភាគ​ គឺខេត្តកំពង់ចាម​ គ្របដណ្ដប់​៧០ទៅ៨០ភាគរយ​ ព្រោះ​​មាន​សំណង់​ផ្ទះ​បូរាណ​ច្រើន​ ដែល​ត្រូវ​តាម​សាច់រឿង​បរិយាកាស​​ នាសម័យកាល​នោះ​។ ដូច្នេះ​ក្រុម​ការងារ​បាន​ចាប់ផ្ដើម​​ផ្តោត​យក​ទីតាំង​ ក្នុង​ខេត្តកំពង់ចាម​ មុន​គេ​​ ក្នុង​នោះ​មាន​ស្រុកកំពង់សៀម​ កងមាស​ និង​ស្រុកកោះសូទិន​ ដោយមាន​តួ​សម្ដែង​​សំខាន់ៗ​​ ជាច្រើន​នាក់​ ក្នុងនោះ​ក៏មាន​តួយុទ្ធជន​ និង​តួ​ប្រជាជន​​ ដែលចាប់​ផ្ដើម​ថត​នៅ​ភូមិកោះគល់​ ឃុំ​កោះរការ​ ស្រុក​កំពង់សៀម​ ពោលគឺ​ត្រូវ​ថត​រយ:ពេល​១០ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​។

គួរ​បញ្ជាក់​ថា​ អនុគណៈកម្មការ ផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទ​ពេញបូណ៌មី”នេះ គឺមាន លោក ហ៊ីម សុទិត្យ​ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿង ជាអនុប្រធាន និងមានទីប្រឹក្សាសមាជិក ចំនួន ១៣នាក់ផ្សេងទៀត​ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗ​ ចំនួន ១០៣នាក់ និងតួប្រជាជនយ៉ាងតិចមានចំនួន ៥០០ នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០ នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកម្សាន្តបុណ្យចូលឆ្នាំជាដើម។ ក្នុងនោះ​ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖កូនប្រុសទី២របស់នាយករដ្ឋមន្ត្រីហ៊ុន សែន លោកហ៊ុន ម៉ានី បានចេញសារប្រតិកម្មទៅនឹងសម្ដី របស់លោកគឹម ហ៊ាង ដែលបាននិយាយពាក់ព័ន្ធទៅនឹងការសាងសង់សំណង់មិនបានច្រើនជាន់នៅក្នុងខេត្តសៀមរាប។

តាមរយៈសារក្នុងផេកfacebookរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថា៖ សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អាជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។

លោកហ៊ុន ម៉ានី បានសរសេរបន្តថា៖ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសម្ដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។

ការប្រតិកម្ម របស់លោកហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីលោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀល អ៊ីស្ទេត KW Cambodia បានលើកឡើងនៅក្នុងឃ្លឹបវីដេអូថា ការកសាងសំណង់នៅក្នុងក្រុងសៀមរាប មិនបានច្រើនជាន់នោះទេ។ ដោយលោកគឹម ហ៊ាង ថា នេះជាចំណុចខ្សោយរបស់ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកទឹកចិត្ត ឲ្យមានការជំរុញ ការវិនិយោគសិង្ហបុរី មកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើល លើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន។​

នាយករដ្ឋមន្ត្រីខ្មែរ ក៏បានថ្លែងអំណរគុណជូនចំពោះ លោក វី វៀន និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីលោកនាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជា ជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានជម្រាបជូន លោកវី វៀន ដែរអំពី គោលបំណងរបស់នាយករដ្ឋមន្ត្រី ក្នុងការធ្វើដំណើរទៅប្រទេស មីយ៉ាន់ម៉ា ដែលរួមមានទី១)​ គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ,ទី២) រកវិធី ផ្ដល់ជំនួយមនុស្សធម៌ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣) គឺបង្កើតនូវការសន្ទនា។

នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភ: ម្សិលមិញ នាឱកាសជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី។

លោកវី វៀន បានថ្លែងអំណរសាទរជូនចំពោះនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។

លោក វី វៀន ក៏បានសម្ដែងនូវអំណរសាទរជូន
កម្ពុជាដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ , នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ។ សិង្ហបុរី ក៏បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page273 Page274 Page275 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×