Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២២

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោកអ៉ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រនេះ។

ការប្រកាសតែងតាំងនេះធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២២

ខេត្តបន្ទាយមានជ័យ៖លោកអ៊ុំ រាត្រី បានថ្លែងថាជាលទ្ធផល នៃកិច្ចប្រជុំស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញ-ចូល មិនទាន់មានការសម្រេចថា បើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេ ពេលនេះរដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ រាយការណ៍ទៅរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីមានគោលការណ៍ពិនិត្យសម្រេច។

លោកថ្លែងបែបនេះ ក្នុងឱកាសជួបប្រជុំគ្នា ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន ច្រកសម្រាប់ដឹកទំនិញចេញ-ចូលនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នៅស្នាក់ការច្រកទ្វារចក្រក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថាភាគីកម្ពុជាដឹកនាំប្រតិភូចូលរួមប្រជុំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ពន្ធ័ អភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។ ចំណែកភាគីថៃដឹកនាំដោយ លោក បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះភាគីទាំងពីរ កម្ពុជា-ថៃ បានជជែកគ្នាផ្តោតលើការពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ពិភាក្សាលើការបើកច្រកបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការ កសាងអគារ ការិយាល័យរដ្ឋបាល ការងារនៃប្រទេសទាំងពីរ ទោះបីជាអគាររដ្ឋបាលកម្ពុជា សម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាល ខេត្តបាត់ដំបង បានលើកឡើងថាសព្វថ្ងៃនេះ មានបញ្ហាប្រឈមមួយចំនួន គឺនៅពេលប្រមូលផលដំណាំនានា ដែលខ្វះការកែច្នៃ ដូចនេះឯកឧត្តម បានស្នើដល់ស្ថានទូតអូស្រ្ដាលី ធ្វើការផ្សព្វផ្សាយដល់វិនិយោគិន ក្នុងប្រទេសអូស្រ្ដាលី ដើម្បីវិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឲ្យកាន់តែច្រើន ក្នុងន័យជួយដល់ប្រជាកសិករ ខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបានច្រើន និងជាពិសេសមានឱកាសក្នុងការនាំចេញផលិតផល កសិកម្មដែលបានកែច្នៃរួច ទៅក្រៅប្រទេស និងជួយបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ នៃប្រទេសអូស្ដ្រាលី ឲ្យមកទស្សនាខេត្តបាត់ដំបង ឲ្យកាន់តែច្រើនឡើង។

លោកបានមានប្រសាសន៍ ថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ដ្រាលី តាមរយៈស្ថានទូតអូស្រ្ដាលី ដែលបានជួយឧបត្ថម្ភគាំទ្រ មានដូចជាផ្នែកសុខាភិបាល ផ្នែកអប់រំ ផ្នែកកសិកម្ម និងពិសេសផ្នែកបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង បើទោះបីជាការដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង មិនទាន់ទទួលបានជោគជ័យ១០០%ក្ដី ប៉ុន្តែក៏បានជួយផ្ដល់ឱកាសដល់ប្រជាកសិករមួយចំនួនធំ អាចធ្វើការដាំដុះនៅលើដីរបស់ខ្លួនដែលបានបោសសំអាតមីនរួច ដោយសុវត្ថិភាព និងលែងភ័យខ្លាច។
លោកក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ដា្រលី ដែលបានផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer មកកាន់ប្រទេសកម្ពុជា និងធុងត្រជាក់សម្រាប់ដាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីអាចធ្វើការដាក់វ៉ាក់សាំងកូវីដ-១៩ និងរក្សាទុកមិនឲ្យខូចគុណភាពវ៉ាក់សាំងផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះនៅរសៀលថ្ងៃព្រហស្បតិ៍ នេះក្នុងឱកាសអនុញ្ញាតទទួលជួបសម្ដែងការគួរសម លោក Andreas Zurbrugg ឯកអគ្គរាជទូតរងនៃស្ថានទូតអូស្ដ្រាលី ប្រចាំប្រទេសកម្ពុជា នៅសាលប្រជុំB1 VIP ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តបាត់ដំបង៖សម្ដេចស ខេង បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ទាំងលើគោកនិងក្នុងទឹក ពិសេសធនធាននៅបឹងទន្លេសាប។ សម្ដេចក៏បានស្នើក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់ការគាំទ្ររដ្ឋបាលខេត្ត ដោយសង្កត់ធ្ងន់ថា បើធ្វើមិនបានល្អទេ នឹងទទួលការរិះគន់ពីអ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់បំផ្លាញផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានចញ្ចើមផ្លូវសម្រាប់ថ្មើជើង រៀបចំកែលម្អរសួនច្បារលើទ្រូងផ្លូវឱ្យបានស្អាតដើម្បីលើកកម្ពស់សោភណ្ឌភាព។ សម្ដេចថាការងារនេះទាមទារការបំផុសចលនាចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទើបទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថាយ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍ នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តបាត់ដំបង៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការដោះស្រាបញ្ហារបស់ប្រជាពលរដ្ឋ សម្ដេចបានផ្ដល់ទស្សនទានដល់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងថា«យើងគួរបើកយុទ្ធនាកាវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែងច្រើនពេក អ៊ីចឹងអាចចុះទៅភូមិ រៀបចំនៅក្រោមដើមឈើ ក្រោមកុដិលោក ឬសាលារៀននាថ្ងៃទំនេរសៅរ៍អាទិត្យ ដើម្បីស្ដាប់សំណើរ សំណូមពរ និងកង្វល់ប្រជាពលរដ្ឋ»។

សម្ដេចបន្តថា«បញ្ហាអ្វីដែលអាចដោះស្រាយបាននៅនឹងកន្លែងត្រូវដោះស្រាយ ហើយត្រូវមានរបាយការណ៍ ដោះស្រាយបានអ្វី នៅសេសសល់អ្វី ហើយសូមថាធ្វើម៉េចកុំឱ្យពលរដ្ឋគាត់ខ្លាច ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថាជាមួយយើង ហើយយើងត្រូវប្រកាន់អកប្បកិរិយាបំរើគាត់ គាត់ជាចៅហ្វាយនាយមិនមែនយើងចុះទៅជាអ្នកធំ គាត់ជាអ្នកតូចតាចនោះទេ»។

សម្ដេចប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានស្នើឱ្យយុទ្ធនាការនេះត្រូវរៀបចំឱ្យបានចប់សព្វគ្រប់នៅពាក់កណ្ដាលខែមេសាឬសប្ដាហ៍ទី៣ខែមេសាឆ្នាំ២០២២ ពោលគឺឱ្យបានមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្ដេចថាការរៀបចំវេទិកាសាធារណៈនេះ ជាការភ្ជាប់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនិងជីវភាពរស់នៅរបស់ពលរដ្ឋ។

សម្ដេចក៏បានបន្តលើកឡើងអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងទំនួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាដំណើរការកែទម្រង់នេះ បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែរាជរដ្ឋាភិបាលមិនដកថយនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានព្រមានថា បេីសិន​ជា​បាន​ដឹង​ថា​ មាន​បុគ្គល​ណា​មួយ​ ដែលរពឹស​ដៃ​ ស្តុក​នូវ​ឯកសារ​ សម្រាប់​បម្រើ​សេវា​សាធារណៈ​​ ដើម្បី​​ចង់បាន​ប្រយោជន៍​ដោះដូរ ជា​ថវិកា​ពី​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ លោក​នឹង​លែង​មាន​ការ​យោគយល់ទៀត​ហេីយ​ ពោលគឺ​លោក​នឹង​ប្រគល់​ទៅ​ឲ្យ​ACU​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែម្ដង​ បេីសិន​ជា​បុគ្គល​នោះ​ នៅតែមិន​ព្រម​ផ្លាស់​ប្រែ​តាម​ការ​អប់រំ​ណែនាំ​។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ ​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​នេះ លោក​ អ៊ុន​ ចាន់ដា​ បាន​លេីកឡេីងថា​ ចំពោះ​ឯកសារ​សម្រាប់​បំពេញ​ជា​សំបុត្រ​កំណើត​ ឬ​សំបុត្រ​បញ្ជាក់​កំណើត​ អាច​មាន​ការ​ខ្វះខាត​មួយ​ពេល​ៗ​ វាជារឿង​ជៀស​​មិន​ផុត​ទេ​ ព្រោះ​សេចក្តី​តម្រូវការ​វា​មាន​ច្រេីន​តាម​កំណើន​របស់​​ប្រជាពលរដ្ឋ​ តែទោះបីជាយ៉ាងណា​ អាជ្ញាធរ​ខិតខំ​ស្នើ​មក​ឲ្យបាន​គ្រប់​ចំនួន​តាម​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន​ ផ្ទុយ​ទៅ​វិញ​បេីសិន​ជា​មាន​បុគ្គល​ណា​មួយ​ ដែលរពឹស​​ដៃ​ ស្តុក​នូវ​ឯកសារ​ ដើម្បី​ចង់​បាន​ប្រយោជន៍​ជា​ថវិកា​នោះ​ គឺ​ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​តែម្ដង​ ប្រសិនជា​មានការអប់រំ​ណែនាំ​មួយ​លេីកជាពីរលេីកហេីយ​ ​តែ​​បុគ្គល​ខិលខូច​នៅតែមិន​ព្រម​ផ្លាស់​ប្រែនោះ​ ។

អភិបាលខេត្តបាន​បញ្ជាក់​ថា​ ដោយសារ​ជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​មន្ត្រី​ បច្ចុប្បន្ន​រដ្ឋបាល​ថ្នាក់ជាតិ​ បាន​ប្រតិភូកម្ម​មុខ​ងារ​មក​ឲ្យ​យើង​ នៅ​ចំពោះ​មុខ​គឺ​យើង​ត្រូវ​ធ្វើការ​​អប់រំ​ណែនាំ​​កែប្រែចំពោះមន្ត្រីដែលប្រព្រឹត្ត ខុសឆ្គង​​ ដើម្បី​ប្រេីប្រាស់​​បន្ត​ទៀត​ យេីង​មិន​មែនធ្វើ​ការ​របៀប​ប៉ះដៃ​យកដៃ​ ប៉ះជេីងយកជេីងនោះទេ​ ​​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ទុក​ឱកាស​ឲ្យ​មន្ត្រី​ខិលខូច​ ធ្វើ​ឲ្យ​ខូច​ដល់​ការ​ដឹកនាំ​របស់​ស្ថាប័ន​រដ្ឋ​ដែរ​។ ​

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៣៣ របស់សាលាខេត្ត។
២ -ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ​ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣​ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូលចំណាយ និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
៤ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌឆ្នាំ២០២៣ របស់សាលាខេត្ត​។
៥ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ស.ស.ស.ក បានចេញលិខិត
អបអរសាទរសូមគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងលិខិតបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន។

ការទទួលសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាសក្ខីភាពទទួលស្គាល់នូវគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំវិស័យព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម រដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អាជ្ញាធរខេត្តសៀមរាប ឲ្យធ្វើការគ្រប់គ្រង តំបន់អភិរក្សធនធានធម្មជាតិ និងព្រៃឈើ និងដោះបញ្ហាដីធ្លី ជូនពលរដ្ឋឱ្យបានលឿន។

សម្តេចទៀ បាញ់ បានបន្តថាដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តការងារនេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវ គោលការណ៍ វិធានការសំខាន់ៗ ដែលដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធដូចជាត្រូវសហការពន្លឿនការដោះស្រាយ ដោយយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លី ដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយនៅលើ ទីតាំងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងតម្របព្រៃនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាព ដើម្បីស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលក្នុងការកាត់ឆ្កៀល និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។

សម្តេចបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងដី រដ្ឋថ្នាក់ខេត្ត សម្តេចបានជំរុញឱ្យរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ សហការជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំកំណត់តំបន់បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ និងដីគម្របព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិនានា ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ។ ហើយនៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះនិងការទាមទារតវ៉ានានានៅមូលដ្ឋាន ត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រាន កាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។ ជាមួយគ្នានេះ ត្រូវណែនាំដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សព្វផ្សាយ ឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួក គាត់ចូលរួមសហការក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិឱ្យបានគង់វង្ស ជាពិសេស គឺព្រៃឈើនៅតំបន់ភ្នំគូលែន ត្រូវតែការពារឱ្យបានព្រោះវាជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសៀមរាប។

សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២របស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តសៀមរាប៖សម្តេចទៀ បាញ់ បានសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួ នាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានដាបន្តបន្ទាប់។ ជាពិសេសការចូលរួម ទប់ ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត សៀមរាប ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញ លើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប នៅសាលសន្និសិទ្ធសណ្ឋាគារសុខាសៀមរាប
នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក៏បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗចំនួន ៨ចំណុច រួមមាន ១-ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ២-ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៣-ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី ៤-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ៥-ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ៦-ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ៧-ការពង្រឹងការអនយវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និង៨-ការពង្រឹងរបៀបរបបការងារ។

បើតាមទៀ សីហា អភិបាលខេត្តបានលើកឡើងថាអាជ្ញាធរខេត្តសៀមរាប បានបន្តថាការដាក់ចេញគោលការណ៍ វិធានការនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ឆ្លើយតបបានចំពោះ ជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសកល ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងការពុះពារជម្នះ ដោះស្រាយ បញ្ហាប្រឈមនានា បណ្ដាលមកពីវិបត្តិជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឲ្យដំណើរការឡើងវិញ ដោយពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន ទៅមុខជាបន្តបន្ទាប់។
ក្នុងបរិបទនៃជំងឺកូវីដ អាជ្ញាធរបានបង្កើនកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំ រក្សាការពារ បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។

យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។

ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៨៧លើក ស្លាប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។

ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត។

សម្តេចស ខេង បានបន្តថា ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ ឃើញថាបញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យា
ស្រ័យដើម្បីការពារសេចក្ដីសុខខ្លួន យើង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋយើង ។

ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ខ្ញុំក៏សូមឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក របស់ សម្តេចតេជោ ហ៊ុន សែន និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖

– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ភ្នំពេញ៖សម្តេចស ខេង បានដាក់ផែនការឲ្យខិតខំដោះស្រាយ បញ្ហាវិវាទ ក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យបានឆាប់ចប់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចស ខេង ដាក់ផែនការបែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយ វិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើលដ៍។

ក្នុងកិច្ចប្រជុំនេះ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា នេះ ម្សិលមិញ សម្តេចស ខេង បានដឹកនាំដើម្បីស្តាប់របាយការណ៍ អំពីការវិវឌ្ឍន៍បាតុកម្មនៅក្រុមហ៊ុន ណាហ្គាវើលដ៍ និងបានពិភាក្សាគ្នាដើម្បីបន្តនីតិវិធីសម្រាប់ការដោះស្រាយ និងប្រមូលផ្តុំទៅលើការបន្តពិភាក្សាចរចាដោះស្រាយបញ្ហានេះ ដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាធរមាន។ សម្តេចស ខេង បានដាក់ផែនការឲ្យខិតខំដោះស្រាយ បញ្ហាវិវាទឲ្យឆាប់ចប់ កុំឲ្យអូសបន្លាយ និងឲ្យកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ ឲ្យជាសះគ្នា។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងស្ថាប័នជំនាញ។ សមាសភាពចូលរួមកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ មានដូចជា :រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអគ្គស្នងការនគរបាលជាតិ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានសាលាដំបូងរាជធានីភ្នំពេញភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តសៀមរាប៖ជនបរទេសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានដេកស្លាប់នៅក្នុងសណ្ឋាគារមួយកន្លែង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧ និង២៧នាទីព្រឹក ថ្ងៃទី០៩​ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ​២០៨​ សណ្ឋាគាររេសុីដិន​ឥណ្ឌូចិន​ដឹអង្គរ ស្ថិតនៅភូមិជន្លង់​ សង្កាត់សាលាកំរេីក​ ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ KARLSSON JAN KENNETH ភេទប្រុស កើតថ្ងៃទី២០-០៣-១៩៦៥ ជនជាតិស៊ុយអែត​ កាន់លិខិតឆ្លងដែនលេខ៩៤៦៧៤១០៦​ មុខរបរ ទេសចរណ៍​ ស្នាក់នៅ​ទីតាំងកើតហេតុខាងលើ។

តាមការសាកសួរឈ្មោះ​ សយ​ មុំ​ ភេទស្រី​ អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ ត្រូវជាមិត្តស្រី​ជនរងគ្រោះ​ បានអោយដឹងថា នៅវេលាម៉ោងប្រហែល​៧:០០នាទី​ព្រឹក​ ថ្ងៃទី​០៩​ -០៣-២០២២​ ពេលខ្លួនភ្ញាក់ឡើង ក៏ឃេីញជនរងគ្រោះដេកត្រង់ស្តូក​ មិនមានដង្ហេីម ភ្លាមៗនោះខ្លួនក៏បានស្រែកហៅបុគ្គលិក​សណ្ឋាគារ​ អោយជួយមេីល​និងជួយហៅគ្រូពេទ្យ​ នៅមន្ទីរសម្រាកព្យាបាលនាគទេព មកជួយពិនិត្យ​ ពេលមកដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ហេីយ។

តាមការស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា
មូលហេតុ  ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ សាកសពរៀបចំបញ្ជូនទៅតម្កល់ទុក​បណ្តោះ​អាសន្ននៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page265 Page266 Page267 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×