ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យរួមគ្នា ថែរក្សាសុខសន្តិភាពទាំងអស់គ្នា ដើម្បីបន្តធ្វើការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ សម្បូរ សប្បាយរុងរឿងបន្តទៅទៀត។
ថ្លែងបែបនេះក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តឥន្ទកោសី ហៅវត្តកោះជ្រូក ស្ថិតក្នុងភូមិទី១៣ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅថ្ងៃសៅរ៍នេះ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ នឹងធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។ ជាក់ស្ដែងនៅក្នុងថ្ងៃនេះ សមិទ្ធផលដែលសាងសង់រួច ក្នុងទីអារាមឥន្ទកោសី ហៅវត្តកោះជ្រូក ដែលមានតម្លៃប្រមាណជា ៥៣ ម៉ឺនដុល្លារអាមេរិច ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
អភិបាលខេត្បានបញ្ជាក់ថា សមិទ្ធផលខាងលើនោះ គឺផ្ដើមចេញដោយកត្តាប្រទេសជាតិ មានសុខ សន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋ យើងមានឱកាសគ្រប់គ្រាន់ ក្នុងការរកទទួលទានមានបាន មានជីវភាពធូរធារ ទើបធ្វើឱ្យមានថវិកា ដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា យកមកកសាងសមិទ្ធផលទាំងឡាយដូចជាការចាក់ដីក្នុងទីធ្លាវត្ត , ជួសជុលព្រះវិហារ, កសាងឈាបនដ្ឋាន , កសាងដងទង់ និងឧប្បដ្ឋានសាលា ។ល។ដែលមានតម្លៃរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារអាមេរិកដូចពេលនេះ។
លោកបានសង្កត់ធ្ងន់ថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឲ្យប្រទេសជាតិយើង មានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ៕SRP


