ខេត្តសៀមរាប៖បែកធ្លាយ ភាពមិនប្រក្រតី របស់មីក្រូហិរញ្ញវត្ថុ មួយនៅក្រុងសៀមរាប ឈ្មោះ(CMK)។ នេះបើយោងតាមការបង្ហោះផ្សព្វផ្សាយតាមហ្វេសប៊ុករបស់លោកផ្លុង រ៉េត ចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាសុវណ្ណភូមិ។
លោកផ្លុង រ៉េត ចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នៅល្ងាចថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២២ ម្សិលមិញ បានបើកបង្ហោះថា៖ សូមរាយការណ៍: សូមលោកប្រធានធនាគារជាតិខេត្តសៀមរាប មេត្តាសិក្សាស្រាវជ្រាវអំពីមីក្រូហិរញ្ញវត្ថុមួយនេះ (CMK) កំពុងតែគេងបន្លំអតិថិជនរបស់ខ្លួន យ៉ាងធ្ងន់ធ្ងរបំផុត។ អាសយដ្ឋានគឺនៅខាងលិចគល់ស្ពានវត្តរាជបូព៌ ជាប់ធនាគារអេអិនហ្សិតរ៉ូយ៉ាល។ ព័ត៌មានបឋម
នៅព្រឹកថ្ងៃទី ៤ខែឧសភានេះ លោកផ្លុង រ៉េត បានបង្ហោះសារបន្ថែមទៀតថា៖ មីក្រូហិរញ្ញវត្ថុឈ្មោះ CMK នៅខាងលិចគល់ស្ពានវត្តបូព៌ ជាប់ធនាគារអេអិនហ្សិតរ៉ូយ៉ាល់ បង្ខំឲ្យអតិថិជនរបស់ខ្លួនបង់ប្រាក់ពិន័យជាង 1 ពាន់ដុល្លារ ខុសពីលក្ខន្តិកៈនៅក្នុងកិច្ចសន្យាខ្ចីប្រាក់។
ជនរងគ្រោះបានពឹងពាក់ឱ្យខ្ញុំបាទ ផ្លុង រ៉េត ទៅជួយដោះស្រាយជាមួយនឹងធនាគារខាងលើនេះ ទើបចុងក្រោយធនាគារនេះព្រមធ្វើការបន្ធូរបន្ថយ។ បើយោងតាមកិច្ចសន្យាខ្ចីប្រាក់ដែលខ្ញុំបាទទទួលបាន គ្មានចំណុចខ្វះខាតណាមួយដែលអតិថិជនត្រូវបង់ប្រាក់ពិន័យនោះទេ។
អ្វីដែលខ្ញុំសរសេរបង្ហោះនេះ គ្មានចេតនាធ្វើឱ្យធនាគារមួយនេះខូចកិត្តិយសនោះទេ តែវាគ្រាន់តែជាការព្រមាន ថ្ងៃក្រោយកុំឲ្យជិះជាន់គាបសង្កត់ ទារប្រាក់ពិន័យពីអតិថិជន ខុសពីកិច្ចសន្យាខ្ចីប្រាក់។
សំណួរសួរថា តើមានអតិថិជនប៉ុន្មាននាក់កន្លងទៅហើយ ដែលធនាគារមួយនេះបង្ខំទារប្រាក់ពិន័យ ខុសពីកិច្ចសន្យាខ្ចីប្រាក់?
សូមលោកប្រធានធនាគារជាតិខេត្តសៀមរាប សិក្សាស្រាវជ្រាវអំពីធនាគារ CMK ខាងលើនេះផង។ ដោយ: ផ្លុងរ៉េត
ជុំវិញការលើកឡើងបែបនេះ អង្គភាពសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមីក្រូហិរញ្ញវត្ថុឈ្មោះ CMK នៅឡើយទេ រហូតដល់ម៉ោង១២ ជាងនេះ៕SRP