Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២២

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាប បានឲ្យដឹងថា៖ តាមការសាកសួរបំភ្លឺឈ្មោះហ៊ុន គីមហេង ភេទប្រុសអាយុ 14 ឆ្នាំទៅជាបងរបស់ឈ្មោះ ហ៑ុន វិសាលភេទប្រុសអាយុ 9ឆ្នាំ បានឆ្លើយបំភ្លឺថា៖ មិនមែនជាករណីចាប់ជំរិត ឬក៏ចាប់ចូលក្នុងឡានទេជាការគេចចេញពីផ្ទះ។ ដោយក្នុងថ្ងៃទី 12 ខែឧសភាឆ្នាំ 2022 ពេលព្រឹកឈ្មោះហ៊ុន គីមហេង បានបោកកូនជ្រូកបានប្រាក់ប្រាំបីម៉ឺនប្រាំពាន់រៀលនិងបានលក់កង់បានមួយម៉ឺនរៀល ទៅទិញសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរឈ្មោះ សុ គាន់នៅមុខបុរីសៀងណាំទាំងពីរនាក់តម្លៃ 25000រៀល ជិះទៅក្រុងភ្នំពេញ ហើយចំពោះទូរស័ព្ទបានដោះស៊ីម ក្រវាត់ចោល មិនបានលក់ឬបាត់ទៅណាទេ។ ពេលដល់រាជធានីភ្នំពេញយប់ទីមួយ ក្នុងថ្ងៃទី 12 ខែឧសភាដេក នៅក្នុងវត្តមិនស្គាល់ឈ្មោះ។ -យប់ទី 2 ក្នុងថ្ងៃទី 13 ដេកនៅជិតរូបសំណាក់សម្ដេចតា ។ -យប់ទី 3 និងទី 4 ថ្ងៃទី១៤,១៥ ដេកនៅក្រោមស្ពានមិនស្គាល់ឈ្មោះ។ ចំពោះពេលថ្ងៃឈ្មោះហ៊ុន គីមហេង ដើររកសុំការងារគេធ្វើ។

សូមបញ្ជាក់មូលហេតុដែលគេចចេញពីផ្ទះដោយឈ្មោះហ៊ុន គីមហេង រៀនអត់ចេះហើយប្រលងធ្លាក់ខ្លាចឪពុកម្ដាយស្ដីបន្ទោសក៏នាំប្អូនគេចេញពីផ្ទះ។ ចំពោះ ការបំភ្លឺ មានការចូលរួម ពីឪពុកម្ដាយ និងលោកមេភូមិផងដែរ។

នេះបើយោងតាមរបាយការណ៍ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបានពីលោកភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប នៅយប់ថ្ងៃទី 16 ឧសភានេះ ឆ្នាំ២០២២នេះ។

សូមជម្រាបថា ក្មេងទាំងពីរនាក់ត្រូវបាន រកឃើញនៅព្រឹកថ្ងៃទី 16 ខែឧសភា វេលាម៉ោង 6:30 ព្រឹកនាទីនៅ ចំណុចកោះពេជ្រសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ហើយផ្ទះបានមកដល់ខេត្តសៀមរាប ម៉ោង៤រសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២២

ខេត្តបាត់ដំបង៖សម្តេច ស ខេង បានថ្លែងថាទីណាមានការឈ្លានពាន មានការជិះជាន់ កាប់សម្លាប់ ទីនោះត្រូវ តែមាន ការតស៊ូ រើបម្រាស់ដាច់ខាត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃចន្ទ នេះ ក្នុងពិធីសំណេះសំណាល ជាមួយនិវត្តន៍ជនស៊ីវិលចំនួន១៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ១៤៤៧នាក់ ខេត្តបាត់ដំបង។

សម្តេចស ខេង មានប្រសាសន៍ថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលបត់បែនជាប្រវត្តិសាស្ត្រជាច្រើន និងបានទទួលរងនូវមហាវិនាសកម្ម បំផ្លិចបំផ្លាញជាតិ ទុក្ខសោកដោយ អំពើរំលោភឈ្លានពានពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្តបន្ទាប់ ដោយ ឡែកក្នុងរបប០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ប៉ុលពតបានធ្វើឱ្យកម្ពុជា វិនាសហិនហោច ខ្ទេចខ្ទី ទាំងសេដ្ឋកិច្ច សង្គមកិច្ច ទាំងវប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។ល។ ប្រជាជន កម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវទទួលរងនូវទារុណកម្មលើសសត្វធាតុ បង្អត់អាហារ បង្ខំឱ្យធ្វើការជាទម្ងន់ទាំងថ្ងៃទាំងយប់ និងត្រូវបានកាប់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យគ្រប់ ក្រុមគ្រួសារត្រូវរងទុក្ខ វិនាស បែកបាក់ ព្រាត់ប្រាស់ និងឈឺចាប់ខ្លោចផ្សារគ្មានអ្វីប្រៀបផ្ទឹម។ ការទទួលរងទុក្ខបុកម្នេញ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះហើយ ទើបមានចលនា តស៊ូ រណសិរ្ស២ធ្នូ ១៩៧៨ បានចាប់បដិសន្ធិឡើង ដើម្បីផ្តួលរំលំរបបដ៏សែនយង់ឃ្នងនេះ តាមរយៈការធ្វើចលនាតស៊ូរំដោះជាតិ រំដោះអាយុជីវិតទាំងអស់នេះហើយ ដែលបានបន្សល់ទុកកេរមរតកដ៏ថ្លៃថ្ល ជាសច្ចធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះគឺថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ ដែលជាការបើកនូវទំព័រសករាជថ្មីនៃកម្ពុជា។ វិនាសកម្មដែល បន្សល់ពីរបបដ៏សាហាវ និងសង្គ្រាមអូសបន្លាយជិតពីរទសវត្សបានបន្សល់ ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងការបែកបាក់ ព្រាត់ប្រាស់គ្រួសារ ជាច្រើនរាប់មិនអស់។

សម្តេច បានលើកឡើងថា ពិតមែនតែប្រទេសជាតិត្រូវបានរំដោះ និងប្រជាជន បានរស់រានឡើងវិញក៏ដោយ ក៏ប្រទេសជាតិនាពេលនោះស្ថិតក្នុងស្ថានភាព មានសន្តិភាពផង និងសង្គ្រាមស៊ីវិលផង ដែលជាដំណាក់កាលត្រូវការពារស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅ លើកកម្ពស់សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ។

សម្តេច ស ខេង មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមក ក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវ សុខសន្តិភាពមានស្ថិរភាពនយោបាយពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សម្តេចស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តគោលនយោបាយលើកស្ទួយវិស័យ និវត្តជនស៊ីវិល និងនិវត្តន៍ជន អតីតយុទ្ធជន រួមមានៈការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំង ៣ល្អ, ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីត យុទ្ធជនតាមមូលដ្ឋាន, ការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។

សម្តេច មានប្រសាសន៍បញ្ជាក់បន្តថា បងប្អូននិវត្តន៍ជន និងអតីតយុទ្ធជន ដែលបានមានវត្តមាននៅទីនេះក្តី មិនមានវត្តមាននៅទីនេះក្តី គឺសុទ្ធជាអ្នកដែលបានចូលរួមចំណែកដើម្បីបញ្ចប់សង្គ្រាម ឬក៏ថាដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ហើយឈានទៅបញ្ចប់សង្គ្រាម តាមបន្ទាត់នយោបាយ ឬក៏តាមគោលការណ៍ ឆន្ទៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេច បញ្ជាក់បន្ថែមថា ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានដួលរលំ នៅឆ្នាំ១៩៧៩ កម្លាំងដែលនៅសេសសល់ បានទៅប្រមូលផ្តុំដើម្បីតស៊ូប្រឆាំងនិងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ប៉ុនប៉ងនាំរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញ បងប្អូននិវត្តន៍ និងអតីតយុទ្ធជន ទាំងអស់ដែលបានសម្រេចចិត្ត ដើម្បីចូលរួមតស៊ូ ក្នុងការទប់ស្កាត់ប្រឆាំង និងការវិលត្រឡប់មកវិញ នៃរបបប៉ុលពត របបប្រល័យពូជសាសន៍ ហើយនិងចូលរួមដើម្បីបញ្ចប់សង្គ្រាម កសាងសន្តិភាព នោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយក៏បញ្ជាក់អំពីទឹកចិត្តឧត្តមគតិស្នេហាជាតិ ច្បាស់លាស់របស់បងប្អូន ហើយអាចនិយាយបានថាអ្វីៗ ដែលយើងមានសព្វថ្ងៃនេះគឺមិនបានកាត់ថ្លៃបាននូវគុណនូវសក្ការរបស់អស់លោក លោកស្រី ដែលជាមន្ត្រីចូលនិវត្តន៍ ហើយជាអតីតយុទ្ធជននោះទេ។

សម្តេច បន្តថា យើងប្រើពាក្យថាអតីយុទ្ធជន មានន័យថាបងប្អូនយុទ្ធជនខ្លះដែលគាត់មិនទាន់ចូលនិវត្តន៍ ប៉ុន្ដែដោយសារពិការ បាត់បង់ កាយសម្បទាវិជ្ជាជីវៈ អ៊ីចឹងហើយគាត់មិនអាច បន្តធ្វើជាយុទ្ធជនកងទ័ព ឬក៏ជានគរបាលបានទៀតទេ ត្រូវសម្រាក នេះហើយដែលយើងហៅថាអតីតយុទ្ធជន ប៉ុន្តែវាខុសពី យោធាចូលនិវត្តន៍ បានន័យថាគាត់នៅមានកាយសម្បទាគ្រប់គ្រាន់តែអាយុរបស់គាត់ដល់ឆ្នាំដែលត្រូវចូលនិវត្តន៍ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរមានមន្ត្រីរាជការស៊ីវិលខ្លះដែលគាត់បាត់បង់សមត្ថភាពលកម្ម កាយសម្បទាវិជ្ជាជីវៈ ក៏សម្រាកមុនពេលចូលនិវត្តន៍ អ្នកមួយចំនួនទៀតចូលនិវត្តន៍ ប៉ុន្តែទាំងអស់នេះ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជន គឺមិនបានបោះបង់ចោលទេ គឺបានយកចិត្តទុកដាក់ដើម្បីជួយសម្រាល នូវការលំបាកក្នុងជីវភាពបងប្អូនពីព្រោះថា នេះជាការនឹកគុណដល់អ្នកដែលបានចូលរួមចំណែក ក្នុងបុព្វហេតុជាតិ ចឹងហើយបានខ្ញុំបញ្ជាក់អម្បាញ់មិញថាសមិទ្ធផលដែលយើងមានថ្ងៃនេះគឺមិនអាច មិនរំឭកដល់គុណបំណាច់របស់អស់លោក លោកស្រីទាំងអស់នោះបានទេ នេះគឺជាសច្ចធម៌ជាក់ស្តែង អ៊ីចឹងហើយបានជាការឆ្លើយតប រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន ត្រូវតែយកចិត្ត ទុកដាក់ដើម្បីដោះស្រាយ កន្លងទៅ ក៏ដូចបច្ចុប្បន្ននេះ យើងមានគណៈកម្មការ ឬមានយន្តការនានាជាច្រើន ដើម្បីនឹងជួយដោះស្រាយបញ្ហានេះ ហើយហ្នឹងយើងបន្តធ្វើបញ្ហានេះ តទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២២

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យរយៈពេលពីរថ្ងៃ គឺថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២។

ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋអាមេរិកបានជួបពិភាក្សាការងារជាច្រើន និងការពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

ថ្នាក់ដឹកនាំអាស៊ាន- សហរដ្ឋអាមេរិក ក៏បានជជែកពិភាក្សាស្តីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព និង ការពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន -សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២២

ភ្នំពេញ​៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)​ បានមានប្រសាសន៍បញ្ជាក់ថា​ ប្រទេសកម្ពុជា ជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព​ និងទទួលបានចំណាត់ថ្នាក់ទី២​ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះមិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយទទួលបានប្រសិទ្ធភាពក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួនមិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋតាមរយ:ការអនុវត្តជាក់ស្ដែង នៅតាមគោលដៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩​ ដោយមានការចូលរួមពីសប្បុរសជន កងកម្លាំង អាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធធ្វើឱ្យយើងទទួលបានភាពជោគជ័យមកដល់ពេលនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណ ក្រុមការងារ សប្បុរសជនកងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ការចូលរួមចំណែកនេះបានធ្វើឱ្យប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព។

ការបញ្ជាក់នេះ​ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយគ្រូពេទ្យសម្ដេចតេជោប្រឆាំង-១៩ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌អន្តរជាតិជ្រោយចង្វារ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២២

ភ្នំពេញ៖យោងទៅតាមកម្មវិធីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១៦:៣០នាទី ល្ងាច ថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២។

សូមជម្រាបថានៅព្រឹកម៉ោងប្រមាណជា៨និង០០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង១៩.០០នាទី យប់ (ម៉ោងនៅភ្នំពេញ) ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីសណ្ឋាគារ Willard Intercontinental ឆ្ពោះមកកាន់អាកាសយានដ្ឋាន Joint Base Andrews ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដោយជោគជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែ ឧសភា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២២

ខេត្តសៀមរាប៖លោកនេន មួយអង្គសង្ស័យពាក់ព័ន្ធ គាស់ទ្វារបន្ទប់លោកគ្រូចៅអធិការវត្តល្អក់យកលុយជិត២ម៉ឺនដុល្លារ បានចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី ១៣ខែ ឧសភា ឆ្នាំ២០២២ កម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការខេត្តសៀមរាប និងនគរបាលស្រុកប្រាសាទបាគង។

ជនសង្ស័យមានឈ្មោះតឹក សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះតឹក សំណាង បាន សូមបដិសេធ មិនបានលួចយកនោះទេ។

តាមការបំភ្លឺរបស់សាក្សី នៅកន្លែងកើតហេតុ ជាច្រើនអង្គ និងពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យឈ្មោះតឹក សំណាង ពិតជាជាប់ពាក់ព័ន្ធលួចគាស់ទ្វារកុដ្ឋ បន្ទប់លោកគ្រូចៅអធិការវត្តល្អក់។

ជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សម្រេចបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថាករណី គាស់ទ្វារកុដ្ឋ បន្ទប់លោកគ្រូចៅអធិការវត្តល្អក់ យកលុយជិត២ម៉ឺនដុល្លារនេះនៅថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងវត្តល្អក់ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២២

ខេត្តសៀមរាប៖មន្ត្រីប៉ូលិសខេត្តសៀមរាប បានអះអាងថាមិនមានករណីចាប់ក្មេងដាក់ចូលរថយន្តនៅក្នុងខេត្តសៀមរាប នោះទេ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិស ខេត្តសៀមរាប ចុះស៊ើបអង្កេត ស្រាវជ្រាវ ដល់ផ្ទះ ក្រុមគ្រួសារឪពុកម្ដាយក្មេងទាំងពីរនាក់ដែលបាត់។

ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការប៉ូលិសខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានថ្លែងថាបន្ទាប់ពីឃើញនូវការ បង្ហោះ facebook «ចាប់មនុស្សដាក់ឡាន» នគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេត ជាមួយគ្រួសាររងគ្រោះ។

គ្រួសាររងគ្រោះ បានប្រាប់ប៉ូលិសថា គាត់ផុសហ្វេសប៊ុកបែបនេះ គឺដើម្បីយកចំណាប់អារម្មណ៍ដើម្បីឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍តែប៉ុណ្ណោះ។

លោក ភឹង ចិន្តារ៉េត ថ្លែងបន្តថាកូនជ្រូក ដែលម្ដាយសន្សំលុយត្រូវបានកូនវាយបំបែកយកលុយអស់ ចំណែកខោអាវរបស់កូនៗក៏បាត់អស់មួយចំនួនផងដែរ។

បើតាមលោក ភឹង ចិន្តារ៉េត សមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីចាប់ក្មេងដាក់ឡាន នោះទេអាចក្មេងរត់ចេញពីផ្ទះ ព្រោះម្ដាយរបស់ក្មេង តែងតែអប់រំ និងវាយពួកគេជាញឹកញាប់ ទើបពួកគេរត់បែបនេះ។ ទោះជាយ៉ាងណានគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកក្មេងទាំងទាំងពីរនាក់នេះ។

ប៉ូលិសស្រុកប្រាសាទបាគងឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រោយទទួលព័ត៌មានពី ឈ្មោះប៉ិច សុខេន ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាម្ដាយក្មេងរងគ្រោះ បានរាយការណ៍ថា៖
ជាទម្លាប់កូនប្រុសទាំង២នាក់ ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ ម៉ោង៦.០០នាទី បានចេញទៅរៀន នៅសាលាអនុវិទ្យាល័យធ្លកអណ្ដូង ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លរក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប ហើយតែងតែមកដល់ផ្ទះនៅម៉ោង១២.៣០នាទី លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២  វេលាម៉ោង៦.០០នាទី កូនរបស់គាត់ទាំង២នាក់ បានចេញទៅរៀនតាមទម្លាប់ ដូចរាល់ដង ដោយឌុបគ្នា ជាមួយបងប្អូន ហើយរហូតដល់ម៉ោងជិត១ថ្ងៃ ស្រាប់តែមិនឃើញកូនមក គាត់ក៏បានទូរស័ព្ទទៅកូន តែមិនចូល ដោយប្លែកព្រោះរាល់ដងកូនគាត់មិនដែលបិតទូរស័ព្ទទេ។ ម្ដាយបន្តថាគាត់បានទូរស័ព្ទសួរបងប្អូនថា តែអត់ឃើញ ទើបគាត់និងប្ដីបងប្អូននាំគ្នាដើររកតែដើរកមិនឃើញរហូតមកដល់ថ្ងៃនេះ។ ខាងក្រោមនេះលេខទូរស័ព្ទកូនដែលបាត់មានលេខ ០៦៩ ៦១៣៧០៦៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២២

ខេត្តព្រៃវែង៖សម្ដេច ស ខេង បានណែនាំឲ្យ គណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការ ដោះស្រាយបញ្ហា ឲ្យបញ្ហាប្រឈម ចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព។

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សម្ដេច ស ខេង បានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេច បានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា និងបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បំរើឱ្យការបោះឆ្នោតពីឃុំសង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង មានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង នៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២២

ខេត្តព្រៃវែង៖ថ្លែងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅរសៀលថ្ងៃសុក្រនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា មកពីក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន ខេត្តព្រៃវែងសម្ដេចស ខេង បានលើកឡើងថា៖ ការបោះឆ្នោតនេះ ជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយ នៅមូលដ្ឋានទូទាំងប្រទេស ក្នុងគោលដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់សិទ្ធិអំណាចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំឃុំ សង្កាត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ពួកគាត់។

សម្ដេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូសបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជានឹងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បន្ទាប់ពីបានចាប់ផ្ដើមការ បោះឆ្នោត នេះ លើកដំបូងកាលពីឆ្នាំ២០០២ ជាមួយនឹងការរៀបចំប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។

សម្ដេច ស ខេង ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាគាំទ្រ និងរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ បញ្ចៀសឱ្យបាននូវការបំពានច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោត ពិសេសគឺបញ្ចៀសអំពើហិង្សានានា។ សម្ដេចថា សូ ប្រជាពលរដ្ឋ ទាំងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សម្ដេចស ខេង ក៏បានអំពាវនាវក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន នៃខេត្តព្រៃវែងទាំងអស់ បន្តបេសកកម្ម និងចូលរួមគាំទ្រដល់ដំណើរការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមចំណែកគាំទ្រការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២២

ខេត្តសៀមរាប៖បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រហស្បតិ៍ ម្សិលមិញ ពាក់ព័ន្ធឆក់ទូរស័ព្ទ។

ករណីឆក់កើតឡើង មុខសណ្ឋាគារ រ៉ូយ៉ាល់ ក្រោន ស្ថិតក្នុងភូមិវត្តបូព៌សង្កាត់កំរើក ក្រុងសៀមរាប កាលថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ ពីដោយបានយកទូរស័ព្ទ១គ្រឿង Xiaomi 12pro ផលិតនៅប្រទេសចិន ពណ៌ប្រផេះ ស៊ីមកាត២ របស់ជនរងគ្រោះឈ្មោះ Cao Yun Xiong ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ជាវិស្វករនៅធ្វើការសង់ព្រលានយន្តហោះថ្មី ខណៈពេលដែលជនរងគ្រោះ និងមិត្តស្រីជាជនជាតិខ្មែរ ដើរចេញពីសណ្ឋាគារ។

សមត្ថកិច្ចប៉ូលិសក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យទី ១ឈ្មោះជុយ សឿន ហៅស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ម្ជូរ មានស្រុកកំណើត នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ០២-ឈ្មោះឃ្លី វ៉ាល់លី មុខរបរលក់ម្ជូរ មានស្រុកកំណើតនៅភូមិព្រែករន្ទះ ឃុំពោធិរៀង ស្រុក ពោធិរៀង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចូលរួមឆក់ទូរស័ព្ទ ជាមួយបក្ខពួកពិតមែន។

វត្ថុតាងនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២២

ខេត្តសៀមរាប៖ផ្ទះរបស់អាជីវករចំនួនពីរនាក់ ត្រូវបានចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ គ្មានសល់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីនេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ទ្វារផ្ទះរបស់អាជីរករលក់ដូរ ក្បែរប្រសសាទបឹងមេលាចូលលួចសម្ភារៈមានតម្លៃ និងឥវ៉ាន់។

ជនរងគ្រោះ ទី១៖ ឈ្មោះ ម៉ា ភិរម្យ ហៅ ហេង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សម្ភារបាត់បង់រួមមាន៖
– ប្រាក់ចំនួន ២,៣៩០,០០០ រៀល (ពីរលានសាមសិបប្រាំបួនម៉ឺនរៀល)
– កាតទូរស័ព្ទសែលខាត ១$ ចំនួន ១០០ សន្លឹក
– កាតទូរស័ព្ទមិត្តហ្វូន ១$ ចំនួន ១០០ សន្លឹក
– បារីម៉ៃសាវេន ចំនួន៣ សុង។

ជនរងគ្រោះទី២ ឈ្មោះ ម៉ា ភារៈ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អាជីវករ ទីលំនៅបច្ចុប្បន្នភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សម្ភារបាត់បង់រួមមាន៖
– ប្រាក់ចំនួន ៥០,០០០ រៀល (ប្រាំម៉ឺនរៀល)។
ចំណែកជនរងគ្រោះ ទី៣៖
ឈ្មោះ ជា សុកញ្ញា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សម្ភារបាត់បង់រួមមាន៖
– ប្រាក់ចំនួន ៥០,០០០ រៀល (ប្រាំម៉ឺនរៀល)។

ជុំវិញហេតុការណ៍នេះកម្លាំងជំនាញកំពុងស្រាវជ្រាវ រកមុខសញ្ញា ដើម្បីចាត់ការទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២២

ខេត្តសៀមរាប៖តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា មានករណីបាត់ក្មេងសិស្សសាលាចំនួន ២នាក់ នៅក្នុងខេត្តសៀមរាប។ ករណីនេះឪពុកជនរងគ្រោះបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រនេះថា ពិតជាមានការបាត់កូនរបស់លោកចំនួន២នាក់ពិតប្រាកដមែន។ លោកថាគេឃើញចាប់ក្មេងទាំងពីរនាក់ដាក់ចូលរថយន្ត។ ការបាត់នេះសង្ស័យម្ដុំក្រោយបុរីទេសចព្រោះតំបន់នោះស្ងាត់។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា វេលាម៉ោង២១និង៣០នាទីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ មានករណីអំពើបាត់ក្មេងចំនួន២នាក់មត្រូវជាបងប្អួនបង្កើតនឹងគ្នាខណ:ជិះកង់ទៅសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថាតាមការបំភ្លឺរបស់ឪពុកឈ្មោះ ភាច ហ៑ុន អាយុ៣៧ ឆ្នាំមុខរបរ មន្រ្តីរាជការស៊ីវិល រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា៖រូបគាត់មានកូនចំនួន២នាក់ ប្រុសទាំងពីរនាក់៖ ១/ឈ្មោះហ៑ុន គីមហេង ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្សរៀននៅសាលាអនុវិទ្យាលយធ្លកអណ្តូង។ ២/ឈ្មោះហ៑ុន វិសាល ភេទប្រុសអាយុ៩ឆ្នាំ មុខរបរសិស្ស រៀននៅសាលាបឋមសក្សាធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាម។

ឪពុកបន្តថានៅវេលាម៉ោង៦ព្រឹក កូនរបស់គាត់ទាំង២នាក់ បានជិះកង់ប្រភេទកង់ខ្មែរពណ៌សបានឌុបគ្នា មករៀននៅសាលាបឋមសិក្សធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លុះដល់ម៉ោង១២ថ្ងៃត្រង់មិនឃើញត្រឡប់មកផ្ទះវិញ រូបគាត់បានជិះម៉ូតូទៅតាមរកនៅសាលារៀន ហើយបានទៅជួបនាយកសាលាសួរ រកឈ្មោះកូនរបស់គាត់ដែលបានមករៀន តាំងពីរព្រឹកមិនឃើញទៅដល់ផ្ទះសោះ ប៉ុន្តែលោកនាយកសាលា បានឆ្លើយថាមិនឃើញមករៀនតាំងពីរព្រឹកម្ល៉េះ។ ក្រោយមករូបគាត់បានជិះម៉ូតូ តាមរកសួរបងនិងប្អូននៅតែមិនឃើញ សួរតាមមិត្តភ័ក្តរបស់កូនគាត់ក៏រកមិនឃើញ លុះដល់ម៉ោង១៥.០០នាទីគាត់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម។ ក្រោយមកវេលាម៉ោងង២១និង៣០នាទី បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដើម្បីជួយស្វែងរកកូនរបស់គាត់។

ឪពុកក្មេងបន្តថាកាលមុនគាត់មានផ្ទះនៅភូមិធ្លកអណ្ដូង ហើយកូនទាំង២នាក់របស់គាត់រៀននៅសាលាធ្លកអណ្ដូង ក្រោយមកគាត់មកនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ប៉ុន្តែមិនបានប្ដូរសាលាកូនរៀននោះទេ ពោលគឺកូនទាំងពីរនាក់ ត្រូវជិះកង់ ពីភូមិល្អក់ទៅរៀននៅសាលាធ្លកអណ្ដូង។ ទោះជាយ៉ាងណាករណីផងដែរសមត្ថកិច្ចខេត្តសៀមរាប បានកំពុងស្រាវជ្រាវរកផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page246 Page247 Page248 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×