Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាត់ដំបង

នៅថ្ងៃព្រហស្បតិ៍ នេះបានអញ្ជើញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ចំនួន ៨២៨នាក់ នៅផ្សារទំនើបភួពុយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសុខ លូ បាននាំយក ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ដែលសម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងជានិច្ច និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ចូរថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត រស់នៅស្អាត និងពិសារទឹកស្អាត និងត្រូវបន្តសំអាតបរិស្ថានសណ្ដាប់ធ្នាប់ផ្ទះឱ្យស្អាតជានិច្ច ។

លោក បានមានប្រសាសន៍បន្តទៀតថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ ។ ឯកឧត្តម បានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋណាដែលគ្មាន ឬបាត់អត្តសញ្ញាណប័ណ្ណ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូន ឬដើម្បីរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់ត្រៀមលក្ខណៈក្នុងការងារបោះឆ្នោតខាងមុខនេះ ព្រោះបើគ្មានអត្តសញ្ញាណប័ណ្ណទេ ក៏មិនអាចបោះឆ្នោតបានដែរ។

លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីប្រទេសមានសុខសន្ដិភាព ហើយបើសិនជារក្សាបាននូវសុខសន្ដិភាពនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន អភិវឌ្ឍន៍ឈានទៅមុខបន្តទៀត ជាពិសេសនឹងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០ ខាងមុខនេះ ។

លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញរួចរាល់ សូមរួសរាន់ទៅបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ក្រោយរយៈពេល៣-៤ខែបន្ទាប់ពីចាក់ដូសទី៣រួចរាល់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ ឬអាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានភ្លាមៗ ដោយរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការរៀបចំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីកន្លែងសំណេះសំណាលផ្ទាល់តែម្ដង ដោយប្រជាពលរដ្ឋមិនពិបាកវិលត្រឡប់មកចាក់សារជាថ្មីម្ដងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២២

ខេត្តសៀមរាប៖សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង១៥ ហិកតារ ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេស លើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកជា សុផារ៉ា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអគ្គនាយកនៃអាជ្ញាធរជាតិអប្សរាព្រមទាំងអភិបាលខេត្តសៀមរាប ផងដែរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាព នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថាក្នុងរយៈពេល ១ខែ ឬ១ខែកន្លះ បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះ គឺអាជ្ញាធរអប្សរានឹងបើកឱ្យ សាធារណជនបានចូលទៅទស្សនាដោយឥតគិតថ្លៃ ។បន្ទាប់ពីនោះ គឺមានការលក់សំបុត្រ ឱ្យភ្ញៀវចូលទស្សនាសួនរុក្ខជាតិអង្គរក្នុងតម្លៃមួយដ៏សមរម្យដើម្បីបានថវិកា យកទៅថែរក្សានិងអភិវឌ្ឍន៍សួននេះ ឱ្យកាន់តែប្រសើរ។

សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកៃច្នៃនៅក្នុងក្រុងសៀមរាប មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។
កាលពីឆ្នាំ២០០៥ សួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេស ដែលមានទំហំដីត្រឹមជាង២ហិកតាប៉ុណ្ណោះ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះ ឱ្យកាន់តែធំដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប ដើម្បីស្រោចស្រព រុក្ខជាតិទាំងនេះ ហើយនៅឆ្នាំ២០១៨ អាជ្ញាធរ ក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួននេះថែមទៀត។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សួនរុក្ខជាតិអង្គរនេះ ត្រូវបានបំផុសគំនិតរៀបចំឡើងឱ្យមានភាពទាក់ទាញខុសប្លែកពីសួនដទៃទៀត ជាច្រើន ជាពិសេសគឺមានដាំដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដោយពូជឈើខ្លះ នាំមកពីក្រៅប្រទេ ប្រយោជន៍សម្រាប់ឱ្យកូនខ្មែរនិងអ្នកទេសចរណ៍ជំនាន់ក្រោយៗ បានស្គាល់ និងអាចមកសិក្សាស្រាវជ្រាវបាន។

សួនរុក្ខជាតិអង្គរនេះ បានបែងចែកទៅជា៥ផ្នែក គឺផ្នែកទី១ជាសួនគ្រឿងទេសនិងសួនរុក្ខជាតិឱសថ ផ្នែកទី២គឺជាសួនផ្កាស្មៅនិងផ្កាចម្រុះ ផ្នែកទី៣ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទមានទាំងឈើហូបផ្លែក្នុងប្រទេសនិងឈើនាំចូលពីបរទេសផង។ ចំពោះផ្នែកទី៥វិញ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃ ឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់និងភាពទាក់ទាញថែមទៀត។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានគាំទ្រចំពោះក្រសួងវប្បធម៌និងវចិត្រសិល្បៈ ជាមួយនិងអាជ្ញាធរអប្សរាដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។

លោកជា សុផារ៉ា មានប្រសាសន៍ថា៖ សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេស គឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។ «សួនរុក្ខជាតិអង្គរនេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ»។

លោកជា សុផារ៉ាមានប្រសាសន៍ទៀតថាការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណនិងភ្ញៀវទេសចរណ៍ផង។

លោមជា សុផារ៉ាក៏បានសំណូមពរឱ្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈ អាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឱ្យក្រសួងកសិកម្ម ជួយផ្ដល់ពូជឈើនិងរុក្ខជាតិព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះ ឱ្យកាន់តែមានទំហំធំព្រមទាំងសំបូរបែប ដោយរុក្ខជាតិបន្ថែមទៀត។

មន្ត្រីអាជ្ញាធរជាតិអប្សរារំពឹងថាសួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីខេត្តសៀមរាប ឱ្យចាប់អារម្មណ៍និងចូលមកកំសាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ។

អាជ្ញាធរជាតិអប្សរាឱ្យដឹងថាសម្រាប់អនាគត គេនៅតែមានគំរោងពង្រីកសួនរុក្ខជាតិអង្គរមួយនេះឱ្យបានទំហំធំ រហូតដល់ ១៣០ហិកតារ គឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់ កស្សិណទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះ បានកាន់តែច្រើន។

សូមជម្រាបថា សួនរុក្ខជាតិអង្គរ ស្ថិតនៅ ទល់មុខសាលាអេសអូអេស តាមបណ្ដោយផ្លូវទៅអង្គរវត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២២

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានថ្លែងកោតសរសើរចំពោះ សាលាបឋមសិក្សា វត្តបូព៌ ថាជាសាលាមួយមានគំរូល្អ មាន សណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ហើយបានល្បីនៅទូទាំងប្រទេស។

លោកជានសុផារ៉ា ក៏បានកោតសរសើរចំពោះ អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ លោកពឹង គិមឆេន ដែលបានរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅសាលាវត្តបូព៌ បានយ៉ាងល្អប្រសើរកន្លងមកហូតដល់បច្ចុប្បន្ន។

ការថ្លែងរបស់លោកជា សុផារ៉ាធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាសអញ្ជើញសម្ពោធ«សួនរុក្ខជាតិអង្គរ» ដែលមានទីតាំងស្ថិតនៅទល់មុខសាលាអេសអូអេសក្នុងក្រុងសៀមរាប។

សូមជម្រាបថា សាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាច ថ្ងៃពុធ ម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងជំនួប សម្ដេចមបានលើកឡើងអំពីវិស័យទេសចរណ៍ដែល សម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពី ឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍ មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ។មដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។

សម្តេចបានគូសបញ្ជាក់ដែរថា មកដល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលប្រទេសកម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ថ្មីៗឡើយ។

សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យ កាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ។ សម្ដេចតេជោក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ ទី១)នៅក្នុងការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២២

ខេត្តសៀមរាប៖ប្រុសម្នាក់កំពុងធ្វើម៉ូតូត្រូវបានគោយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ ពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំនុចខាងជើងកែងឈូកចំងាយ១៥ម៉ែត្រ ក្នុងភូមិឈូ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះរវាង គោយន្តដឹកថ្ម និងមនុស្សអង្គុយធ្វើម៉ូតូ។ គោយន្តកែច្នៃ ពណ៌ខៀវ បើកបរដោយឈ្មោះ សំ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ គ្រូបង្រៀន បើកបុក មនុស្សកំពុងអង្គុយធ្វើម៉ូតូ ឈ្មោះ ហេង ហ៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ (ស្លាប់)។ក្នុងនោះខូចខាតម៉ូតូ២គ្រឿង ធ្ងន់ផងដែរ។

សមត្ថកិច្ចបានបន្តថា មូលហេតុ ម្ចាស់គោយន្តកែច្នៃ បើកបរខ្វះការប្រុងប្រយ័ត្ន។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក តៃកុងគោយន្ត បងក៏ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២២

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងថា ក្នុងគោលនយោបាយ ផ្គត់ផ្គង់ថាមពលនេះ កម្ពុជា បានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនី បានចំនួន៩៨ភាគរយ នៃចំនួនភូមិសរុបចំនួប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។

លោកស៊ុយ សែម បានអះអាងថាក្នុងនោះដែរប្រជាពលរដ្ឋចំនួន៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ។ លោកថា ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស សម្រេចបាន៩៨ ភាគរយ នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។

លោក ស៊ុយ សែម បានបញ្ជាក់ថា ចំពោះភូមិ២ភាគរយ ដែលនៅសេសសល់ មិនទាន់បានបញ្ជូនបណ្តាយអគ្គិសនី ទៅនោះ ជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណា ក្រសួងនឹងខិតខំរកប្រភពថាមពល ផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។

លោកបានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានទំបន់ វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនី ដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ។

លោកស៊ុយ សែម អះអាងបែបនះក្នុងពិធីប្រកាសចូលកាន់តំណែងលោក ឡេង លាត ជា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប នៅថ្ងៃអង្គារម្សិលមិញ នៅសាលាខេត្តសៀមរាប។

បើតាមស៊ុយ សែម បច្ចុប្បន្ននេះប្រទេស កម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា៣៨០០ មេហ្គាវ៉ាត់ ក្នុងនោះ ខេត្តសៀមរាប បានប្រើប្រាស់អស់ប្រមាណជា១០០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមតែជាង២ពាន់ម៉េហ្គាវ៉ាត់ ដែលកត្តានេះ បានធ្វើឲ្យអគ្គិសនីកម្ពុជាខាតធនយ៉ាងច្រើន។

លោកថា ទោះជាយ៉ាងនេះក្តី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានខិតខំ ស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ ចែកចាយជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងមានស្ថេរភាព និរន្តរភាព និងតម្លៃសមរម្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២២

ខេត្តព្រះវិហារ៖សម្ដេច ស ខេង មានប្រសាសន៍ថា សម្តេចពិតជាមានជំនឿយ៉ាងមុតម៉ាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺនៅតែបន្តរក្សាគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៅទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារ នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សម្តេចស ខេង មានប្រសាសន៍ថ្លែងអរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរតាម ព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅនេះបានបំពេញបេសកម្មរបស់ខ្លួនប្រកបដោយជោគជ័យដោយធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួច ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវ បានយកចិត្តទុកដាក់ ដើម្បីនិងដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះដែលយើងត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។ អញ្ចឹងទេបេសកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរតាមបន្ទាត់ព្រំដែននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ណាស់ដែលបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋនៅក្នុងខេត្តដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរទទួលទាន បានដោយសុខស្រួល។

សម្ដេចស ខេង មានប្រសាសន៍ថ្លែងអរគុណ ចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែកម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមព្រំដែនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
ហើយដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ តែងតែប្រកាន់ភ្ជាប់នូវរបបជួបគ្នាប្រចាំឆ្នាំទោះបីមានជំងឺកូវីដ-១៩ បានរំខានយើង ប៉ុន្តែយើងក៏រកមធ្យោបាយទាក់ទងជួបប្រជុំជាមួយគ្នាអនឡាញនានា ដើម្បីជជែកផ្លាស់ប្តូរអំពីវឌ្ឍនភាព ឬមួយក៏លទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ឆ្នាំបន្តទៀតដោយគ្មានការអាក់ខាន នេះគឺជាមោទភាព។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា ថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដែលគាត់មានដើមកំណើតនៅខេត្តចម្ប៉ាសាក់នេះដែរ ហើយក៏បានយកចិត្តទុកដាក់ ដើម្បីនិងបង្កលក្ខណៈសម្បត្តិនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ពិសេសគឺការរួមគ្នាដើមប្បីប្រយុទ្ធប្រឆាំងនិងបទល្មើសឆ្លងដែន ក្នុងនោះមានការជួយដូរគ្រឿងញៀន ជាពិសេសគឺគ្រឿងញៀនសំយោគដែលខាងមិត្តឡាវ លោកក៏បានខិតខំបង្ក្រាបបានជាច្រើនករណី ហើយកម្ពុជាយើងក៏បានបង្ក្រាបជាច្រើនករណី ចំពោះករណីដែលធ្លុះធ្លាយ បានន័យថា លួចលាក់ហូរចូលពីឡាវ ចូលមកកម្ពុជាយើងក៏បានឯកភាពគ្នាថា ប្រសិនណាជាគ្មានកិច្ចសហប្រតិបត្តិការនេះទេនោះគ្រឿងញៀនសំយោគនេះ វាកាន់តែគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ អញ្ចឹងហើយយើងតែងតែរក្សាខ្ជាប់នូវកិច្ចសហប្រតិបត្តិការនេះ មានឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកិច្ចសហការក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ជាពិសេសចុងក្រោយនេះ គឺថាបទល្មើសគ្រឿងញៀនសំយោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាខ្លាំង។

សម្ដេចស ខេង មានប្រសាសន៍បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព នោះយើងអាចនិយាយបានថា កម្ពុជាមានឱកាស ឬដណ្តើមបានឱកាសមាស ឱកាសពេជ្រ ដើម្បីយើងកសាងប្រទេសជាតិ ដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងយល់ទាំងអស់គ្នាហើយថា បើស្រុកទេសមានសង្គ្រាមយើងមិនអាចធ្វើអី្វបានទេ រស់នៅផ្ទះក៏មិនបាន បង្ករបង្កើនផលក៏មានការលំបាក កូនចៅមិនអាចទៅរៀនសូត្របានគ្មានឱកាស ប៉ុន្តែឥឡូវនេះយើងមានសុខសន្តិភាព ស្ថិរភាពពេញលេញដែលជាឱកាសមាស ឱកាសប្រាក់របស់យើងទាំងអស់គ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រើប្រាស់ នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ អញ្ចឹងការកសាង ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគនាគមន៍ ឬក៏វិស័យដទៃទៀត ដែលនៅទីនេះយើងកំពុងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទិកាបុណ្យអុំទូក វាមិនធំទេ ក៏ប៉ុន្តែវាមានលក្ខណៈថា ជាសមិទ្ធផលមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា សូមកុំឱ្យមានការភ័យខ្លាចថា វ៉ាក់សាំងកូវីដ-១៩ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ តាមការរយៈការញុះញង់ពីជនអគតិមួយចំនួនឡើយ។

លោក សុខ លូ បន្តថា ទោះបីមានការធូរស្បើយ នូវជំងឺកូវីដ-១៩ហើយក្ដី សូមប្រជាពលរដ្ឋទាំងអស់ បន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិត ពិសេសសម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួចរាល់បន្ទាប់ពី៣-៤ខែ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ និងដូសបន្តបន្ទាប់ទៀត តាមកាលកំណត់ជាក់ស្ដែង។

លោកសុខ លូ ប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារចត្តាឡីស័កមួយខ្នង នៃមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង
នៅថ្ងៃអង្គារនេះ។

លោក សុខ លូ បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស រួមទាំងការចាក់វ៉ាក់សាំងកូវីដ ផងនោះ យើងពិតជាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់នៅលើសមរភូមិកូវីដ ប៉ុន្តែតម្រូវឱ្យយើងបន្ត រៀនរស់ក្នុងប្រក្រតីភាពថ្មី ជាមួយនឹងកូវីដ និងចេះទទួលខុសត្រូវក្នុងសង្គម ដោយត្រូវការពារខ្លួនយើង គ្រួសារយើង និងសហគមន៍របស់យើងកុំឱ្យឆ្លងជំងឺកូវីដ ពីព្រោះ ជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយនោះទេ ហើយនៅក្នុងប្រទេសនានានៅលើសកលលោក គឺនៅតែមានការឆ្លងជំងឺនេះនៅឡើយ។

លោកបានបន្តទៀតថា បើទោះបច្ចុប្បន្នថ្វីត្បិតតែជំងឺកូវីដ-១៩បានធូរស្បើយច្រើន មិនមានអ្នកធ្វើចត្តាឡីស័កទៀតនោះ ក៏អគារមណ្ឌលចត្តាឡីស័កនេះមិនទុកចោលដែរ ពោលគឺយើងនឹងធ្វើការប្រើប្រាស់ មណ្ឌលនេះ ជាមណ្ឌលសំរាក ព្យាបាលជំងឺទូទៅ ដោយមិនប្រកាន់ជំងឺអ្វីឡើយ ហើយបើសិនជាមានការផ្ទុះជំងឺកូវីដ-១៩ដោយប្រការណាមួយ នឹងប្រើប្រាស់មណ្ឌលនេះជាមណ្ឌលចត្តាឡីស័កវិញម្ដង។

លោកសុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងសុខុមាលភាពសាធារណរដ្ឋកូរ៉េ និងអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំប្រទេសកូរ៉េ ដែលតែងតែចូលរួមវិភាគទានយ៉ាងច្រើន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យសុខាភិបាល នៅប្រទេសកម្ពុជា ជាក់ស្ដែងអង្គការក៏បានជួយសម្របសម្រួល និងផ្ដល់អំណោយដ៏ថ្លៃថ្លា នូវអគារចត្តាឡីស័កនៃមណ្ឌលសុខភាពត្រាងដ៏ថ្មីសន្លាងមួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២២

ភ្នំពេញ៖នគរបាលខណ្ឌបឹងកេងកង សហការ ជាមួយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនម្នាក់មុខសញ្ញា ចោរប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ខែ១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩:៣០នាទី នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ូលិសរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា ករណីខាងលើ៖ លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ។

លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជុងយកម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច។

លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខHZ០៥៣៣ ភ្ជុងប្លន់។

ប្រតិបត្តិការនេះដកហូតវត្ថុតាង៖ កាភ្លើងខ្លី ចំនួន០២ដើម ម៉ាក់ k៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូម ចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាក់អាយខុន ពណ៌សត្រួយចេក ពាក់ផ្លាកលេខ AR ៩៥៨៩ នឹង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ AV៨៨៨៨។

បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមផ្លូវច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២២

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោហ៊ុន សែន នៅថ្ងៃនេះ ប្រកាសថា៖ កម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។ សម្តេចតេជោបានបញ្ជាក់ថា បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។

សម្តេចហ៊ុន សែន ប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅថ្ងៃអង្គារ នេះ នៅសាលពិព័រណ៍ជ្រោយចង្វា។

សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ។
ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បញ្ហានេះជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានកែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដែលកន្លងមកចោទថាក្រុមគ្រូពេទ្យកម្ពុជាល្អតែ១០%ប៉ុណ្ណោះ តែពេលនេះ ប្រជាពលរដ្ឋបានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស។

សម្តេចតេជោបានលើកឡើងថា ការបណ្តុះបណ្តាលវិស័យសុខាភិបាល ពិតជាមានការពិបាក និងមិនអាចធ្វើដូចវិស័យអប់រំ ដែលយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះសោះនោះទេ តែវិស័យសុខាភិបាលមិនអាចធ្វើដូចច្នេះបានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២២

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅថ្ងៃអង្គារ នេះ នៅសាលពិព័រណ៍ជ្រោយចង្វា សម្ដេចតេជោហ៊ុន សែន បានថ្លែងថា

លទ្ធផលកិច្ចប្រជុំកំពូលពិសេសនេះ ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រគួរអោយកត់សម្គាល់។ ហើយទាក់ទងទៅនឹងហេតុការណ៍គបស្បែកជើងមកសម្ដេចពេលនោះ នៅថ្ងៃនេះ សម្តេចតេជោបានថ្លែងថា បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។
សម្តេចតេជោបានចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចក៏ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ច្បាស់ៗថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងមកលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណានោះ គឺអាស្រ័យទៅលើអាមេរិកផ្ទាល់។
សម្តេចតេជោក៏បានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ និងគាំទ្រសម្តេច អោយ រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង។ សម្តេចតេជោក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២២

ខេត្តបាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ ថា ព្រះរាជាណាចក្រកម្ពុជាយើង និយាយជារួម ហើយដោយឡែក នៅខេត្តបាត់ដំបង មកដល់ពេលនេះយើងមានសុខសន្តិភាពពេញទី គ្មានជម្លោះប្រដាប់អាវុធ គ្មានកម្លាំងឧទាមក្រៅច្បាប់ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនោះទេ។

ការអះអាងរបស់សម្ដេច ស ខេង ធ្វើឡើងនៅររសៀលថ្ងៃចន្ទ ម្សិលមិញ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ និងសិល្បករ សិល្បការិនី នៅខេត្តបាត់ដំបង។

សម្ដេច ស ខេង បន្តថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានគ្រប់គ្រងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយនេះជាមោទភាពណាស់របស់យើងទាំងអស់គ្នា បើប្រៀបធៀបនិងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងចន្លោះពីក្រោយអាណានិគមនិយមបារាំងដែលត្រួតត្រាកម្ពុជារហូតមកទល់ពេលនេះ។ ស្ថិរភាពនយោបាយនាពេលបច្ចុប្បន្នគឺ តាមរយៈការដែលកម្ពុជាបានអនុវត្តនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនោះ បានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយបានប្រកាន់យក នូវរបបនយោបាយសម្រាប់កម្ពុជា គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ ឥស្សរជន ឬក៏ប្រជាពលរដ្ឋខ្មែរ គ្រប់រូបគ្រប់មជ្ឈដ្ឋាន មានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ តាមរយៈការបង្កើតគណបក្សនយោបាយ ដើម្បីប្រគួតប្រជែងក្នុងពេលបោះឆ្នោត ដណ្តើមអំណាចគ្រប់គ្រងទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ នេះគឺជាកត្តាសំខាន់ដែលនាំអោយយើងមានស្ថិរភាព ហើយក៏នាំអោយយើងមានសន្តិសុខ សន្តិភាព ដូច្នេះយើងអាចចាត់ទុកថារបបនយោបាយ ដែលយើងបានជ្រើសរើសប្រកាន់យកសព្វថ្ងៃនេះ ដោយគូរភាគីជម្លោះនៅកម្ពុជា ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គ សំខាន់ដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្សនេះ គឺពិតជាត្រឹមត្រូវ សមស្រប ហើយក៏គ្មានរបបនយោបាយណាដែលសមស្រប ជាងនេះនោះទេ ដោយសារនៅក្នុងប្រវត្តិសាស្ត្រយើង ក្នុងរយៈពេលបើយើងគិតពីឆ្នាំ១៩៥៣ មកទល់ឆ្នាំ២០០២នេះមានប្រមាណជិត៧០ឆ្នាំ របបនយោបាយយើងបានឆ្លងកាត់ច្រើនណាស់ ប៉ុន្តែកម្ពុជាយើងមិនបានសុខទេ មិនមានសន្តិភាពេញលេញទេ ហើយបើមិនបានសុខ មិនមានសន្តិភាពទេ យើងពិតជាគ្មានឱកាស ដើម្បីនិងកសាងជីវភាពរស់នៅរបស់យើងទេ អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទេ អញ្ចឹងហើយកត្តាគន្លឹះដើម្បីយើងមានការអភិវឌ្ឍន៍ នោះកត្តាសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាកំណត។ ទន្ទឹមនេះ សព្វថ្ងៃយើងដឹងទាំងអស់គ្នាថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រែប្រួល រីកចម្រើន ដែលស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប នេះជាមោទភាពរបស់យើងពីព្រោះថា ប្រសិនជាយើងគ្មានសន្តិភាពទេនោះមិនមានការអភិវឌ្ឍន៍បានឡើយ។

សម្តេចស ខេង មានប្រសាសន៍ រំលឹក និងសំណូមពរ ដល់ឯកឧត្តម អស់លោក លោកស្រី លោកឧកញ៉ា និងអង្គពិធីទាំងមូលយកចិត្តទុកដាក់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារនូវសន្តិភាពឲ្យបានដាច់ខាត បើទោះបីជាត្រូវលះបង់ដោយតម្លៃ ណាក៏ដោយ ពីព្រោះថា យើងបានឆ្លង កាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសន្តិភាព ដូចសព្វថ្ងៃ។ យើងទាំងអស់គ្នាប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះអោយបានពីរក្នុងពេលតែមួយ ជ័យជំនះទី១ ដែលយើងត្រូវការនោះ គឺជ័យជំនះសម្រាប់គណបក្សប្រជាជនឈ្នះឆ្នោត ជ័យជំនះទី២ គឺដោយសារគណបក្សយើង រដ្ឋាភិបាលយើងជាអ្នកគ្រប់គ្រង់ប្រទេស អញ្ចឹងហើយការចាត់តាំងការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា នោះក៏ជាជោគជ័យមួយទៀត របស់គណបក្សប្រជាជនផង ហើយរបស់ប្រទេសជាតិផង កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិវានិងលើកកម្ពស់ នៅពេលនោះឯង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page245 Page246 Page247 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×