ខេត្តកំពង់ចាម៖ក្នុងពិធីសំណេះសំណាល ជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម នៅព្រហស្បតិ៍ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា អតីតកាលនៃនិវត្តន៍ជនគឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
លោក អ៊ុន ចាន់ដា បានលេីកឡេីងថា ភាពកតញ្ញូចំពោះ វីរភាព របស់រៀមច្បងក្នុងបុព្វហេតុ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេស គឺជាមោទនភាពរបស់និវត្តន៍ជន ដែលត្រូវទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវ ដែលត្រូវបានត្រួសត្រាយដោយតម្លៃពលិកម្ម មិនអាចកាត់ថ្លៃបាន ក្នុងរសជាតិនៃភាពអំណត់តស៊ូនៃអ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក។
អភិបាលខេត្ត បានបន្តថា ផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចប្បន្ននេះ គឺពិតជាលទ្ធផលដែលមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបាននោះឡើយ។ និវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាលដើម្បីមានថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ កែវ ចរិយា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សំភារៈ ស្មារតី ជូនដល់និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកជំទាវ រដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងខេត្តកំពង់ចាម សូមប្រតិបត្តិតាម ឲ្យបានខ្ជាប់ខ្លួននូវគុណតម្លៃស្ថាប័ននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នមានសមត្ថភាព និងឧត្តមភាព ប្រកបដោយគុណតម្លៃគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល បេសកកម្មចូលរួមអនុវត្តលើ ការងារដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលឈានទៅសម្រេចបានចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល និងវិសហមជ្ឈការ ដើម្បីការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែមានការរីកចម្រើនជាលំដាប់៕SRP


ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រមាណជាង៦០០ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ធម្មជាតិរុនតែឯង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។