ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានចេញលិខិតព្រមាន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាមលោកអ៊ុម វិបុល បន្ទាប់ពីប្រធានមន្ទីរធនធានទឹករូបនេះបានស្រវឹងស្រាហើយចូលទៅអុកឡុកក្នុងពិធីមួយក្នុងសាលាខេត្តកាលពីម្សិលមិញ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បានពិនិត្យឃើញថា ទង្វើ កាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី របស់លោក បានបង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។
ពាក់ព័ន្ធនិងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួនដូចខាងក្រោម៖
១ ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត។
២ ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ។
៣ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។
៤ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក
៥ ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់។
៦ គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត។
៧ រដ្ឋបាលខេត្ត នឹងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល២ ឆ្នាំដូចគ្នា។
ទទួលបានលិខិតព្រមាននេះ លោក អ៊ុន វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមាន កំហុសលើកក្រោយទៀត។
ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការ តាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការ យោគយល់ទៀតឡើយ៕SRP