ខេត្តកំពង់ចាម៖សម្ដេចស ខេង បានថ្លែងថា ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាល ជាប់ជាប្រចាំ តាមរយៈ ការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការរធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃអង្គភាពនគរបាល។
ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក អគារស្នាក់នៅ និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ស្ថិតក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងអង្គារនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បន្ថែមថា ការបណ្តុះបណ្តាល មន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឲ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ។
សម្តេច ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដមកអភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម អភិបាលខេត្តស្វាយរៀង ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ កក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ២នេះ។
សម្ដេចក៏បានថ្លែងកោតសរសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ នាយដ្ឋានបណ្តុះបណ្តាល និង សាលានគរបាលជាតិភូមិភាគ២ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់ របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។
គួរបញ្ជាក់ថា មុនការចាប់ផ្តើម នៃកម្មវិធីសំណេះសំណាល ជាមួយសិស្សនគរបាល សម្តេចក្រឡាហោម និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃសាលានគរបាលជាតិភូមិភាគ២ ព្រមទាំង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២.០៣០ម៉ែត្រ ប្រព័ន្ធលូ បង្ហូរទឹក ៥៥០ម៉ែត្រ ដែលជាអំណោយរបស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងអគារស្នាក់នៅ ចំនួន ២ខ្នង ប្រវែង១៣,៥០x៤៥ម៉ែត្រ ជាអំណោយ របស់ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដមអភិបាល ខេត្តស្វាយរៀង ផងដែរ៕SRP



ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅនិងរៀបចំអោយដាំដើមឈើឡើងវិញ។
លោកដួង តារា បានសរសេរនៅគណីហ្វេសប៊ុករបស់លោកថា៖ ខ្ញុំបាទសូមគោរពអរគុណ និងគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការរក្សាការពារធនធានព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់និងរៀបចំអោយដាំដើមឈើឡើងវិញដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិទាំងមូល។