Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៥

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។

សម្តេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតីបានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។

ក្នុងឱកាសខាងលើ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៥

ធ្វើស្គាល់គ្នានិយាយមួយសន្ទុះ សុំខ្ចីម៉ូតូទៅទិញបាយហូបអតមកវិញ

ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង ០៩ៈ៥៨នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះ ជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។

អាវុធហត្ថខេត្តសៀមរាបបានបន្តថា បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥:៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ២០ឆ្នាំ និងម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះ នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច។

ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យម្ចាស់ម៉ូតូធ្វើការផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន ទើបប្រគល់ឲ្យត្រឡប់ទៅវិញ។

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៥

ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិហើយអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំព្រលែងមច្ឆជាតិឱ្យបានច្រើននៅតាមប្រភពទឹកធម្មជាតិ។

មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ក្នុងឱកាសរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីព្រលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាលទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ការព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ។ ឯកឧត្តម ថ្លែងបន្ថែមថា ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះមានការកើនឡើង ខណៈរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារធនធានធម្មជាតិ។

បើតាមរបាយការណ៍របស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មច្ឆជាតិជាង៩ម៉ឺនក្បាលត្រូវបានព្រលែងចូលក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ រួមមាន៖ កូនបង្កង៥ម៉ឺនក្បាល, ត្រីប្រា៣ពាន់ក្បាល,ត្រីឆ្ពិន២ម៉ឺនក្បាល, ត្រីព្រលូង ១ម៉ឺនក្បាល,ត្រីក្រាញ់ ៤ពាន់ក្បាល ,ត្រីអណ្តែងទន់៥ពាន់ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួន ដើម្បីធ្វើឱ្យបឹងនេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុក របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៥

បច្ច័យប្រមាណជាង៣៧លានរៀល និងស្បងចីវ ដែលចេញពីអង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រះសិអារ្យ សម្រាប់កសាងសាលាធម្មសភា

គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះ វត្តព្រះព្រះសិអារ្យទាំងអស់ នៅរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥ បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងសាលាធម្មសភា សាលាឆាន់ ក្នុងវត្តព្រះសិអារ្យ ដែលស្ថិតនៅ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ។

ព្រះគ្រូចៅអធិការ វត្តព្រះសិអារ្យ ព្រះយសោធរញ្ញាណ ឡោម សុឈាត បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១.ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឲ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។

ព្រះគ្រូចៅអធិការ វត្តព្រះសិអារ្យ បានបន្តថាក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និង វិស័យ សង្គមកិច្ចជាដើមផងដែរ។

ព្រះតេជគុណ ឡោម សុឈាត បានមានថេដីកាបន្ថែមថា បុណ្យកឋិនសាមគ្គី គឺបង្ហាញពីការរួបរួមគ្នារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីទីជិតឆ្ងាយ ក្នុងការរួមចំណែកកម្លាំងកាយចិត្ត និងថវិកា (បច្ច័យ) ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយណាមួយឡើយ។

សូមបញ្ជាក់ថានៅឆ្នាំនេះកឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចំពោះបុណ្យកឋិនទានគឺប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង.ដើម្បីផ្តល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ.ដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរនិងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន៕SRP                                                                   ជន់ ពិទូ៖ ភ្នាក់ងារខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល បានទុករយៈពេល ១៤ថ្ងៃ អោយរុះរើរបងចេញប្រវែង ១១៩ម៉ែត្រ ដែលសាងសង់ប៉ះពាល់ចំណី ស្ទឹងស្លាគូរ ស្រុកត្រាំកក់។

ការព្រមានទុកពេលនេះ បានធ្វើឡើងនៅរសៀលថ្ងៃអាទិត្យនេះ ក្នុងឱកាស ដឹកនាំ សហការី និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យមើល ជាក់ស្ដែងរបងថ្មមួយកន្លែង ដែលបានសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ ប្រវែង ១១៩ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រ ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយទុករយៈពេល ១៤ថ្ងៃ។

អភិបាលខេត្ត បានឱ្យដឹងថា របងថ្មដែលមានប្រវែង ១១៩ម៉ែត្រ គឺសាងសង់ដោយទុកចំណីស្ទឹង បួនម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង ៣០ម៉ែត្រ (ម្ចាស់សំណង់បានបញ្ជាក់ថា គាត់សាងសង់តាមប័ណ្ណដី ដែលគាត់បានទិញ )។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំណុចនេះគឺជា កំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងប័ណ្ណ (ក្រុមវាល ដែលរួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត )។ វិធានការចំពោះមុខ ឯកឧត្តម អភិបាល បានឲ្យក្រុមហ៊ុន វាយរបងមួយចំណែក ដែលប៉ះពាល់ដល់ចំណីស្ទឹងប្រវែង ១១៩ម៉ែត្រ នោះចេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page27 Page28 Page29 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!