ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំពាវនាវ ដល់សប្បុរសជននៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាបន្តចូលរួមជាកម្លាំងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតរួមមាន អ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជនពិការ ចាស់ជរាគ្នានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអរដស៍។ល។ នៅគ្រប់ទីកន្លែងឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា ននិងនិន្នាការនយោបាយឡើយ។
ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា ក៏បានលើកឡើងផងដែរថាមន្ត្រីសាខាកាកបាទក្រហមកម្ពុជាទាំងអស់ គឺស្ថិតនៅក្រោមការចាត់តាំងយ៉ាងត្រឹមត្រូវ ដូច្នេះសូមឲ្យមន្ត្រីយេីងមានការទទួលខុសត្រូវ ឲ្យបានច្បាស់លាស់ ក្នុងការចាត់ចែងកិច្ចការរដ្ឋបាល។ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកមិញនេះនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។
លោកអ៊ុន ចាន់ដាបានថ្លែងថា តាមការណែនាំតម្រង់ទិសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចំពោះការប្រារព្ធពិធីខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ គឺមិនមានការរៀបចំពិធីសមោសរ ដូចឆ្នាំមុនៗនោះទេ ព្រោះដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។តែទោះជាយ៉ាងណាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានត្រៀមបង្កើតក្រុមការងារ ដើម្បីបន្តកៀរគរមូលនិធិ និងស្វាមគមន៍ ការចូលរួមជាវិភាគទានពីសប្បុរសជននានាដោយផ្ទាល់និងតាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកផងដែរ៕SRP
