Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៥

បច្ច័យប្រមាណជាង៣៧លានរៀល និងស្បងចីវ ដែលចេញពីអង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រះសិអារ្យ សម្រាប់កសាងសាលាធម្មសភា

គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះ វត្តព្រះព្រះសិអារ្យទាំងអស់ នៅរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥ បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងសាលាធម្មសភា សាលាឆាន់ ក្នុងវត្តព្រះសិអារ្យ ដែលស្ថិតនៅ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ។

ព្រះគ្រូចៅអធិការ វត្តព្រះសិអារ្យ ព្រះយសោធរញ្ញាណ ឡោម សុឈាត បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១.ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឲ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។

ព្រះគ្រូចៅអធិការ វត្តព្រះសិអារ្យ បានបន្តថាក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និង វិស័យ សង្គមកិច្ចជាដើមផងដែរ។

ព្រះតេជគុណ ឡោម សុឈាត បានមានថេដីកាបន្ថែមថា បុណ្យកឋិនសាមគ្គី គឺបង្ហាញពីការរួបរួមគ្នារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីទីជិតឆ្ងាយ ក្នុងការរួមចំណែកកម្លាំងកាយចិត្ត និងថវិកា (បច្ច័យ) ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយណាមួយឡើយ។

សូមបញ្ជាក់ថានៅឆ្នាំនេះកឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចំពោះបុណ្យកឋិនទានគឺប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង.ដើម្បីផ្តល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ.ដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរនិងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន៕SRP                                                                   ជន់ ពិទូ៖ ភ្នាក់ងារខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល បានទុករយៈពេល ១៤ថ្ងៃ អោយរុះរើរបងចេញប្រវែង ១១៩ម៉ែត្រ ដែលសាងសង់ប៉ះពាល់ចំណី ស្ទឹងស្លាគូរ ស្រុកត្រាំកក់។

ការព្រមានទុកពេលនេះ បានធ្វើឡើងនៅរសៀលថ្ងៃអាទិត្យនេះ ក្នុងឱកាស ដឹកនាំ សហការី និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យមើល ជាក់ស្ដែងរបងថ្មមួយកន្លែង ដែលបានសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ ប្រវែង ១១៩ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រ ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយទុករយៈពេល ១៤ថ្ងៃ។

អភិបាលខេត្ត បានឱ្យដឹងថា របងថ្មដែលមានប្រវែង ១១៩ម៉ែត្រ គឺសាងសង់ដោយទុកចំណីស្ទឹង បួនម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង ៣០ម៉ែត្រ (ម្ចាស់សំណង់បានបញ្ជាក់ថា គាត់សាងសង់តាមប័ណ្ណដី ដែលគាត់បានទិញ )។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំណុចនេះគឺជា កំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងប័ណ្ណ (ក្រុមវាល ដែលរួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត )។ វិធានការចំពោះមុខ ឯកឧត្តម អភិបាល បានឲ្យក្រុមហ៊ុន វាយរបងមួយចំណែក ដែលប៉ះពាល់ដល់ចំណីស្ទឹងប្រវែង ១១៩ម៉ែត្រ នោះចេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៥

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះពិនិត្យសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការចុះត្រួតពិនិត្យនៅព្រឹកមិញនេះ អមដំណើរ  ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

នាឱកាសចុះពិនិត្យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងគណៈគ្រប់គ្រងសាលា សូមបន្តចុះត្រួតពិនិត្យតាមដានក្នុងការអនុវត្តគម្រោងខាងលើឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូ សរុប ៣២ ស្រី ២៥ និង សិស្សសរុប ១៣២៥ ស្រី ៦៧៧។ ដោយឡែកសំណង់ដែលត្រូវបានកសាងថ្មី រួមមានៈ អាគារសិក្សាថ្មី ៣ខ្នង ២ជាន់ ៣០បន្ទប់, ទីចាត់ការ១ ២បន្ទប់, បណ្ណាល័យ១ខ្នង, ក្លោងទ្វារ-របងសាលា រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ជាង ៩០%ហើយ។

គួររំលឹកថា សាលាបឋមសិក្សា ព្រៃទទឹង ត្រូវបាន ក្រសួងអប់រំយុវជន និងកីឡា ប្រកាសទទួលស្គាល់ជាសាលាគំរូ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៥

ក្រុមក្មេងដើរលើសម៉ោងសារភាពថា ការដកខ្សែក្រវ៉ាត់កាន់នឹងដៃគឺដើម្បីការពារខ្លួន

ខេត្តសៀមរាប៖ក្រុមក្មេងទំនើង០២ មានគ្នា ចំនួន២៦នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ពិសេស បានសហការជាមួយកម្លាំងការិយាល័យជំនាញនិងអធិការដ្ឋាននគបាលក្រុងសៀមរាប ធ្វើការឃាត់ត្រួតពិនិត្យ ដើរហើរជាលក្ខណៈជាក្រុមលើសម៉ោង(ម៉ោង២ ម៉ោង៣ )មកធ្វើការត្រួតអប់រំ។

លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ក្រុមក្មេងទំនើងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ចំណុចខាងកើតស្ពានថ្មព្រះរាជដំណាក់ ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅគល់ប្រគល់ជូនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវតាមនីវិធី។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថាកម្លាំងការរិយាល័យជំនាញបានសួរលើបុគ្គលដែលមានកាន់ខ្សែក្រវ៉ាត់នៅក្នុងដៃជាក់ស្ដែងលើ ឈ្មោះ វាន់ វិសុទ្ធ (អ្នកកាន់ខ្សែក្រវ៉ាត់ និងជិះកណ្ដាល)បានសារភាពថា នៅវេលាម៉ោងម៉ោង៤:០០ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ខ្លួននិងបក្ខពួក២នាក់ទៀត ឈ្មោះ ព្រាន ប្រុស (អ្នកបើកម៉ូតូ) និងឈ្មោះ កុង សីហៈ(អ្នកជិះក្រោយ) បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ផ្លាកលេខ សៀមរ4423 ធ្វើដំណើរទៅរកញ៊ាំបបរសរនៅមុខផ្សារលើធំថ្មី ពេលជិះតាមផ្លូវក៏មានក្មេងទំនើង២ម៉ូតូជិះតាមពីក្រោយពួកខ្លួន ទើបខ្លួនលូកដៃទាញយកខ្សែក្រវ៉ាត់ពីចង្កេះរបស់ឈ្មោះ ព្រាន ប្រុស រួចមួលកាន់នឹងដៃ ដាក់នៅខាងមុខខ្លួន ប្រឡោះភ្លៅ ដើម្បីទុកការពារខ្លួន លុះជិះដល់ចំណុចខាងកើតស្ពានព្រះរាជដំណាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

ឈ្មោះ មឿន ដារ៉ាយុទ្ធ បានសារភាពថា ខ្លួននិងឈ្មោះ ប៉ា រិទ្ធរដ្ឋមុនី បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream 125cc ពណ៌ខ្មៅ ស៊េរី២០២៣ ផ្លាកលេខ សៀមរាប 1AP-9873 ចេញពីក្លឹបកំសាន្តក្លាស៊ីច ពេលជិះដល់ម្ដុំផ្លូវមាត់ស្ទឹងខាងកើតមុខកាហ្វេប្រោន ស្រាប់តែមានក្មេងទំនើង៣ម៉ូតូជិះតាមពីក្រោយពួកខ្លួន ទើបខ្លួនដកខ្សែក្រវ៉ាត់ពីចង្កេះ មូលកាន់នឹងដៃលូកចូលក្នុងអាវ ទុកសម្រាប់ការពារខ្លួន បន្ទាប់មកក្មេងទំនើង៣ម៉ូតូបានជិះបង្ហួសពួកខ្លួនទៅបាត់ ហើយពួកខ្លួនក៏បន្តជិះទៅមុខទៀត លុះដល់ចំណុចខាងកើតស្ពានព្រះរាជដំណាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បើតាមអ្នកនាំពាក្យស្នងការនគរបាលខេត្តសៀមរាប
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បញ្ជាក់ថាដោយខេត្តសៀមរាបជាខេត្តទេសចរណ៍ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងបង្កាទប់ស្កាត់មិនអោយបទល្មើសកើតឡើង ក្នុងក្រុងសៀមរាប លោកឧត្ដសេនីយ៍ទោ ហួត សុធី បានសុំគោលការណ៍ទៅឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការអប់រំ ឯកឧត្ដមព្រះរាជអាជ្ញា បានសម្របសម្រួល ឱ្យហៅអាណាព្យាបាលមកធានាទាំងមនុស្សនិងមធ្យោបាយត្រឡប់ទៅផ្ទះវិញដើម្បីធ្វើការអប់រំបន្ត។

សូមជម្រាបថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការចង្អុលបង្ហាញរបស់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប និងការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៥

បង្ក្រាបករណីចាប់មនុស្សដាក់ឡាន ឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងរំដោះជនរងគ្រោះម្នាក់

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង១៧និង៣៥នាទីកម្លាំងប្រចាំការរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៅខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CF.1922 នៅត្រង់ចំណុចកន្លែង ប៉ះកង់ឡាន ស្ថិតភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្ដមសេនីយ៍ទោ ស៊ិន រដ្ឋា បានដឹកនាំកម្លាំងជំនាញខេត្តត្បូងឃ្មុំ បើកការស្រាវជ្រាវ និងសហការជាមួយខេត្តបាត់ដំបង បន្ទាយមានជ័យ រហូតឈានឃាត់រថយន្តខាងលើ នៅវេលាម៉ោង23និង17នាទី ថ្ងៃខែឆ្នាំដដែល តាមបណ្ដោយផ្លូវជាតិលេខ56A ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបានជនរងគ្រោះឈ្មោះ Chen Noeuysin ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ឃាត់ ខ្លួនជនសង្ស័យចំនួន០៤នាក់។

ទី១៖ឈ្មោះ ចយ សាទី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ គោករការ ឃុំតាបែន ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ (អ្នកបើកបរ)
ទី២៖ឈ្មោះ ធី ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៣៖ឈ្មោះ រ៉ម សិរីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ព្រៃកុប សង្កាត់ផ្សារអូឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៤៖ឈ្មោះ ឆុន សុភិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ដកហូតរថយន្ត០១គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CF-1922។

បច្ចុប្បន្នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យខាងលើទៅស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៥

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពស្តារឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ។

ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។ ជាមួយគ្នានោះដែរ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រ ផងដែរ។

បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៥

អាជ្ញាធរខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ ឬការយល់ព្រមលើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

អាជ្ញាធររខេត្តសៀមរាប នៅរសៀលថ្ងៃម្សិលមិញ
បានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវវិធានការហាមឃាត់របស់ក្រសួងមហាផ្ទៃ ចំពោះការបញ្ជាក់ដឹងឮ ឬការយល់ព្រមលើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកសារគោលនយោបាយចុះបញ្ជីដីធ្លី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច បានចាត់ទុក “ការចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច គឺជាការធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កលទ្ធភាពឱ្យសហគមន៍បានប្រើប្រាស់ដីកាន់តែមានផលិតភាពខ្ពស់”។

លោកបានបន្តថា កន្លងមកក្រសួងមហាផ្ទៃបានសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួន បានធ្វើការបញ្ជាក់លើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដែលសកម្មភាពទាំងនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច និងជាការអនុវត្តផ្ទុយពីបទបញ្ញត្តិនៃច្បាប់ជាធរមាន។

លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងមហាផ្ទៃបានណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់ការបញ្ជាក់ដឹងឮ ឬយល់ព្រមលើឯកសារទិញ លក់ ជួល ឬឯកសារផ្ទេរដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសចំពោះសហគមន៍ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិត ២៨០៨ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ឱ្យបានទូលំទូលាយដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព។

បើតាម លោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានជនជាតិភាគតិចកួយ រស់នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ចំនួន ៧ភូមិ ស្មើនឹង ១៧៩គ្រួសារ ក្នុងនោះមាន ៥ភូមិទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ និង ២ភូមិទៀតជាភូមិឧបសម្ព័ន្ធ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៥

ខេត្តសៀមរាប៖ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី សឿន សេន បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះត្រួតពិនិត្យការធ្វើសន្និធិឈើមូលចម្រុះ។

ការចុះបង្ក្រាបនៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅដីឡូត៌មួយកន្លៃងនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះ សាយ មេសា អាយុ ៥៥ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី សឿន សេន បានបន្តថា ប្រតិបត្តិការ បង្ក្រាបនេះកម្លាំងចម្រុះ បានធ្វើចំណាត់ការ៖ ចាប់យកឈើមូលចម្រុះលេខ១ (ផ្ចឹក សុក្រំ ឈ្លីក ក្រឡាញ់ កកោះ ) ចំនួន៤៩ដើម ស្មើ ៧ ម៉ែត្រត្រីគុណ ៨៩៧ គ្មានច្បាប់អនុញ្ញាតពីមន្រ្តីជំនាញ ដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់ ស្តីពីព្រៃឈើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៥

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងពាក់ព័ន្ធករណី ហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស។

ការឃាត់ខ្លួននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យ​ឈ្មោះ វ៉ាន់ សុខ​ថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង០០:២០ នាទីរំលងអធ្រាត ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស បង្កឡើង​ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប និងបក្ខពួកមានគ្នា០៣នាក់ បានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់។

តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប បានឆ្លើយសារភាពថារូបខ្លួន និងបក្ខពួក ពិតជាបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៥

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិនេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សាស្រះកកោះ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក​ ស្រុកបាធាយ​ ដើម្បីការពារនូវជម្ងឺ ឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោម កិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ​​ ។

បើយោងតាមលោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន ១ ៨៨៩ក្បាល និងក្របី ១ ២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះមាន​ គោចំនួន ៦១៣ក្បាល និងក្របីចំនួន ៩៩១ក្បាល។​ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ​វិញ គឺតែងតែធ្វើឡើងជាប្រចាំ​ នារដូវទឹកឡើង​ ដោយ​មិន​​តម្រូវ​ឱ្យ​​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡេីយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៥

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាពនិងសន្តិភាព

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ទៀ សីហា នៅមុននេះបន្តិចបានបង្ហោះសារមួយទាក់ទងនឹងវីដេអូដែលជាការប្រមាទសម្ដេចតេជោហ៊ុន សែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសរសេរយ៉ាងដូច្នេះថា៖ ការបង្ហោះវីដេអូ មានសមត្ថកិច្ច និងប្រជាជនមួយចំនួន បានយករូបថ្នាក់ដឹកនាំប្រទេសកម្ពុជាមកលេងសើចបែបនេះ តើមានបំណងអ្វី?
១-ចង់បង្ហាញថា ប្រជាជនថៃ និងកងកម្លាំងស្អប់ថ្នាក់ដឹកនាំកម្ពុជា?
២-មិនចង់ឱ្យបញ្ចប់ការប៉ះគ្នានៅព្រំដែនកម្ពុជា-ថៃ ដែលបាននាំគ្នាអនុវត្តបទឈប់បាញ់ ៦៩ថ្ងៃមកនេះ
៣-ក្រុមអគតិមួយចំនួន ចង់ឱ្យប្រជាជាតិខ្មែរស្អប់ប្រជាជនថៃ ដល់កម្រិតមួយដែលមិនអាចវិលមកវិញបាន

ខ្ញុំតែងតែគិតថា ប្រជាជនថៃមានការសិក្សាល្អ មានភាពថ្លៃថ្នូរ ប្រទេសជឿនលឿនជាប់លំដាប់ថ្នាក់ក្នុងអាស៊ាន តែមើលទៅខ្ញុំគិតខុសហើយ វាក៏នៅមានក្រុមដែលមិនបានស្គាល់ពិភពលោកខាងក្រៅដែរតើ។

ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមទាំងនេះ រឿងបង្អាប់ រឿងសម្តែង មើលងាយគេ(Bully) ឬ don’t thai to me គឺដោយសារក្រុមនេះហើយ ដែលធ្វើឱ្យពិភពលោកមើលឃើញជ្រុងខ្មៅងងឹតរបស់ប្រទេសថៃ(dark side of thailand)។

សូមបងប្អូនជនរួមជាតិ កុំយកតម្រាប់តាម កម្ពុជាយើងមិនឈានដល់កម្រិតអសីលធម៌ គ្មានសុជីវធម៌ បែបក្រុមនេះទេ។ ខ្ញុំស្រឡាញ់ រាប់អានមនុស្ស មិនប្រកាន់ជាតិសាសន៍នោះទេ សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាព និងសន្តិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៥

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់

ខេត្តសៀមរាប៖អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកមិញនេះ បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោក អប់រំអំពីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវជាតិ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិក ជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

លោកបានបន្ដថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ ទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោក លឿម រស្មី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានឱ្យដឹងថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោកបានបន្តថា គ្រោះថ្នាក់ចរាចណ៍ នៅក្នុងខេត្តសៀមរាបកន្លងងមកភាគច្រើន គឺបណ្តាលពីមិនគោរពច្បាប់ចរាចណ៍ ដូចជាបើកបរហួសល្បឿនកំណត់ ការបត់មិនគោរពតាមផ្លាកសញ្ញ ឬគំនូសចរាចណ៍ជាដើម ដោយពួកគាត់ជិះតាមទម្លាប់។

លោកប្រធានមន្ទីរក៏បានស្នើសុំយ៉ាងទទូចដល់អ្នកបើកបរទាំងអស់សូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន បឈ្ឍប់ការបើកបរតាមទម្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page12 Page13 Page14 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×