Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២៥

ខេត្តកំពង់ធំ៖ក្រោមប្រតិបត្តិការចុះបង្ក្រាបទីតាំងករណី សញ្ចរកម្ម១កន្លែង ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ដែលមានទីតាំង ស្ថិតក្នុងភូមិ ត្រពាំងឬស្សី ឃុំ ក្រយា ស្រុកសន្ទុករំដោះជនរងគ្រោះចំនួន៥នាក់។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៥ ដឹកនាំដោយលោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៥

សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មី

សម្ដេចកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមព្រះរាជដំណើរសម្ដេចព្រះរាជបុត្រី ព្រះអនុជនរោត្តម អរុណរស្មី  និងអមដំណើរដោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម លោកជំទាវ យាង និងអញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មីដែលទើបប្រទះឃើញ ដែលមានយកមកតម្កល់រក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ០៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក  ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះលោក ហ៉ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា៖ ព្រះប្រតិមាអង្គថ្មីដែលទើបរកឃើញនេះ នឹងដាក់តាំងបង្ហាញក្នុងអគារសារមន្ទីរខេត្តកំពង់ធំក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មុននឹងធ្វើការរក្សាទុក ដើម្បីធ្វើការសម្អាត និងជួសជុល មុននឹងដាក់បង្ហាញម្ដងទៀត។ បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបានបន្ថែមថា បដិមានេះធ្វើអំពីស្ពាន់ ដែលទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ) ឬអាចជាព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) (ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុងដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាសនិងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ)។ តាមទម្រង់ព្រះភក្រ្ត និងសំពត់របស់ទេព បដិមានេះទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣ – ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៥

ខេព្រះវិហារ៖គណៈបញ្ជាការឯកភាពស្រុកឆែប សហការជាមួយកម្លាំងយោធា បានបើកប្រតិបត្តិការបង្ក្រាបរថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿង ដឹកទំនិញមកពីប្រទេសថៃ ដោយធ្វើការនាំចូលតាមប្រទេសឡាវ ឆ្លងកាត់ច្រកព្រំដែនកំពង់ស្រឡៅ ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាក់ស្តែង។

អភិបាលស្រុកឆែប លោក ឃិត សុធារ៉ា និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅយប់ថ្ងៃទី១៦ ខែសីហា លោកបានសហការជាមួយកម្លាំងយោធា ធ្វើការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃទាំង៤គ្រឿង ដែលកំពុងលើកទំនិញដាក់រថយន្តនៅច្រកពំដែនកំពង់ស្រឡៅ។

អភិបាលស្រុក បានថ្លែងបញ្ជាក់ថា ការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃនេះ ដោយសង្ស័យថា ទំនិញមួយចំនួនគឺជាប្រភេទទំនិញដែលច្បាប់បានហាមឃាត់។ រថយន្តទាំងនេះត្រូវបានបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញ ធ្វើការពិនិត្យជាក់ស្តែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅមុននេះបន្តិចបានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៣កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃនៅថ្ងៃសៅរ៍ទី១៦ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ក៏បានជួបប្រជុំគ្នា ហើយនៅថ្ងៃទី១៦សីហានេះ គឺជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) ដែលធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ៕

Welcome the positive outcomes of Cambodia-Thailand Extraordinary Regional Border Committee (RBC) meeting between Cambodia’s Military Region 3 and Thailand’s Chanthaburi and Trat Border Defense Command, Saturday 16 August 2025.

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៥

ជនដៃដល់ម្នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការ ជាមួយស្នងការដ្ឋាននគរបាលកំពត និងខេត្តតាកែវ ដោយបានធ្វើការស្រាវជ្រាវតាមទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៥៖១០នាទី ត្រង់ចំណុចភូមិស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីឃាតកម្ម បានកើតឡើង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖២៥នាទី នៅភូមិខ្នាច ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្កឡើងដោយជនសង្សយ័ឈ្មោះ នាក់ សំណាង (ហៅទេព) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះឈ្មោះ ងយ ទីម ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗ។

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ងយ ទីម បណ្តាលឲ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែមុនពេលកើតហេតុខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានយកអាវុធខ្លីកែច្នៃ ប្រើគ្រាប់កាំកង់ មកបាញ់លើខ្លួនចំនួន២គ្រាប់ ទើបខ្លួនធ្វើសកម្មភាពខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលកំពត និងខេត្តតាកែវ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៥

ខ្ចីម៉ូតូជិះទៅផឹកកាហ្វេមួយភ្លែតនៅស្រុកអង្គរជុំ បើកមកដល់សៀមរាប

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថុខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ករណី រំលោភលើទំនុកចិត្ត (យយកម៉ូតូ។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភឿង សំបាន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ​ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចោទប្រកាន់ទៅលើ ឈ្មោះ យុង ផាយីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិចំបក់ ឃុំចំបក់ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា កាលពីម៉ោង ១៣:១៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យ​បានខ្ចីម៉ូតូទៅផឹកកាហ្វេមួយភ្លែត ស្រាប់តែបាត់រហូត នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អង្គភាពនគរបាលយុត្តិធម៌ និងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប
ចាប់វត្ថុតាងរួមមាន៖
១. ម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប 1AP-9349 (ជារបស់ជនរងគ្រោះ)
២. ទូរសព្ទដៃចំនួន ០២គ្រឿងៈ (OPPO ចំនួន ០១គ្រឿង-និង realme ចំនួន ០១គ្រឿង)។

បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៥

ភ្នំពេញ៖ជនជាតិខ្មែរចំនួន៤នាក់ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបពាក់ព័ន្ធករណីចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១៖៤០នាទី មានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបន្តថា ភ្លាមៗនោះដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តខាងលើ នៅចំណុចច្រកចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួន
ជនសង្ស័យចំនួន៤នាក់រួមមាន៖

១៖ ឈ្មោះ ផាត ផល់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (តៃកុងរថយន្ត)
២៖ ឈ្មោះ សៀប គីមសាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
៣៖ ឈ្មោះ គង់ ដេវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
៤៖ ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ចំណែកជនរងគ្រោះដែលក្រុមជនសង្ស័យបានចាប់ខ្លួនមានឈ្មោះ LU HONG GUO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ពួកពិតជាបានដឹកជនរងគ្រោះ តាមរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 ពីចំណុចរាជធានីភ្នំពេញ ដើម្បីយកទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមានការបញ្ជាពីមេក្លោងដែលកំពុងរត់គេងខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានជនរងគ្រោះម្នាក់មានទីលំនៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹង នៅកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យជួយស្វែងរកមនុស្សស្រីម្នាក់ដែលបានចូលលួចយក (Tablet) ពណ៌ប្រផេះចំនួន ០១គ្រឿងដែលទុកនៅលើតុគិតលុយកន្លែងលក់នំខេក មានទីតាំងនៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៧:១៦នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវ ដោយមើលសកម្មភាព តាមកាមេរ៉ាសុវត្ថិភាព ឃើញស្រីម្នាក់ចូលទៅយក (Tablet) រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។

លុះដល់ម៉ោង ១៧:១០នាទី បានរកឃើញស្ត្រីដែលជាជនបង្ក នៅផ្ទះស្ថិតនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានដកហូតម៉ូតូចំនួន ០១គ្រឿង ដែលបានជិះធ្វើសកម្មភាពផងដែរ។

ដោយបានការអនុញ្ញាតិពី ​ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានអនុញ្ញាតិឱ្យជនសង្ស័យដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (សរសៃប្រសាទ) ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៥

មន្ត្រីអធិការកិច្ចលួចដឹកពលកររបំរ៉ុងនាំឆ្លងដែនទៅប្រទេសថៃ ត្រូវកម្លាំងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖មន្ត្រីអធិការកិច្ចម្នាក់ ឈ្មោះអ៊ុន ពៅ ត្រូវកម្លាំងបានកងរាជអាវុធហត្ថស្រុកម៉ាឡៃធ្វើការឃាត់ខ្លួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង៧,៥៥នាទីយប់ ពាក់ព័ន្ធនឹងបទល្មើសដឹកពលករ ខ្មែរបំរ៉ុងនាំឆ្លងដែនចេញទៅប្រទេសថៃ។

ប្រតិបត្តិការនេះកម្លាំងរាជអាវុធហត្ថ ឃាត់រួមមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌឺ (Highlander) ពណ៌ស្ករ ស្លាក់លេខ កំពង់ឆ្នាំង 2C-8747 នឹងប័ណ្ណសម្គាល់ខ្លួនមួយសន្លឹក ជាមន្ត្រីអធិការកិច្ច។

នៅក្នុងរថយន្តកម្លាំងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនពលករចំនួន ៩ នាក់ មានឈ្មោះ÷
១/ អឹម អៀ ភេទប្រុស អាយុ៣៦ ខេត្តកំពង់ចាម
២/ ជ័យ នៀត ភេទស្រី អាយុ២៨ កំពង់ចាម
៣/ ចាន់ ស្រស់ ភេទស្រី អាយុ៣៤ ខេត្តកំពង់ធំ
៤/ អេង ប៊ុនសាន ភេទប្រុស អាយុ៤៤ កំពង់ធំ
៥/ ស្រី ចាន់ ភេទប្រុស អាយុ៤៥ បន្ទាយមានជ័យ
៦/ ដន សុភក្រ្ត ភេទប្រុស អាយុ២១ កំពង់ចាម
៧/ លី អៀង ភេទប្រុស អាយុ៣៩ បាត់ដំបង
៨/ ថន ធូ ភេទប្រុស អាយុ៣២ បន្ទាយមានជ័យ
៩/ ចន ចាន់ ភេទស្រី អាយុ៣៤ បន្ទាយមានជ័យ។
ក្រោយពីបានធ្វើការសាកសួរពលករទាំង ៩ នាក់ត្រូវបានកម្លាំងរាជអាវុធហត្ថអប់រំណែនាំ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

ចំណែកឯម្ចាស់រថយន្តដែលជាមន្ត្រីអធិការកិច្ចត្រូវបានកម្លាំងកងរាជអាវុធហត្ថ កសាងឯកសារបញ្ជូនទៅ រាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៥

លោកមាស ធីបញ្ញា ទិញដីចេញសែក តែសុទ្ធជាសែកស្អុយ

ផ្តើមចេញពីសន្យាទិញ-លក់ដី ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រវាង លោក ម៉ម គឹមលី ជាអគ្គនាយកក្រុមហ៊ុន សុក្រិត លែន រៀល អ៊ីស្ទេត ឯ.ក បានលក់ដីទៅឱ្យ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន នូវដីចំនួន៣៤ឡូតិ៍ស្មើនឹងទំហំ ៣៤០០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតម្លៃព្រមព្រៀងគ្នាចំនួន១៧ម៉ឺនដុល្លារអាម៉េរិក។

ដើម្បីធានាលើការទូទាត់ប្រាក់ជូនភាគីអ្នកលក់ ពោលគឺ ភាគីអ្នកទិញ សំដៅលើ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានចេញសែកចំនួន១០សន្លឹកក្នុងមួយសន្លឹកមានចំនួន ១៧.០០០ដុល្លារអាម៉េរិក ។ ប៉ុន្តែ ក្រោយមក លោក ម៉ម គឹមលី ក៏បានយកសែកមួយសន្លឹកទៅបញ្ជាក់នៅធនាគារ ABA គឺ សែកនេះគ្មានសាច់ប្រាក់នោះទេ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

លោក ម៉ម គឹមលី បញ្ជាក់ថា ដីទាំងអស់ដែល លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញពីលោក គឺ បានលក់អស់ទៅហើយឱ្យអ្នកដទៃ តែមិនព្រមប្រគល់ប្រាក់មកឱ្យ លោក ម៉ម គឹមលី នោះទេ។

ដោយសារភាគីអ្នកទិញ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន គ្មានឆន្ទះក្នុងការដោះស្រាយដោយសន្តិវិធីនិងគេចវេសនោះ ពេលនេះ លោក ម៉ម គឹមលី បានដាក់ពាក្យបណ្តឹងរួចហើយ។

យោងតាមពាក្យបណ្តឹងរបស់លោក ម៉ម គឹមលី នៅថ្ងៃទី១៣ ខែសីហា បានគោរពជូនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញដីឡូតិ៍ពីលោក ម៉ម គឹមលី ចំនួន៣៤ឡូតិ៍ មានតម្លៃសរុប១៧ម៉ឺនដុល្លារអាម៉េរិក ។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទូទាត់ជាដំណាក់កាលនីមួយៗ យោងតាមកិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និង កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ម គឹមលី ជាដើមបណ្តឹង បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន មិនបានទូទាត់ប្រាក់មកឱ្យ លោក ម៉ម គឹមលី ចំនួន១៧ម៉ឺនដុល្លារអាម៉េរិក តាមកាលបរិច្ឆេទដូចបានកំណត់ក្នុងសែក ABA ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នោះទេ ដោយសែកនេះគ្មានសាច់ប្រាក់ឡើយ។

ដើមបណ្តឹង លោក ម៉ម គឹមលី បានសំណូមពរឱ្យលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន ផង។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក មាស ធីបញ្ញា បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៥

កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជា«១៨រូប»ដែលបានចាប់ខ្លួនមានរយៈពេល«១៥ថ្ងៃ»ហើយ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ នាទីក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗដែលកងកម្លាំងរបស់យើងត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មកទល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយគិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះកម្ពុជាស្នើអោយភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូបអោយត្រឡប់មកវិញជាបន្ទាន់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់បន្ថែមថា ក្រសួងការពារជាតិ និងកងយោធពលខេមេភូមិន្ទព្រមទាំងសហគមន៍អន្តរជាតិនឹងនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត។ ការអនុវត្តន៍បទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើអោយបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលចង់ឃើញផងដែរតាមរយៈការចេញសារជាច្រើននូវការសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធិជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើមដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញនិងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២៥

តំបន់ហាមឃាត់វារីអគ្គិសនីសេសាន២ បើកប៉ារាស់ឲ្យមានរថយន្តដឹកឈើចេញយ៉ាងរលូន

ខេត្តស្ទឹងត្រែង៖មានការលើកឡើងថាប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ និងអ្នកភូមិរស់នៅភូមិតាឡាត់ ឃុំតាឡាត់ និងឃុំស្រែគរថ្មី ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បង្ហើបឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ហាមឃាត់វារីអគ្គិសនីសេសាន២ យ៉ាងក៏គគ្រឹតគ្រេងគ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណា ហ៊ានធ្វើការទប់ស្កាត់ បង្ក្រាបឬរាំងស្ទះអ្វីឡើយ។ សព្វថ្ងៃជាតំបន់ហាមឃាត់បានតែពលរដ្ឋប៉ុណ្ណោះ ចំណែក រថយន្តចូលដឹកឈើ សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលយាមនៅបារ៉ាស់ច្រកចូលផ្លូវវ៉ារីនោះ អត់ដែលឃើញឃាត់ឡានឈើនោះឡើយ។

ប្រភពបានបន្តថា ខណៈបច្ចុប្បន្ននេះ នៅមានកងកម្លាំងអាវុធហត្ថខេត្ត ដាក់ប៉ារាស់ ត្រួតពិនិត្យហាមឃាត់ និងឆែកឆេរ ធ្វើឲ្យពួកគាត់លំបាកក្នុងការចេញចូលម្តងៗ ទៅពីរួមខេត្តក៏ដូចការដឹកទំនិញផលកសិផលផ្សេងៗ ទៅលក់នៅទីផ្សារផងដែរ នៅចំណុចផ្លូវចូលទៅវារីអគ្គិសនី សេសានក្រោមពីរ ចេញពីរឃុំតាឡាត់ និងឃុំស្រែគថ្មី។ ប៉ុន្តែ ចម្លែករថយន្តដឹកបទល្មើសផលិតផលព្រៃឈើ ដឹកជញ្ជូនចេញចូលបានយ៉ាងសេរី បែជាគ្មានការរំខាន និងហាមឃាត់ ឬទប់ស្កាត់បង្ក្រាបឡើយ។

ចំពោះអ្នកសារព័ត៌មានវិញ មិនអាចឲ្យចូលបានឡើយ សមត្ថកិច្ចកងរាជអាវុធហត្ថ យាមបារ៉ាស់ខាងលើ ហាមដាច់ខាតមិនឲ្យចូល ទោះបីប្រាប់គាត់ថា ទៅលេងបងប្អូន ឬមានធុរៈនៅទីនោះក៏ដោយចុះ។ ឬមួយខ្លាចអ្នកសារព័ត៌មានដឹងរឿងសមត្ថកិច្ច និងមន្ត្រីជំនាញ ទាំងនោះឃុបឃិតគ្នា ជាមួយមេឈ្មួញ រកស៉ីដឹកជញ្ចូន បទល្មើសផលអនុផលព្រៃឈើ ទាំងនេះហើយមើលទៅ? មិនទប់ស្កាត់បង្ក្រាប បែជាបង្កើតឲ្យមានបទល្មើសទាំងនេះទៅវិញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជុំវិញរឿងនេះលោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប៉ារ៉ាស់ត្រួតពិនិត្យនេះ ជាកន្លែងតំបន់ហាមឃាត់ ជាពិសេសអ្នកសារព័ត៌មាន។ លោកបន្តថា បើមានបទល្មើស លោកឲ្យរាយការណ៍ទៅ មន្ត្រីជំនាញ ដូចជាបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើទៅ។

សូមបញ្ជាក់ថា: សកម្មភាពដឹកជញ្ជូនឈើខាងលើ
គេសង្ស័យមានឈ្មោះ លោក ធី កាប៉ូ និងឈ្មួញជាច្រើនអ្នកទៀតដែលធ្វើសកម្មភាព ដោយការកាប់អារជ្រៀកឈើ ដឹកចេញពីដែនជម្រកសត្វព្រៃ ភ្នំក្រឡាពាស ដឹកយកមកផ្ញើ ចល័ត តាមផ្ទះប្រជាពលរដ្ឋ ដើម្បីលក់សាងដាក់រថយន្ត ក្រុមពួកឈ្មួញខាងលើនេះ យ៉ាងសកម្មគ្មានអ្នកបង្ក្រាបនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page19 Page20 Page21 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×