មន្ត្រីសម្ដែងការសោកស្តាយចំពោះការបាត់បង់ជីវិត សត្វដំរីព្រៃ ១ក្បាល ដែលជាប់ក្នុងភក់ ក្រោយព្យាបាលបានជាច្រើនថ្ងៃ
ក្រក្រោយខិតខំព្យាបាលសត្វដំរីព្រៃ ដែលជាប់ផុងភក់អស់ពេលមួយសប្តាហ៍ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដំណឹងចុងក្រោយសត្វដំរីញីនេះបានបាត់បង់ជីវិតហើយកាលពីម៉ោង៥ព្រឹក។
យោងតាមព័ត៌មានដែលទទួលបានមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយ ជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាល ដែលមានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥:៣៨ នាទីព្រឹក។
សូមបញ្ជាក់ថា៖ ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញសត្វដំរីព្រៃញីមួយក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេលបីថ្ងៃនៅកន្លែងកើតហេតុ។
ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញីមួយក្បាលនេះមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ ដោយសុខភាព សត្វដំរីព្រៃញីមួយក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។
បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត នៅវេលាម៉ោង២ រសៀលនាថ្ងៃទី១០ នេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕SRP

