ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានប្រាប់ដល់ក្រុមហ៊ុនម៉ៅការ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យនិងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ខឿនច្រាំងទន្លេ ដោយមានគុណភាពរឹងមាំល្អ សម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ។អភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណា ឲ្យការសាងសង់ច្រាំងទន្លេនេះ រួចមុនរដូវទឹកឡើងនាពេលខាងមុខនេះ។
លោកអភិបាលខេត្តថ្លែងបែបនេះនៅសាលាខេត្តកំពង់ចាមនាព្រឹកមិញនាពេលដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេ ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ក្រោមវត្តមាន លោកខ្លូត ផនប្រធាន ក្រុមប្រឹក្សាខេត្ត។
គួរបញ្ជាក់ថាការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ កន្លងទៅ ថ្មីៗ នេះ ក្រោមអធិបតីភាព លោក អភិបាលខេត្ត និងលោក ប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានកំពុងសិក្សាគម្រោង សាងសង់ខឿនច្រាំងទន្លេ ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរ នាពេលកន្លងមកនេះ៕SRP
