Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកនេះ បានសរសេរសំណេរ នៅលើទំព័រផេកហ្វេសប៊ុកផ្លូវការថា៖ ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ
រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភ: ១៩៧៩- ២៤ កុម្ភ: ២០២១)។

សម្ដេច ហ៊ុន សែន សរសេរថា៖
កាលពីលើកមុន ខ្ញុំបានសរសេរ រៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។

ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។

ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។

ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។

ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។

ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជំរាបទៅប្រធាននយោបាយនៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតអោយខ្ញុំយក​ រ៉ានី​ ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក​ រ៉ានី​ មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់រ៉ានី​ ដែលខ្ញុំបាននាំនាងមកអោយឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើងនិងឈានដល់ស្លាប់មិនខាន។

ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ​ រ៉ានី​ ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ​ និង​បំរើ​ រ៉ានី​ ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្លុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយឬរំលឹកពីរឿងកូនស្លាប់ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។

ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ​ រ៉ានី​ លើសពីមួយសប្តាហ៏ បន្ទាប់ពីរៀបការហើយ។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី​ មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើងតើប្រពន្ធនិងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ឋកើតឡើង។ ខ្ញុំបា​នទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេទ្យកងទ័ពដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង៣០គីឡូម៉ែត្រ។

បែកគ្នាលើកមុនៗត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប​ រ៉ានី​ ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន២ថ្ងៃដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។

មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកអោយ​ រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រហែល២រសៀល បន្ទាប់ពីបញ្ជាអោយកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី។ ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យសរសេរដែលទីបំផុតខ្ញុំបានប្រើពាក្យថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។ រឿងដែលពិបាក តើត្រូវប្រាប់រ៉ានីថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬ សរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំអោយមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។

ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល៤ល្ងាច បន្ទាប់ពីប្រគល់លិខិតនិងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះនឿន(ពេលនេះជាឧត្តមសេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បីបញ្ជូនទៅអោយភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។

សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា(ចេញភ្លាមទៅ ចេញអោយឆាប់)ស្រែកច្រើនដង និង ខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៍មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សម្លេងឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។ នៅពេលយុទ្ធជន៣នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ?ពួកគេទាំង៣នាក់ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់អោយខ្ញុំចាកចេញហើយ។

ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ២លើករួចមកហើយ។លើកទី១នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកអោយខ្ញុំ(ជំនឿមនុស្សខ្លះយល់សប្តិបានសារ៉ុងសូត្រគឺនឹងមានប្រពន្ធ)មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែលរ៉ានីក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។

ការព្រាត់គ្នានាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។​ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។​ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។

តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេ ហើយប្រសិនបើបានទទួលវិញគឺសុទ្ឋតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។

មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំយល់សប្តិឃើញ​ រ៉ានីភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូកដើម្បីអុំទៅយក​ រ៉ានី​ ស្រាប់តែនាឡិកា​ រោទ៍ឡើងនៅម៉ោង៥ភ្លឺ ធ្វើអោយខ្ញុំភ្ញាក់ពីដេកដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានីនៅរស់ឬស្លាប់។

ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ស្លាប់ដោយជម្ងឺឬស្លាប់ដោយគេសម្លាប់?​ ហើយតើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់?​ ឬស្លាប់ទាំងមានផ្ទៃពោះ?​ ប្រសិនកូនខ្ញុំកើតហើយតើគេប្រុសឬស្រី?​ តើគេនៅរស់ឬស្លាប់?ប្រសិនបើកូនខ្ញុំនៅរស់តើគេនៅទីណា?​ សំនួរជាច្រើនបានធ្វើអោយខ្ញុំហូរទឹកភ្នែកដោយការឈឺចាប់។

ល្ងាចថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមាន២លើករួចមកហើយ។ លើកទី១មានស្ត្រីអាយុប្រហែលម្តាយ ខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំហ្ណឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាច ហើយ ខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ​ រ៉ានី​ ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅរស់ជារៀងរហូតមក​ តែដើម្បីសេចក្តីសុខ​ នាងសុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាកមួយរយះទៀត។​ ការជួបជុំឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយនិងមេម៉ាយ​ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ​ រ៉ានី
មានឈ្មោះថាជាមេម៉ាយកូន១។

ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែ​ដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។​ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត២ខែនេះរលូត។ សោកដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។សូមកុំអោយរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាតទៅទៀត។
ការជួបគ្នាកាលពី៤២ឆ្នាំមុនគ្រួសារខ្ញុំមាន
មនុស្សតែ៣នាក់គឺខ្ញុំនិងភរិយានិងកូន
ប្រុសមួយគឺហ៊ុន ម៉ាណែតតែប៉ុណ្ណោះ។៤២ឆ្នាំក្រោយគ្រួសារនេះមានមនុស្សរហូត៣៤នាក់គឺខ្ញុំនិងភរិយាកូនបង្កើត
៥នាក់កូនប្រសា៥នាក់និងចៅ២២នាក់
ដែលនេះក៍ឆ្លុះបញ្ចាំងពីការកើនឡើងនៃ
ចំនួនប្រជាជនពីប្រមាណ៥លាននាក់នាឆ្នាំ១៩៧៩ហើយមកដល់ពេលនេះមានប្រមាណ១៦លាននាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានរង របួសធ្ងន់ខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៤និង៣០ នាទីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ រវាងរថយន្តនិងម៉ូតូ បញ្ច្រាស់ ទិសគ្នា ពីជើង ទៅត្បូង ត្រង់ចំណុចភូមិកកោះជ្រំុ ឃំុខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ច ស្រុកបន្ទាយស្រី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2AF9282 បើកបរដោយឈ្មោះអិបមភារម្យ ភេទប្រុសអាយុ24ឆ្នាំ
ទីលំនៅភូមិឬស្សីសាញ់ ឃំុជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប បុកជាមួយម៉ូតូហុងដា C125ពណ៌ខ្មៅ សេរីឆ្នាំ2016 ពាក់ស្លាកលេខបន្ទាយមានជ័យ 1N4084 បើកបរដោយឈ្មោះឡាង រក្សា ភេទស្រីអាយុ17ឆ្នាំ នៅភូមិរំជ័យ ឃំុល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅកន្លែងប៉ូលិស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកអង្គរជុំបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ករណីហិង្សា នេះ នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២២ ខែខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ខាងជើងភូមិស្រែខ្វាវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះសាំ មិសស្តាវ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹងប្រួល ឃុំបឹងប្រួល ស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ បានយកម៉ាលេត វាយទៅលើ ឈ្មោះធំ ណាក់ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់ ( បែកក្បាលផ្នែកខាងក្រោយដេរចំនួន២០ថ្នេរ និងបែកខ្ទង់ច្រមុះ)។
ជនសង្ស័យ ត្រូវបានកម្លាំងអធិការនគរបាលស្រុក ឃាត់ខ្លួន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះកសាងសំណុំរឿងតាមនីតិវិធី។ ទោះជាយ៉ាងណាសមត្ថកិច្ច មិនទាន់បញ្ជាក់ អំពីមូលហេតុ ករណីហិង្សានៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖“នៅក្នុងជីវិត អ្នកបានជួបរឿង លំបាកនិង បរាជ័យ ជាច្រើន ប៉ុន្តែ អ្នកមិនអាចបណ្ដោយឱ្យបាក់ទឹកចិត្ត និងលះបង់គំនិតដើមរបស់អ្នកបានឡើយ”

ក្នុងលោកយើងនេះ មនុស្សភាគច្រើនតែងតែភ័យខ្លាច ព្រមទាំងជួបការបរាជ័យ មិនអាចគេចផុតឡើយ ប៉ុន្តែដំណឹងអាក្រក់ខ្លាំងនោះគឺថា ពួកគេ បណ្ដោយខ្លួន ” ឲ្យស្ថិតក្នុងទីតាំង និងការគិតបរាជ័័យ” ដោយនិយាយពាក្យលួងលោមខ្លួនឯងថា ” នោះគឺជាព្រហ្មលិខិត ” ។
នៅក្នុងអត្ថបទនេះ សូមមិត្តអ្នកអានធ្វើការពិចារណា:
1 : តើការផលិតឡានចេញមកពីព្រហ្មលិខិតដែរឬទេ?
2: តើអាគារធំៗ ព្រមទាំង សេវាកម្មផ្សេងៗ ដែលមនុស្សបានសាងសង់ឡើង ចេញមកពីព្រហ្មលិខិតដែរឬទេ?

ជាការពិតណាស់ ទាំងអស់នោះកើតចេញមកពីគំនិត និងកម្លាំងចិត្ត ដើម្បីបំពេញឲយបាន នូវកិច្ចការដែលពួកគេត្រូវធ្វើឲ្យបានសម្រេច ។
” គ្មាននរណាម្នាក់ក្រីក្រអស់មួយជីវិតនោះទេ លើកលែងតែ មនុស្សក្រគំនិត បាក់ទឹកចិត្ត និងកំណត់់ព្រំដែនជំនឿរបស់ខ្លួនខ្លួន” ភាពនឹងថ្កល់មិនហ៊ានធ្វើការសម្រេចចិត្ត ការធ្វើកិច្ចការដដែល រក្សាទម្លាប់ដដែល គឺជាភាពគ្រោះថ្នាក់់ខ្លាំង ជាងការសម្រេចចិត្តប្រថុយប្រថាន ដើម្បីឲ្យបានសម្រេចហើយមួយ។

ឧទាហរណ៍អំពីលោក Colonel Harland Sanders ដែលជាស្ថាបនឹក នៃហាង KFC
លោកបានអភិវឌ្ឍខ្លួនឲយមានទេព្យកោសល្យនៃ មាន់បំពង ដែលឆ្លងកាត់ ការបរាជ័យរាប់មិនអស់ ប៉ុន្តែគាត់មិនបោះបង់់គំនិត និង ក្តីស្រមៃ របស់គាត់ រហូតមកដល់ពេលនេះ ហាង KFC ត្រូវបានរីកសុះសាយ ជាង 150 ប្រទេស នៅពាសពេញពិភពលោក ។

” ការប្រថុយ ធ្វើ ប៉ុន្តែសូមកុំ បោះបង់ចោល ” ពីព្រោះគាត់យល់ឃើញថា ការដួល គឺជាឱកាស ងើបឡើងដើម្បីជោគជ័យ ប្រសិនបើមិនទាន់បានជោគជ័យខាងផ្នែកហិរញ្ញវត្ថុ វាត្រូវតែជាអាកាស ជោគជ័យចំពោះការរៀនពង្រឹងសមត្ថភាព ពីបទពិសោធន៍ដែលកន្លងផុត ” ពីព្រោះគាត់យល់ឃើញថា គ្មានភាពអស្ចារ្យណា កើតឡើង ដោយគ្មានការបរាជ័យ និងភាពតស៊ូស្វិតស្វាញដោយ ។

សូមចុះចាំថា : ឱកាសល្អ មិនអាចកើតឡើង ចំពោះអ្នកគិត ” អវិជ្ជមាន និងអ្នកភ័យខ្លាចបានឡើយ ” ការគិតវិជ្ជមានល្អៗ ធ្វើរឿងល្អៗ បន្តិចម្ដងៗ ផលល្អៗនិងជឿចំពោះរូបអ្នក។

និពន្ធដោយលោក សឿន តុលា ស្ថាបនិក ក្រុមហ៊ុន
ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ ប្រភេទ របាំងសាច់អ៊ួន របាំងសាច់ក្រហម រុញស៊ីប អូសលាស និងយ៉ាងកាវ បានកើតមានយ៉ាងពេញបន្ទុក នៅក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ប្រការដែលមានបទល្មើសនេសាទអនាធិបតេយ្យបែបនេះ ត្រូវបានគេសង្ស័យថា លោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផល សូទ្រនិគម និងលោកនាយសង្កាត់រដ្ឋបាល ជលផល កំពង់ឃ្លាំង គិតតែផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីការបាត់បង់មឆ្ឆាជាតិឡើយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមអ្នកព័ត៌មានបាន ចុះថតផ្ដិតយករូបភាព ពីសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅចំណុច ត្រចៀកតាមា ចំណុចឆេះកែវ ចំណុចវេហានិងចំណុចកាប់ចិន ជាប់ព្រំប្រទល់ ឃុំអន្លង់សំណរ ស្រុកជឺក្រែង ខេត្តសៀមរាប និងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បន្ថែមថានៅចំណុចខាងលើ គេឃើញបទល្មើសនេសាទ ដាក់របាំងហ៊ុំព័ទ្ធ ដែលមានប្រវែងរាន់ពាន់ម៉ែត្រ និងជាបទល្មើស ហាមឃាត់ មិនឲ្យប្រើប្រាស់ឧបករណ៍ ទាំងនោះទេ ក៏ប៉ុន្តែ បែជា នាយសង្កាត់អន្លង់សំណរ នឹងសង្កាត់កំពង់ឃ្លាំង រួមជាមួយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលសូត្រនិគម មិនទប់ស្កាត់បង្ក្រាបទៅវិញ ទុកឲ្យឈ្មួញនេសាទ ធ្វើសកម្មភាពតាមតែអំពើចិត្ត។

បើតាមតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅក្នុងឃុំកំពង់ឃ្លាំង បទល្មើសនេសាទខុសច្បាប់ បានកើតមានឡើង យ៉ាងផុសផុលបំផុត ខណ: លោក សរ ម៉ាប់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជុំវិញព័ត៌មាននេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនអាចសុំការបំភ្លឺពី លោក លោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផល សូត្រនិគម បានទេ ដោយទូរស័ព្ទមិនទាកក់ទងបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែនឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គនាយក, ព្រមទាំងឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួកបានរាយការណ៍ថា ស្ត្រីម្នាក់បានលង់ទឹកស្លាប់ នៅម៉ោង១១ថ្ងៃទី២២ ខែកម្ភ: ម្សិលមិញ ត្រង់ចំណុចប្រឡាយទឹក ជីកជាប្រព័ន្ធជុំវិញ ដីចំការ ចំងាយពីភូមិប្រហែល២ពាន់ម៉ែត្រ នៅទិសខាងត្បូង ក្នុងភូមិស្ទឹងព្រះ ស្រុកឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនរងគ្រោះ ឈ្មោះណាប់ សែន អាយុ៤២ឆ្នាំរស់នៅភូមិឃុំខាងលើ មុខរបរកសិករ។មូលហេតុ ស្រវឹងស្រាចុះងូតទឹកបណ្តាលលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសចំនួន៣នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គរជុំឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញ នៅចំណុចភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ត្រី ស្មៀន រិទ្ធ មេបញ្ជាការស្រុក។

ជនសង្ស័យ១ឈ្មោះខុត ពា អាយុ២៤ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ។ ២ឈ្មោះយ៉ុន ចាន់ណា អាយុ១៨ឆ្នាំ នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ។ ៣ឈ្មោះហ៊ុយ ស៊ីធូ អាយុ១៦ឆ្នាំ នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ។ ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅគ្រើមពណ៌សថ្លា១កញ្ចប់តូច ទូរស័ព្ទ២គ្រឿង។ ជនសង្ស័យត្រូវបានអាវុធហត្ថបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខា ខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ ម្សិលមិញ
បាន​ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ចូលរួមរំលែកទុក្ខ ដល់បងប្អូនខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ ម៉ាត់ សាឡេះ អាយុ៣៦ឆ្នាំ (ងងឹតភ្នែក )និងប្រពន្ធ ឈ្មោះ ចាហ្វា រ៉ាយះ អាយុ៣៥ឆ្នាំ មានកូន៤នាក់( កូនទី ៤ ស្លាប់)សល់៣នាក់ ក្នុង​បន្ទុក ររស់នៅក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលមានទុក្ខ ដោយសារកូនទី៥ ទើបនឹងកើត បានស្លាប់ទៅវិញ ក្រោយពេលសម្រាល បានត្រឹមតែ ៤ម៉ោង។

សូមបញ្ជាក់ថា គ្រួសារ ប្អូន ម៉ាត់ សាឡេះ នេះ មានជីវភាពក្រខ្សត់​លំបាក​ រស់នៅជាមួយម្តាយជរា ហើយត្រូវទៅ​យាមចំការ អោយបង នៅ​ខេត្ត​កំពង់ធំ ដោយទុកកូនអោយម្តាយមើលថែ។
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គាត់​បាននាំប្រពន្ធដែលគ្រប់ខែមកផ្ទះម្តាយ ដើម្បីត្រៀមសម្រាល ស្រាប់តែ​នៅ​វេលា​ម៉ោង១០ព្រឹកក៏ឈឺពោះ ហើយសម្រាលតែម្តង ដោយឆ្មបបុរាណក្នុងភូមិ​ ជាអកុសល ក្រោយកើតបាន ៤ម៉ោង ទារកអភ័ព្វ ក៏បានបាត់បង់ជីវិតទៅវិញ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវ ដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវថែទាំ និងពិនិត្យសុខភាព ផ្ទៃពោះ អោយទៀងទាត់ ហើយត្រូវសម្រាល នៅតាមមន្ទីរពេទ្យ រួមជាមួយ ការតាមដានការលូតលាស់របស់កូន អោយមានសុខភាពល្អ។ ជាមួយនោះ ត្រូវការពារខ្លួន ចៀសអោយផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ តាមរយៈ វិធានការ ” ៣ការពារ និង ៣កុំ ” របស់ សម្តេចតេជោ ហ៊ុន សែន និងវិធានការអប់រំនានា របស់ក្រសួងសុខាភិបាល។

អំណោយ ចូលរួមរំលែកទុក្ខគ្រួសារ សពទារក មាន ៖ អង្ករ១០០គក្រ មីជាតិ៥កេស ទឹកក្រូច៥កេស ត្រីខ៥០កំប៉ុង និងថវិកាចំនួន​៥០ម៉ឺនរៀលផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តចំនួន២គ្រឿងបានបុកគ្នាលាន់ឮដូចរន្ទះ។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៣និង៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ នៅចន្លោះបង្គោលគីឡូលេខ ២៩៩-៣០០ ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦ ក្នុងទិសដៅ  ច្រាសទិសគ្នា។
យោងតាមរបាយការណ៍បានបង្ហាញថាគ្រោះថ្នាក់ចរាចណ៍នេះគឺ
រថយន្តហ្វត ពណ៌ស ពាក់លេខភ្នំពេញ 2AN-84 64  បើកបរដោយឈ្មោះ  លីម  អីវ ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ មានទិសដៅ
ពីកើត ទៅលិច បុកនឹងរថយន្តហ៊ីយិនដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A 65 93 បើកបរដោយឈ្មោះ រ៉ាវី ហ្វីនីន ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពចាម ខេត្តកំពង់ចាម ទិសដៅពីលិច ទៅកើត។ ករណីនេះអ្នកបើកបរគ្មានរបួសទាំងសងខាង។
មូលហេតុរថយន្តហ្វត បើកបរក្នុងភាពងងុយដេក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម បានអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមឲ្យ មកពិនិត្យ ថែទាំ សុខភាព ឲ្យ បាន គ្រប់ៗគ្នា ចាប់ពី ពេល ពពោះ រហូត ដល់ពេល សម្រាល និងកូន ដល់ អាយុ ២ឆ្នាំ ដែល ជា យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ក្នុង ការ លេីក កម្ពស់ សុខុមាលភាព នៅកម្ពុជា។

ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រឹកមិញនេះ។

លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះ ទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ។
ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។

ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នេះ លោកបានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជន ឆ្នើម ថ្នាក់ជាតិ បានផ្តល់ ជូន ស្ត្រី ចំនួន ១៥៨ នាក់ នោះ ម្នាក់ៗ ទទួលបាន៖ មី ជាតិ១ កេស , ឃី ត ១ កញ្ចប់ , ស្ករស ១ គ . ក . ទឹកដោះខាប់ ១ កំប៉ុង , ម្សៅ លាប ខ្លួន ទារក ១ ដប , សាប៊ូ ដុស ខ្លួន ទារក ១ ដប , ខោ ទឹកនោម ទារក ១ យួរ និង ថវិកា ២០,០០០ រៀល។  ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ដែល ត្រូវ ឪពុកចុង ចាប់រំលោភ មាន ផ្ទៃពោះ ត្រូវបាន ផ្តល់ជូន ទឹកប្រាក់ ចំនួន ២០០,០០០ រៀល ។

សូម ជម្រាប ផងដែរ ថា បន្ទាប់ពី ពិធី សំណេះសំណាល និង ចែក អំណោយ ដល់ ស្ត្រី នៅ មន្ទីរ សុខាភិបាល ខេត្ត លោកជំទាវ ញូ ង ចរិយា អ៊ុន ចាន់ ដា និង ក្រុមការងារ បាន បន្តដំណើរ អញ្ជើញ ចុះសួរសុខទុក្ខ អ្នក ជំងឺជាស្ត្រីទើបសម្រាលកូន កំពុង សម្រាក ក្នុងមន្ទីរពេទ្យខេត្ត និង បាន ឧបត្ថម្ភ ថវិកា ជូន ក្នុង ម្នាក់ៗ ៥០,០០០ រៀល ផងដែរ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ សមាជិកសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ តំណាង សភាពាណិជ្ជកម្មខេត្ត សៀមរាប-ឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១។

ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នេះធ្វើក្នុងគោលដៅទី២ នៅស្រុកវ៉ារិន និង ស្រុកអង្គរជុំ ដែលបានប្រារព្ធធ្វើឡើង នៅសាលាស្រុកអង្គរជុំ ក្រោមវត្តមាន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរង តំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមជម្រាបថាក្នុងវេទិកានេះ លោក អ៊ាន ឃុន ប្រធានអង្គប្រជុំ បានទទួលយក សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន១១ ចំណុច ដោយបានដោះស្រាយផ្ទាល់បាន ៩ចំណុច និង ២ចំណុចទៀត ដោះស្រាយ ជាលាយលក្ខ័អក្សរក្នុងពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page446 Page447 Page448 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×