ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានសម្រេចនិរាករណ៍ លិខិតរបស់ខ្លួន ដែលបានចេញស្នើសុំឱ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាព រុះរើសំណង់និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។
អាជ្ញាធរខេត្តសម្រេចនិរាករណ៍នេះ បន្ទាប់ពីពិនិត្យឃើញថា លិខិតស្នើសុំនោះ បានធ្វើឱ្យមានការកើនឡើងនៃ សំណង់ខុសច្បាប់យ៉ាងច្រើន បណ្ដាលឱ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារបេតិកភណ្ឌ។
យោងតាមសេចក្តីជួនដំណឹង ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយលោក ទៀ សី ហា អភិបាលខេត្តសៀមរាប បានជំរាបជូនទៅអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា៖ រដ្ឋបាលខេត្តសៀមរាប សម្រេចនិរាករណ៍លិខិតលេខ ៤១២ /២២ ល.ស ចុះ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីសំណើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាព រុះរើសំណង់និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០ ២២កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ធ្លាប់បានធ្វើលិខិតស្នើសុំមួយ ទៅកាន់អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយក្នុងលិខិតនោះ រដ្ឋបាលខេត្តសៀមរាប បានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះ អាសន្ននូវសកម្មភាពរុះរើសំណង់ និងការ្យ ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។
ក្នុងលិខិតនោះ ក៏បានស្ដីបន្ទោសថា កន្លងមកបញ្ហាសំណង់ដែលប្រជាពលរដ្ឋ បានសាងសង់ក្នុងតំបន់១ និងតំបន់ ២ នៃតំបន់រមណីយដ្ឋានអង្គរ តែងដាក់ពិភាក្សា ក្នុងគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួល ការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យពិភាក្សា និងសម្រេចផ្សេងៗ ប៉ុន្តែក្នុងអំឡុងមុនពេល និង ក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិអប្សរាបាន ចុះអនុវត្តការងារ ដោយពុំបានពិភាក្សាគ្នា ឱ្យច្បាស់លាស់ ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួល ការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាទេ។
សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ លោកជា សុផារ៉ា ធ្លាប់បានបញ្ជាក់ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងក្បាលដីកំណត់និយាមក្បាលដី អត្តសញ្ញាណអ្នកកាន់ កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ខែកក្កដា កន្លងទៅថា ក្នុងរយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប បានចេញលិខិតជូនដំណឹងមួយស្នើឱ្យ អាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង ៣៩០ករណី បានកើនឡើង ដែលលោកក៏សំណូមពរឱ្យរដ្ឋបាលខេត្តសៀមរាប គួរតែនិរាករណ៍លិខិតនោះចោលចេញ៕SRP



ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលគេស្គាល់ថា ជាអ្នកចម្រៀង ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា និងក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្តិ៥ ) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកាត់ផ្ទៃដី ចំនួន៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក « បឹងកប់ស្រូវ » ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្ម ជូនជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។