ភ្នំពេញ៖ដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃពុធ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានរម្លឹកថា ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្មUN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។
សម្ដេចស ខេង បានសម្ដែងការកោតសរសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ។
ក្នុងកិច្ចប្រជុំ សម្ដេចស ខេង បានណែនាំឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
បច្ចុប្បន្នអង្គការសហប្រជាតិមានកងកម្លាំងនគរបាលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពប្រមាណជាង ៩ ០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្មផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី៕SRP


ខេត្តបាត់ដំបង៖ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាព អនុគម្រោងសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ក្រុងបាត់ដំបង ឯកឧត្តម សុខ លូ ពិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ជំរុញដល់ក្រុមការងារ ពន្លឿន ក្នុងការកសាង និងជាពិសេស គឺការសាងសង់ប្រព័ន្ធលូ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនដល់ការសាងសង់ផ្លូវ ឱ្យស្អាតត្រឡប់មកវិញ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ព្រោះបច្ចុប្បន្ន នេះដោយសារការកាយផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូ នេះ បានបង្កជាផលលំបាកដល់ ប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាត់ដំបង ក្នុងការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ។