Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២៥

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍទទួលបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២៤ កន្លងទៅ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៥ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ មានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ។

អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ សម្ដែងការអបអរសម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ធ្វើឲ្យមានការអភិវឌ្ឍន៍ ទទួលបាននូវសមិទ្ធផលជាច្រើននាឆ្នាំ ២០២៤ កន្លងទៅ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ ២០២៤ កន្លងទៅឃើញថា កត្តាសេដ្ឋកិច្ចមានកំណើនខ្ពស់ ដែលទំហំទឹកប្រាក់មានចំនួន ២,៦៥៧ លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើវិស័យធំៗមានដូចជា វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម សិប្បកម្ម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខាងលើនេះ អាចកើនឡើងទៅបានដោយសារ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អ ដែលក្នុងនោះ

ទី១ ៖ ការងាររក្សាសន្តិសុខ បង្កបរិយាកាសដល់អ្នកវិនិយោគ ឱ្យមានសុវត្ថិភាព ធ្វើឱ្យពួកគាត់ដាក់ទុនបន្ត។

ទី២ ៖ ការបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់ឯកសារនានា ឬការស្នើសុំនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មផ្សេងៗ ។

ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធផ្លូវគមនាគមន៍ ការកសាងសាលារៀន មន្ទីរពេទ្យ ជាការផ្ដល់សេវាបណ្ដុះបណ្ដាល សេវាគាំពារសុខភាពប្រជាពលរដ្ឋ ដែលទាំងអស់នោះគឺមានការប្រទាក់ក្រឡាគ្នា ដែលបានផ្តល់ផលប្រយោជន៍ទូទៅដល់ប្រជាពលរដ្ឋយើងុំ ។ ដូច្នេះកត្តារក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ក៏ដូចជាការបម្រើសេវាសាធារណៈបានល្អ ធ្វើឲ្យមានអ្នកដាក់ទុនមករកស៊ីនៅក្នុងខេត្តកាន់តែច្រើន ឱកាសការងារដល់ប្រជាពលរដ្ឋយើងក៏មានកាន់តែច្រើនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២៥

ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ រយៈពេល៨ខែ

ក្នុងកិច្ចប្រជុំពិភាក្សាផ្ដល់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប រយៈពេល៩ខែ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៨ខែ កន្លងទៅ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ៣ ១១៧ ៧៥៤នាក់ កើនឡើង ៤៥.៧៧ភាគរយ  ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានចំនួន ២ ១៣៨ ៨៥៧នាក់។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ទីផ្សារទេសចរណ៍ទាំង១០ មកកាន់ខេត្ដសៀមរាប ភ្ញៀវទេសចរអន្ដរជាតិ ដែលមកច្រើនជាងគេ គឺសហរដ្ឋអាមេរិក មានចំនួន ៧៤ ៤៩២នាក់, អង់គ្លេស ៦៣ ៥៥៧នាក់, បារាំង ៦០ ៥៨១នាក់, ចិន ៥៧ ៧៤៦នាក់, កូរ៉េខាងត្បូង ៤១ ៥៩៥នាក់, ជប៉ុន ៣៨ ៨៥៧នាក់, អាល្លឺម៉ង់ ៣៥ ៦៦៨នាក់, អូស្រ្ដាលី ៣៤ ០៥៦នាក់, រុស្ស៊ី ២៤ ៣២៧នាក់ និងឥណ្ឌា ២៣ ៥៥៦ នាក់។ ជាមួយនឹងកំណើនភ្ញៀវទេសចរនេះ លោកក៏បានជំរុញដល់មន្រ្ដីពាក់ព័ន្ធបន្ដខិតខំអនុវត្ដតួនាទី ភារកិច្ចឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន ជាពិសេសត្រូវពិនិត្យលើរឿងអនាម័យ និងសណ្ដាប់ធ្នាប់សាធារណជូនភ្ញៀវទេសចរ។

បើតាម ឯកឧត្ដម សំ វុទ្ធា អគ្គនាយករងគ្រឹះស្ថានអង្គរ បានបង្ហាញថា សម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ កាន់តែពិសេសជាងរៀងរាល់ឆ្នាំ ព្រោះចំថ្ងៃនេះព្រឹត្តិការណ៍ “សមរាត្រី” ចំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់ “សមរាត្រី” កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់។ ដោយឡែកសម្រាប់ “សមរាត្រី” ខែកញ្ញានេះ ចំនួនអ្នកទេសចរនឹងមានច្រើនជាងខែមីនា ដោយមូលហេតុចំថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ៕SRP

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ដោយមន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៥

‎ខេត្តកំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៥ និង បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ធ្វេីការចុះពិនិត្យសិក្សា និងវាយតម្លៃទីតាំងសម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
‎
‎គួរបញ្ជាក់ផងដែរថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍អន្តរជាតិ ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរណ៍អន្តរអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត និងអាចបន្តទៅកម្សាន្តនៅខេត្តនានាផ្សេងទៀត ហើយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព សោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។
‎
‎បន្ទាប់ពីបានចុះពិនិត្យ សិក្សា និងវាយតម្លៃរួចមក ឃើញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយសារមិនមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលនេះជាបច្ច័យល្អមួយសម្រាប់ គម្រោងដែល នឹងត្រូវសាងសង់នេះ ហើយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ ដូចជាការសាងសង់បន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់អនាម័យជាដើម ចំណែកច្រកចូលផ្លូវទឹកសម្រាប់នាវាចូលផែមានជម្រៅទឹកអំណោយផលល្អ និងមានតំបន់ដែលអាចឱ្យនាវារង់ចាំចូលចតបាន។
‎
‎យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខដោយផ្ទាល់ដល់​វីរកងទ័ព ” ម៉ន ភក្ត្រា ” ដែលរងរបួសភ្នែកខាងស្តាំ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់​វីរកងទ័ព ” ម៉ន ភក្ត្រា ” ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ​ ក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពាន​ដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀល​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងសម្រាក​ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

នាឱកាសដ៏ថ្លៃថ្លានេះ «លោកជំទាវបណ្ឌិត» បាននាំយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនវីរកងទ័ពនិងក្រុមគ្រួសារ ព្រមទាំងបាន​ជូនពរឱ្យវីរកងទ័ព ” ម៉ន ភក្ត្រា ” ឆាប់ជាសះស្បើយ និងមានសុខភាពល្អ​មាំមួនឡើងវិញ។

សកម្មភាពទាំងនេះ គឺស្តែងចេញឱ្យឃើញពីទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុត របស់ថ្នាក់ដឹកនាំ​នៃព្រះរាជាណាចក្រ​កម្ពុជាចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២៥

សម្ដេចធិបតី ស្នើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅមុននេះបន្តិច បានបង្ហោះសារថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបន្តថា ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៥

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលក្រោយឃើញសារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាត្រៀមបង្កទ្រព្យសម្បត្តិ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចេញមកអះអាងថា លោក ថាក់ ស៉ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ ពេលអ្នកទាំងពីរមកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្តេចទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រៀបរាប់ និងអះអាងជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។

មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។

ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៥

បុរស​ជនជាតិ​ចិនម្នាក់​ បាន​ចាញ់បោក​ លោកវរសេនីយ៍ឯក​ តេង​ សូគាត​ នាយនគរបាល​នៅ​នាយកដ្ឋាន​ព្រំដែន​គោក​ អស់​ទឹក​ប្រាក់​ ២០ម៉ឺន​ ដុល្លារ​ ពេល​ដាក់​ពាក្យ​បណ្តឹង​ មាន​អ្នក​ធំៗ​អន្តរាគមន៍​ច្រើន​ពេក​ធ្វើ​អោយ​ជនរងគ្រោះ​ពិបាក​នឹង​ទទួលបាន​យុត្តិធម៌​។ ហេតុ​នេះហើយ​ទេីប​ជនរងគ្រោះ​រត់រក​អ្នក​សារព័ត៌មាន​អោយ​ជួយផ្សាយ​រកយុត្តិធម៌​។

ដំណើរ​រឿងមានដូចតទៅ​ នៅថ្ងៃទី​ ២៦​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២៤​ ជនរងគ្រោះ​ បាន​ធ្វើ​កិច្ចសន្យា​ទិញ​រថយន្ដ​ Roll Royce Cullinan សេរី​ឆ្នាំ​ ២០២៥​ ចំនួន​ ១គ្រឿង​ តម្លៃ​ ៩៥ម៉ឺន​ដុល្លារ​ ជាមួយ​លោក​វរៈសេនីយ៍ឯក​ តេង​ សូគាត​ ដោយ​លោកវរសេនីយ៍ឯក​ តេង​ សូគាត​ សន្យា​នាំរថយន្ត​មកជូន​ជនរងគ្រោះ​ រយៈ​ពេល​ ៤ខែ​។ នៅថ្ងៃ​ធ្វើ​កិច្ចសន្យា​ ជនរងគ្រោះ​បានកក់លុយ​ចំនួន​ ២០ម៉ឺន​ដុល្លារ​ ទៅលោក​ វរសេនីយ៍ឯក​ តេង​ សូគាត​ ចំណែក​លុយនៅសល់​ ៧៥ម៉ឺន​ដុល្លារ​ ទៀត​ ជនរងគ្រោះ​នឹង​ប្រគល់​ជូនបង្គ្រប់​នៅពេល​បាន​ទទួល​រថយន្ត​។ បន្ទាប់​ពី​បាន​ទទួល​ប្រាក់​កក់​ហេីយ​ លោកវរសេនីយ៍ឯក​ តេង​ សូគាត​ មិនបាន​នាំរថយន្ត​ Roll Royce Cullinan មកជូន​ជនរងគ្រោះ​ តាម​កិច្ចសន្យា​ទេ​ ។ ជនរងគ្រោះ​ក៏បាន​ទារ​ទារប្រាក់​កក់​មកវិញ​ តែ​លោកវរសេនីយ៍ឯក​ តេង​ សូគាត​ មិនចេញ​មុខដោះស្រាយ​។ ជនរងគ្រោះ​ក៏​បានដាក់​ពាក្យ​បណ្ដឹង​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដេីម្បី​រកយុត្តិធម៌​។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចេញ​លិខិត​អញ្ជើញ​ លោកវរសេនីយ៍ឯក​ តេង​ សូគាត​ ចំនួន​ ៣ដង​ ហេីយ​ តែ​លោក​វរសេនីយ៍​ឯក​ តេង​ សូគាត​ មិនចេញ​មុខដោះស្រាយ​ ហេីយ​រត់​រក​អ្នក​ធំ​អន្តរាគមន៍​ឆ្វេចឆ្វាច​ ធ្វើ​ឲ្យសមត្ថកិច្ច​នគរបាល​ពិបាក​ធ្វើ​ការ​តាមច្បាប់​ផងដែរ។

ជនរងគ្រោះ​មិនចង់​ប្ដឹង​ផ្ដល់​អីទេ​ គ្រាន់តែ​ចង់​អោយ​លោកវរសេនីយ៍ឯក​ តេង​ សូគាត​ យកលុយ​មកសងជនរងគ្រោះ​វិញតែ​ប៉ុណ្ណោះ​។

លោកវរសេនីយ៍ឯក​ តេង​ សូគាត​ ជា​ម្ចាស់​ស្ថានីយ៍ប្រេង​ PTT ប្រចាំ​ខេត្ត​ពោធិសាត់​ផងដែរ​។ ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកវរសេនីយ៍ឯក​ តេង​ សូគាត បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៥

អាជ្ញាធរសម្រេចចោទ ក្រុមហ៊ុនសាងសង់ផ្លូវ លោក សង ណាគី ពុំបានអនុវត្ត ស្របតាមលក្ខណៈបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា

ខេត្តកំពង់ធំ៖យោងតាមលិខិតរបស់ គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ស្រុកបារាយណ៍ “ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០២៥”គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ប្រកាសថា៖ កាល ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ដឹកនាំដោយលោក អៀន ឆេងហ៊ន ជាសមាជិកគណៈកម្មការគ្រប់គ្រងគម្រោងឃុំ លោក ប៉ែន សុវណ្ណនី ដែលជាមន្ត្រីជួយគាំទ្របច្ចេកទេស និងមន្ត្រី រដ្ឋបាលស្រុកបារាយណ៍ បានចុះពិនិត្យជាក់ស្តែងនៅការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែង៨២២ ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ឃើញថាអ្នកទទួលការ គឺលោក សង ណាគី ពុំបានអនុវត្ត ស្របតាមលក្ខណៈបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា។ ជាមួយគ្នានេះគណៈកម្មការគ្រប់គ្រង គម្រោងឃុំ បារាយណ៍ក៏បានធ្វើកំណត់ហេតុណែនាំអ្នកទទួលការឱ្យអនុវត្តស្របទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា ដើម្បីធានាបាន គុណភាព។

ជុំវិញករណីនេះ លោក សង ណាគី បានអះអាងប្រាប់អ្នកសារព័ត៌មានថា កន្លងមកក្រុមហ៊ុនណាក៏ចងតែ២តឹកកន្លះនេះឯង បើមិនជឿទេសូមឱ្យទៅកាយមើល គឺសុទ្ធតែពីរកន្លះដូចតែគ្នាហ្នឹងឲ្យតែដែកថ្នាំងអំពៅ។ បញ្ហាទាំងនេះគឺកើតឡើងដោយសារតែការមិនពេញចិត្តតាមការចង់បានរបស់គេនោះឯង។ ចំពោះកិច្ចការងារនេះដំបូងធ្វើទៅតាមការណែនាំ របស់មន្ត្រីខ្លះថា ដែក ១០លីចងបាន២តឹកកន្លះ ហើយបើដែក៨លី ថ្នាំងអំពៅទេចង២ទឹក រួចថាលោកចងដែករង្វើពេក។ ហើយពីមុនដែកថ្នាំងអំពៅឲ្យចង៣តឹក៣ហ៊ុន ប៉ុន្តែឥឡូវបែរជាតម្រូវឲ្យចង២តឹកទៅវិញ។ ប៉ុន្តែលោកសំណូមពរធ្វើឲ្យបានទាំងអស់គ្នា។ កុំឱ្យខាងនេះអត់ចេះខាងនោះអញ្ចុះ ចំពោះលោកពុំដែលខ្លាចឡើយការអនុវត្តគម្រោងកន្លងមកក៏មិនដែលបានលួចអ្វីបន្តិចសោះឡើយ នេះគេហៅថាតាមគ្នា។

យោងតាមការលើកឡើងរបស់លោកសង ណាគី ហាក់បង្ហាញឲ្យឃើញថា ភាពពុករលួយនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់របស់ក្រសួងមហាផ្ទៃក្រោមរាជរដ្ឋាភិបាលហាក់បី
នៅតែអាចកើតមាន។

ករណីខាងលើនេះអ្នកសារព័ត៌មានពុំអាចសុំការបំភ្លឺពីលោក ធូ សេង មេឃុំបារាយណ៍បាននោះទេ ដោយទំនាក់ទំនងតាមលេខទូរសព្ទពុំមានការឆ្លើយតប។

ប្រជាពលរដ្ឋសំណូមពរក្រសួងពាក់ព័ន្ធមេត្តាចុះអធិការកិច្ចក្នុងករណីដេញគម្រោងដេញថ្លៃនៅក្នុងរដ្ឋបាលខេត្តកំពង់ធំ ដើម្បីឲ្យដឹងថា រាល់ការដេញថ្លៃទាំងនោះប្រកបដោយតម្លាភាព ឬមានការឃុបឃិតគ្នាកេងចំណេញថវិកាជាតិ ក្រោមរូបភាពចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់ ដែលនាំឲ្យផ្លូវមិនមានគុណភាពហើយខាតបងថវិកាជាតិយ៉ាងធ្ងន់ធ្ងរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៥

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម

គណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង ៧៤៩ម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ រួមនិងតំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មាន។

លោក ខៀវ សត ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ។ សម្រាប់គម្រោងទី១ គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៤៩៩ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងមានក្រួសក្រហមស្មើផ្លូវទាំងសងខាង សាកគម្រោងចំនួន២ ស្លាកសញ្ញាចរាចរណ៍ចំនួន១ ស្ថិតក្នុងភូមិបន្ទាយចាស់ និងភូមិចុងកៅស៊ូ ក្នុងតម្លៃប៉ាន់ស្មាន ២៩៥ ១៥៩ ៦៧៦ រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ពៅ រ៉ាឌីខនស្រ្តាក់សិន ក្នុងតម្លៃប្រមាណ ២៩២ ៧៦៣ ៣០០ រៀល ។

លោក ខៀវ សត បានឱ្យដឹងទៀតថា សម្រាប់គម្រោងទី២ ជាគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២៥៩ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងមានក្រួសក្រហមស្មាផ្លូវសងខាង ស្លាកគម្រោងចំនួន១ ស្ថិតក្នុងភូមិបឹងដូនប៉ា ក្នុងតម្លៃប៉ាន់ស្មាន ២០៧ ០៧០ ៦៥១ រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន អ៊ឹង លីសួរ ក្នុងតម្លៃប្រមាណ ២០៥ ៩៥០ ០០០ រៀល។

ជាមួយនឹងការទទួលបានគម្រោងសាងសង់ផ្លូវខាងលើ តំណាងក្រុមហ៊ុនដែលទទួលបានការម៉ៅការទាំង២ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងធ្វើឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ ស្របទៅតាមគំនូរប្លង់បច្ចេកទេស និងតាមលក្ខខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕SRP

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៥

មន្ត្រីបរិស្ថានកសាងសំណុំរឿងទៅតុលាការករណីឈូសឆាយ ទន្ទ្រានដី និងសាងសង់ដោយខុសច្បាប់ ក្នុងឧទ្យានជាតិ«គីរីរម្យ»

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូចបានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) របងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្កឡើងដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៥

រកស៊ីចងការប្រាក់ជាប់គុកព្រោះតែលុយទ្រព្យខ្លួនឯង

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា កាលពីវេលាម៉ោង០៩:២០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ មានករណីប៉ុនប៉ងឃាតកម្ម(ចាក់ នឹងកូនកាំបិតចិតបន្លែ) ប្រព្រឹត្តទៅ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភ្លាមៗក្រោយពីទទួលបានព័ត៌មាន និងបទបញ្ជារ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដែក បានដល់កន្លែងកើតហេតុ ដើម្បីសហការណ៍ ជួយនាំជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងប្រមូលព័ត៌មាន ពាក់ពន្ធ័ករណីខាងលើនេះ ។

បន្ទាប់មក យើងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផល បូរ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ ចងការប្រាក់ ទីកន្លែងកំណើត ភូមិក្រសាំង ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប និងមានទីលំនៅ បច្ចុប្បន្ន នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ក្រោយពី ជនសង្ស័យរូបនេះ ធ្វើសកម្មភាពខាងលើហើយ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តែក សារភាព ពីសកម្មភាពល្មើស ដែលខ្លួនបានប្រព្រឹត្ត ដោយមាននាំយកកាំបិតជាវត្ថុតាង មកជាមួយផងដែរ ។

ជនសង្ស័យ បានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាដកមែន មូលហេតុ ដោយសារនៅអំឡុងឆ្នាំ២០១៩ ខ្លួនបានផ្តល់ប្រាក់កម្ចីចងការ ឱ្យឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា(ជនរងគ្រោះ) សរុប១០០០០ ដុល្លាអាមេរិក តែឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា មិនព្រមសងនោះទេ ! ទើបនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:០០ នាទី រូបគេបានទៅផ្ទះឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា សួរនាំរឿងប្រាក់ដែលជំពាក់ ប៉ុន្តែនិយាយមិនត្រូវគ្នា ខ្លួនបានស្ទុះទៅចាប់យកកាំបិតចិតបន្លែ ផ្លែដែកដងជ័រ ប្រវែងប្រហែល០៣ តឹក ពីចង្ក្រានបាយ របស់ឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ដើរសំដៅមកកាន់រូបនាង ដោយប្រើដៃខាងស្តាំចាប់ក្របួចកអាវ ចំណែកដៃឆ្វេង កាន់កូនកាំបិតព្ជង់ ទៅលើ ក របស់ជនរងគ្រោះ ទើបជនរងគ្រោះសម្រួល សុំទូរទាត់សង ។ បន្ទាប់មក នៅក្នុងខែសីហា ឆ្នាំ២០២៥ ឈ្មោះ

តាន់ ម៉ារ៉ា ហៅយ៉ា បានសងប្រាក់០២លើក សរុបចំនួន ៣០០០ដុល្លារអាម៉េរិក ចំណែក បំណុលដែលនៅសល់ចំនួន៧០០០ ដុល្លារអាមេរិក គេមិនព្រមសងនោះទេ ថែមទាំងគំរាមប្តឹងបកវិញទៀតផង។លុះដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩:០០ ព្រឹក ខ្លួនបាន ជិះម៉ូតូតែម្នាក់ឯង ទៅរកឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា នៅផ្ទះរបស់នាងស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប៉ុន្តែមិនឃើញក៏ទៅផ្ទះម្ដាយ(មិនស្គាល់) ស្ថិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយដាក់កូនកាំបិតចិតបន្លែដែលយកពីផ្ទះនាង កាលពីលើកមុន ក្នុងកែបម៉ូតូ ពេលទៅដល់ឃើញឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា កំពុងអង្គុយលើគ្រែមុខផ្ទះ ក៏ដើរចូលទៅនិយាយរឿងប្រាក់ ភ្លាមនោះ ក៏កើតជាជម្លោះ ធ្វើឱ្យខ្លួនខឹងស្ទុះទៅយកកាំបិត ពីក្នុងកែបម៉ូតូចាក់ទៅលើឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ប្រហែល ០៥ ទៅ ០៦កាំបិត ដោយកាំបិតទី០១ ចាក់សំដៅចន្លោះដើមទ្រូង និងករ ភ្លាមនោះរូបនាងបានប្រើដៃប្រវាយប្រតប ហើយរូបខ្លួនក៏យកដៃស្តាំចាប់ក្របួចសក់ ដៃខាងឆ្វេងកាន់កូនកាំបិត ចាក់ទៅលើរូបនាងប្រហែល ០៥កាំបិតទៀត តែមិនដឹងថាត្រូវចាំកន្លែងណាខ្លះនោះទេ ឃើញឈាមហូរស្រោចផ្ទៃមុខ និងដងខ្លួនរូបនាង ហើយឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា និងម្តាយរបស់គេ បានលើកដៃសំពះ ទើបរូបខ្លួនបញ្ឈប់សកម្មភាព។ ក្រោយឃាត់ខ្លួនកម្លាំងយើង បានធ្វើតេសត្ត រកសារធាតុញៀន លើជនសង្ស័យ ជាលទ្ធផល អវិជ្ជមាន ។

-វត្ថុតាងដកហូត៖ កូនកាំបិតចិតបន្លែ ផ្លែដែក ដងជ័រពណ៌ខ្មៅ ប្រវែង ០៣តឹក ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយ ផែនការងារនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៥

សមត្ថកិច្ចបំបែកសំណុំរឿងក្រុមចោរលួចគោជាច្រេីនករណីក្នុងទឹកដី​៤ស្រុក​

ខេត្តកំពង់ស្ពឺ៖​ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់​ ពី​លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ កំលាំងអធិការដ្ឋានន​គរ​បាលស្រុកសាមគ្គីមុនីជ័យ​ បានធ្វេីការល្បាតនៅក្នុងភូមិសាស្រ្ដដោ​យ​សារតែមួយរយ:នេះកេីតមានករ​ណី​បាត់គោអ្នកស្រុកជាហូរហែរ​ល្បា​ត​តាមផ្លូវជាតិលេខ៥១​ ក្នុងភូមិ​រោ​ងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានឃើញជ​ន​សង្ស័យម្នាក់​អង្គុយលេី​ម៉ូតូ​ដូចជារងចាំអ្នកណាមួយ​សម​ត្ថកិច្ចបា​នធ្វេីការសាកសួរពេលនោះជនខាង​លេី​​ផ្ដល់ចម្លេីយរដិបរដុបមិនច្បា​ស់​ថាខ្លួនមកទីនេះធ្វេីអី​ប្រាកដ​ ទេីប​នាំ​មកប៉ុស្ដិ៍ដេីម្បីធ្វេីការសាកសួរបន្ថែម​នៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំតូច។

ជន​សង្ស័យបញ្ជាក់ថាខ្លួនឈ្មោះ វង់ ចា​ន់ផាក់ អាយុ​៣៨ឆ្នាំ រស់នៅភុមិធម្មយុទ្ធ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ម​ក​ទីនេះដឹកមនុស្សម្នាក់ម​កជួបមិត្ដភ័ក្ភ​តែមិនដឹងធ្វេីអីទេ​មាន​ (ឈ្មោះ នុត រ៉ា ភេទប្រុស អាយុ​៤៣​ឆ្នាំ​ រស់នៅម្តុំសាលាលេខ៥​ ខេត្តកំព​ង់ឆ្នាំង)​ ដោ​យឈ្មោះ សំ ដារ៉ា បានឲ្យទៅដឹកមកពី​សួនសត្វសាហ្វារី ម​កទម្លាក់ចោ​លនៅចំ​ណុចខាងលើ​ ប​ន្ទាប់មកឃេីញ​មានរថយន្ដទ្រុងដឹកគោមួយ​មក​ដ​ល់​ម៉ាកហុីយ៉ាន់ដាយពណ៌ខៀវទ្រុងខ្ពស់​បាំង​ជិត​សង​ខាង​មានគ្នាចំនួន​៤នាក់​។

ដោយបានការដឹកនាំផ្ទាល់​ ពីលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុក​ ជនសង្ស័យបានឆ្លេីយ​និងផ្ដល់ចម្លេីយជូនសមត្ថកិច្ចថា​ អ្នក​ដែលខ្លួនដឹកមកគឺ​ជាក្រុមចោរ លួចគោក្នុងខេត្ដកំពង់ស្ពឺជាច្រេីនដងនិងបានដឹកយកទៅលក់ដោយមិនដែលមានអ្នកណាទាន់នោះទេ​ តាមការមិ​ន​ចាំច្បាស់​ ស្រុកសាមគ្គីមុនីជ័យ ចំ​នួ​ន២លើក​ ស្រុកសំរោងទង ចំនួ​ន​២​លើក​ ស្រុកភ្នំស្រួ​ច ចំនួន៣លើក ស្រុ​កគងពិសី ចំនួន៧លើក។

ក្នុងចំណោមបក្ខពួកខាងលើគឺខ្លួនជា​អ្នកដឹកឈ្មោះ សំ ដារ៉ា ដេីរដាក់តាម​គោលដៅដោយផ្ទាល់​រីឯបក្ខពួកផ្សេ​ងទៀតមកតាមមធ្យោបាយផ្សេងក្នុងនោះឈ្មោះ ស.ន​ ភេទប្រុស អា យុ​៣​៣ឆ្នាំ ឈ្មោះ រ​ ភេទប្រុស អាយុ​៣​៤ឆ្នាំ​ទាំង២នាក់រស់នៅខេត្តកំពង់ឆ្នាំ​ង​។​ ចំពោះវត្ថុតាងដែលដកហូតរួមមានទូរ​ស័ព្ទ២គ្រឿង ម៉ូតូ​១គ្រឿ​ង ម៉ា​កហុងដាC125ពណ៌ខ្មៅសេរីឆ្នាំ​២០​០៨គ្មានផ្លាកលេខ ។

ដោយបានការសម្របម្រួលនីតិវិធីពី​តំណាងអយ្យការ​ និងសមត្ថកិច្ចពាក់​ព័ន្ធកំលាំងបានឈានទៅធ្វេីការឃា​ត់ខ្លួនមុខសញ្ញាសង្ស័យ​ ឈ្មោះ សំ ដារ៉ា​ ហៅរ៉ា​ ភេទប្រុ​ស​ អាយុ​ ៤១​ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុ​កកំពង់ត្រាច​ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យ២នាក់​ និងវត្ថុតា​ង​មួយចំនួន​ ត្រូវបានឃាត់ខ្លួនបញ្ជូ​ន​មកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ដើម្បីបំពេញនីតិវិធី​ក​សា​ង​សំណុំរឿងបញ្ជូនទៅ​ការិយា​ល័យ​ព្រហ្មទណ្ឌខេត្ដ​ ចំណាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page15 Page16 Page17 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×