Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២៥

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះស្ថាបនិកទេសចរណ៍អំណាន ដែលបានបំពេញបេសកកម្ម នៅខេត្តសៀមរាប​ ដេីម្បីយកសៀវភៅជាច្រេីនដាក់ ឱ្យបងប្អូនបានអាន​ ព្រមទាំងដកស្រង់នូវបទពិសោធន៍ល្អៗពីសៀវភៅ

ទេសចរណ៍អំណាន បានបញ្ចប់បេសកកម្ម របស់ខ្លួន នៅលេីទឹកដីអង្គរ​ ក្រុងសៀមរាប។

លោក​ អ៊ុក​ វណ្ណដេត​ ជាស្ថាបនិកទេសចរណ៍អំណាន ប្រកបដោយមនោសញ្ចេតនា​ រួសរាយ​រាក់ទាក់​ ដែលបានមកបំពេញបេសកកម្ម នៅលេីទឹកដីអង្គរក្រុងសៀមរាប​ ខេត្តសៀមរាប ចាប់ពីថ្ងៃ១៨​ ខែមេសា​ ដល់ថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥​។ ក្នុងអំឡុងពេលបេសកកម្មនៅខេត្តសៀមរាបនេះ​ បានទាក់ទាញបងប្អូន​ មិត្តអ្នកអាន​សៀវភៅ​ និងអ្នកគាំទ្រជាច្រេីន​ ដែលនេះជាការបង្ហាញនូវការចូលរួមអភិវឌ្ឍន៍ចំណេះដឹងតាមរយៈការអានសៀវភៅ​។

ក្រោមតំណក់ទឹកភ្លៀង នារាត្រីថ្ងៃទី១២ ខែឧសភា​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជូនដំណើរលោក អ៊ុក វណ្ណដេ ស្ថាបនិកទេសចរណ៍អំណាន ប្រកបដោយមនោសញ្ចេតនា ដែលបានបញ្ចប់បេសកកម្ម របស់ខ្លួន នៅលេីទឹកដីអង្គរ​ ក្រុងសៀមរាប ជាមួយនឹងមិត្តអ្នកអាន និងអ្នកគាំទ្រជាច្រើនផងដែរ។

ក្នុងការស្នាក់នៅខេត្តសៀមរាប​ លោក​ អ៊ុក​ វណ្ណដេ​ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប​ ពិសេស ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ដែលបានផ្តល់ទីតាំង​ ការសម្របសម្រួលទូទៅដល់អ្នកអានសៀវភៅផងដែរ។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុក វណ្ណដេ ស្ថាបនិកទេសចរណ៍អំណាន ដែលបានបំពេញបេសកកម្មនៅខេត្តសៀមរាប​ ដេីម្បីយកសៀវភៅជាច្រេីនដាក់ឱ្យលោកយាយលោកតា​ អ៊ុំ​ ពូ​មីង​ និងបងប្អូនបានអាន​ ព្រមទាំងដកស្រង់នូវបទពិសោធន៍ល្អៗពីសៀវភៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២៥

ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ បានចុះប្រតិបត្តិការបង្ក្រាប ករណីលួច ( យកម៉ូតូ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០៣ នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។

1️⃣ ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
2️⃣ ឈ្មោះ ភឹម ឌីណា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
3️⃣ ឈ្មោះ យិន សារ៉ាវុធ ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ភឹម ឌីណា បានឆ្លើយសារភាពថា ៖ កន្លងមកខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ ចំនួន ០៧ គ្រឿង
+ ស្រុកសង្កែ
– លើកទី ១ ខ្លួនបានធ្វើសកម្មភាពលួចជាមួយជនសង្ស័យឈ្មោះ យិន សារ៉ាវុធ ដោយលួចបានម៉ូតូស៊េរីចាស់ចំនួន ០២ គ្រឿង។
– លើកទី ២ លួចបានម៉ូតូ ម៉ាកហុងដា វេវ អាល់ហ្វា ពណ៍ខ្មៅ ០១ គ្រឿង
– លើកទី ៣ លួចបានម៉ូតូ ម៉ាក ហុងដា ឃ្លីក ពណ៍ ក្រហម ០១ គ្រឿង
+ ស្រុកឯកភ្នំ
– លើកទី ១ ខ្លួនបានធ្វើសកម្មភាពជាមួយជនសង្ស័យ ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ដោយលួចបានម៉ូតូ ម៉ាក ហុងដា ឃ្លីក ពណ៌ ស ០១ គ្រឿង ។
+ ស្រុកថ្មគោល
– លើកទី ១ ខ្លួនបានធ្វើសកម្មភាពជាមួយជនសង្ស័យឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ដោយលួចបានម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ០១ គ្រឿង
+ ស្រុករតនមណ្ឌល
– កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល
ខ្លួនបានធ្វើសកម្មភាពជាមួយជនសង្ស័យ ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ដែលជារបស់ជនរងគ្រោះឈ្មោះ ហួន សុខហៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងពេលដែលខ្លួនទុកនៅរោងគោនៅក្បែរផ្ទះ ហើយជិះគេចខ្លួនបាត់ ។
វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ក្រហម ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AJ-2031 (ជារបស់ជនរងគ្រោះ)
– ម៉ូតូ ០១ គ្រឿង ម៉ាកYAMAHA EXCITER ស៊េរីចាស់ (ជាមធ្យោបាយជិះធ្វើសកម្មភាព)

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖
១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ
២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ
និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។
បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖
១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ
២) ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន
៣) គាំទ្រផ្តល់មធ្យបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូនដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួលដល់ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមទៀត
៤) ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចបានកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

ខេតត្តព្រៃវែង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងផ្តល់ជូនម៉ូតូ ចំនួន ១គ្រឿង សម្រាប់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ម្នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅទូទាំងខេត្តព្រៃវែង។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំឭកពីអតីតកាលមួយនៅកម្ពុជា ក្រោយសម័យខ្មែរក្រហម ពោលគឺនៅក្នុងអំឡុងពេលដែលឯកឧត្តម មានអាយុជាង ១០ឆ្នាំ បានចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង ជាឪពុក ក្នុងពិធីឆ្លងស្ពានឈើមួយ នៅខេត្តបាត់ដំបង ប្រវែងត្រឹមតែជាង១០ម៉ែត្រ ប៉ុន្តែមានពលរដ្ឋ ចូលរួមធ្វើបុណ្យអបអរសាទររាប់រយនាក់។

ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើកិច្ចការពារ ថែរក្សាសុខសន្តិភាព ដែលផ្តល់អំណោយផលដល់ការអភិវឌ្ឍជាតិ តាំងពីក្រោយសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងនៅក្រោយសម័យខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវបានបំផ្លាញទាំងស្រុងនោះ ប្រជាពលរដ្ឋ ធ្វើដំណើរមានការលំបាក ដូចដែលចាស់ទុំ បានឆ្លងកាត់រួច និងពិតជាដឹងច្បាស់ថា សមិទ្ធផលដែលមនុស្សជំនាន់នេះ អាចមើលឃើញត្រឹមស្ពានឈើ ឬស្ពានបេតុងឆ្លងអូរខ្លីៗនោះ ប៉ុន្តែសម្រាប់ស្ថានភាពកម្ពុជា ក្រោយសង្គ្រាមនាអតីតកាល វាជាសមិទ្ធផលកម្រមួយដែលគ្រប់គ្នាចង់បាន ចង់ឃើញ និងរីករាយបំផុត។

បើធៀបមកដល់បច្ចុប្បន្ន ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានរំលេចថា ផ្លូវដែលបើកការដ្ឋានស្ថាបនា នាឱកាសនេះជាដើម គ្រាន់តែជាផ្នែកតូចមួយក្នុងចំណោមសមិទ្ធិផលជាច្រើននៃរាជរដ្ឋាភិបាល តាំងពីនីតិកាលសម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងអភិវឌ្ឍជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ដែលចាត់ទុកផ្លូវជាអាទិភាព ទាំងក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ក៏ដូចជារំឭកដល់ឯកឧត្ដម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការដឹកនាំស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពេលនេះ សូមបង្កើនការដាក់ពង្រឹងគុណភាពនៃការស្ថាបនា ខណៈប្រជាពលរដ្ឋ ក៏ត្រូវចូលរួមថែរក្សាផ្លូវនេះតាមរយៈការមិនចាក់ដីរំលោភ លើចិញ្ចើមផ្លូវថ្នល់ដែលនាំឱ្យដក់ទឹក ការមិនដឹកទំនិញលើសទម្ងន់ និងការចូលរួមធ្វើសេចក្ដីរាយការណ៍មកអាជ្ញាធរ ក្នុងករណីមានសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោលគឺមានពលរដ្ឋ ចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅ ឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម។

សូមបញ្ជាក់ថា នៅក្នុងស្រុកព្រះស្តេច មានផ្លូវសរុបចំនួន ១៤៨ខ្សែ ដែលក្នុងនោះរួមមាន៖ ផ្លូវកៅស៊ូ ប្រភេទ AC ចំនួន ២ ខ្សែ ប្រវែង ៤៦,៨៧៥ ម៉ែត្រ ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួន ១២ ខ្សែ ប្រវែង ១១២,០៧១ម៉ែត្រ ផ្លូវបេតុង ចំនួន ៤ ខ្សែ ប្រវែង ៣,៤១២ ម៉ែត្រ និងផ្លូវដី ស ក្រាលខ្សាច់ភ្នំ ចំនួន ១៣០ ខ្សែ។ ចំពោះផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាប្រភេទផ្លូវដី មានទីតាំងបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០ ខាងស្តាំដៃស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅទល់នឹងផ្លូវលេខ ៣១២A ភ្ជាប់ទៅច្រកអន្តរជាតិបន្ទាយចក្រី ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

ខេត្តសៀមរាប៖ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានរៀបរាប់ពីបទពិសោធ និងសមិទ្ធផលនៃការចូលរួម ក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ។

មានប្រសាសន៍ក្នុងរបាយការណ៍ជូនអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។

អភិបាលខេត្តបានបញ្ជាក់ថា “សម្រាប់ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ ចាប់ពីការរៀបចំសេចក្ដីជូនដំណឹងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក (គ.វ.ក.) រហូតដល់ដំណាក់កាលនៃការពិនិត្យនិងវាយតម្លៃចុងក្រោយពី គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។

ជាលទ្ធផល ខេត្តសៀមរាប ទទួលបានអង្គភាពជ័យលាភីចំនួន៣ ក្នុងចំណោមបេក្ខភាពជ័យលាភីទូទាំងប្រទេស រួមមាន៖ (១) មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២, (២) វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ទទួលបានជ័យលាភីលេខ៧ និង (៣) សាលាមត្តេយ្យសិក្សាធនធានអង្គរ ទទួលបានជ័យលាភីលេខ៧។

ទន្ទឹមនឹងនេះអភិបាលខេត្តសៀមរាប បានជម្រាបជូនអង្គសិក្ខាសាលាផងដែរថា សម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបន្តជំរុញការយកចិត្តទុកដាក់លើចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល និងកំណត់យកអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ជាគោលដៅនៃការវាយតម្លៃ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ភាពជោគជ័យនៃការអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ គឺដោយសារមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រនិងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈ នៅតាមបណ្ដាអង្គភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន។

ឯកឧត្ដម ប្រាក់ សោភ័ណ បានបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ដ៏មានសារៈសំខាន់របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ គឺក្នុងន័យដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង ជាក់ស្ដែងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ត្រូវបានរៀបចំសម្រាប់សមាសភាពពាក់ព័ន្ធនៃខេត្តខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០ % ហើយ។

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបាន៖
– ១/ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។
– ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មាររួចមក។

នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ដល់ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ១៩៨៨ ដោយមើលឃើញថា ផ្ទះចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបលោកសុំការឯកភាពពី សម្ដេច ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

បើតាមតាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនេះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជាការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ តាមរយៈការពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយសក្តានុពល និងភាពទាក់ទាញ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជំរុញឲ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៥

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះសម្បត្តិ កុសល បទ ប៉ុនប៉ងសូកប៉ាន់ និងពីបទ ប្តឹងបរិហារដោយភូតកុហក

https://www.facebook.com/share/1EPde7qFN6/
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

ខេត្តសៀមរាប៖លោកភុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកា
សម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងដីកាបានបញ្ជាក់ថា ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, ពីបទ ប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងការហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្ដោះអាសន្ន។

-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្នឱ្យបានសម្រេចតាម ដីកាបង្គាប់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២៥

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញថាស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល។

បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ជាការពិតណាស់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។

គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។

គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២៥

តាមការបញ្ជាក់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ឱម​ យ៉ិនទៀង​ បានឲ្យវិទ្យុបាយ័នដឹងនៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៥ ព្រឹកមិញថា អង្គភាពប្រឆាំងអំពេីពុករលួយ​ បានឃាត់ខ្លួនឈ្មោះ សម្បត្តិ កុសល។ ហើយល្ងាចថ្ងៃសៅរ៍នេះ វេលាម៉ោង ៥ គឺមានថេរវេលា គ្រប់ ៤៨ ម៉ោងនៃការឃាត់ខ្លួន ហើយអង្គភាពប្រឆាំងអំពេីពុករលួយ​ ត្រូវបញ្ជូនខ្លួនសម្បត្តិ កុសលនិងសំណុំរឿងទៅតុលាការ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះបើតាមលោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់អ្នកសារព័ត៌មាន។

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជុំវិញមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៥

ភ្នំពេញ៖នៅទីបំផុតអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។

ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ លោក កែវ នាថមុនី បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានមន្ត្រី
កំពុងសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៥

ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានពាក្យប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បន្ទាប់ពីយកកូនស្រីវ័យ១៧ឆ្នាំ ទៅសម្រាកព្យាបាល ប៉ុន្ដែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ព្យាបាលសង្ស័យរធ្វេសប្រហែស និងមិនមានវិជ្ជាឃជីវៈបណ្ដាលឲ្យកូនស្រីរបស់ខ្លួនស្លាប់។

យោងតាមពាក្យបណ្ដឹងប្ដឹងចូលនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន បានរៀបរាប់ថា មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ដែលមានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឲ្យកូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការៈដំបូងក្ដៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើម។

នៅពេលទៅដល់គ្រូពេទ្យបូមឈាមពិនិត្យ និងវាស់ឈាម រួចដាក់សេរ៉ូមមួយប្លោក ចាក់ថ្នាំត្រគៀកមួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ។ មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្ដចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា មានទឹកដក់ក្នុងស្រោមបេះដូង និងរលាកសាច់ដុំបេះដូង។ ទើបគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថា អាការៈធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺបាន។

ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួន ទៅបន្ទប់សង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា ថប់ៗពិបាកដកដង្ហើម។ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើបាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះ។

នៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែនៅពេលឡើងលើរថយន្ដបែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៅវិញ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែលម៉ោង១កន្លះក្រោយមក កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់បាត់បង់ជីវិតទៅហើយ។

ជុំវិញការចោទប្រកាន់នេះ ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺបាននៅឡើយទេពី មន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ រហូតដល់ម៉ោងចេញផ្សាយនេះ។ ទោះជាយ៉ាងណាក្នុងពាក្យបណ្ដឹងស្ដ្រី ចៅ គឹមហ៊ន ដែលត្រូវជាម្ដាយជនរងគ្រោះ បានស្នើសុំស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្ដរាគមន៍តាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page38 Page39 Page40 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×