Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តសៀមរាប៖​​ លោក ទៀ សីហា អភិបាលខេត្ត និងលោក អ៊ាន ឃុន តំណាងប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញបានដឹកនាំប្រតិភូខេត្ត ដោយមានអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព លោក ហង់ ហឿម ចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ និងជាអតីតប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដែលបានទទួលមរណភាព ក្នុង ជម្មាយុ ៦៧ឆ្នាំ វេលាម៉ោង ១៦៖២០នាទីរសៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយរោគាពាធ។

ក្នុងនោះដែរដែរ លោក ទៀ សីហា អភិបាលខេត្ត លោកអ៊ាន ឃុន ព្រមទាំងគណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ លោក ហង់ ហឿម សូមឲ្យលោកបានទៅកាន់សុខគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរមន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តសៀមរាបលោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប នៅព្រឹកមិញនេះបានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត​ ក្រុង​ សង្កាត់ មេភូមិ​ស្ទឹងថ្មី​ចុះទៅពិនិត្យផ្លូវកដប​ ត្រង់​ចំណុច​ផ្លូវ​ភូមិ​ស្ទឹងថ្មី​ ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនេីប​ចៅសាំងហុក​)​ ដេីម្បីពិនិត្យមេីល​ផ្ទះ​​ និងសំយ៉ាបផ្ទះដែលប៉ះពាល់លេីដីចំណីផ្លូវរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលបានឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើ​ ដេីម្បីពង្រីកផ្លូវឲ្យបានធំទូលាយ​ និងងាយស្រួលក្នុងការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប​ ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរផងដែរ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តសៀមរាប បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំង​ ២គ្រួសារដែលមានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មីតាមបណ្តោយផ្លូវពីកេសរកូល​ ទៅប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនេីប​ចៅសាំងហុក​)​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានយល់ព្រមឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្ត។ ដោយរដ្ឋបាលខេត្តបាននិងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត។

នេះគឺជាសកម្មភាពជាគំរូមួយដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍក្រុង។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាបសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការលេីការងារអភិវឌ្ឍន៍នានានៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ។

សូមបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០ ក៏បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តកំពង់ចាម៖បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួនថា មានបើកបនល្បែងជល់មាន់និងអាប៉ោង ពីមុនលេងនៅស្រុកជើងព្រៃ ហើយប្ដូរទីតាំងមកលេងនៅខាងជើងវត្តផ្ចឹកប្រហែល១០០ម៉ែត្រក្នុងព្រៃកោះវិញម្ដង ស្ថិតនៅភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ។ ការផ្សាយបែបនេះ ត្រូវបានលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្វើការបដិសេធច្រានចោល។

អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានបញ្ជាក់ថាខ្ញុំពិនិត្យឃើញដូចមុនជារូបភាពចាស់ខ្ញុំ បានសួរទៅបណ្តាញប្រចាំការតាមស្រុកហើយ  គឺមិនដូចអ្វីដែលគេចុះផ្សាយនេះទេ។គាត់ថាអាចមកពីទំនាស់ផលប្រយោជន៍បុគ្គលដែលពីមុនអ្នកកាសែតមួយចំនួនធ្លាប់បានលុយពីអ្នកបើកលេងល្បែងជាថ្នូនឹងការមិនចុះផ្សាយ ឫរាយការណ៍មកសមត្ថកិច្ច  បន្ទាប់ពីត្រូវបានអាជ្ញាធរខេត្តចុះបង្រ្កាបជាបន្តបន្ទាប់  ពួកមេល្បែងមិនហ៊ានបើកលេងតទៅទៀត  ហើយក៏ឈប់អោយលុយអ្នកកាសែតទាំងនោះ ទើបក្រុមកាសែតទាំងនោះខឹង  នាំគ្នាចុះផ្សាយទៅ។ នេះគេហៅថាល្បិចស្វាលួចស៊ីបាយលាបមាត់ពពែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តកំពង់ចាម៖ទំនប់អាងទឹកតំបន់ដែលអាចរក្សាទឹកទុកបានរហូត ចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារ ដែលបានពឹងអាស្រ័យលើអាងតំបន់នេះ ត្រូវបានជួសជុលឡើងវិញ។
នៅព្រឹកមិញនេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹកតំបន់ និងសំណង់សិល្បការនៅតំបន់ខាងលើ។
លោកអ៊ុម វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា ការជួសជុលទំនប់អាងទឹក តំបន់ខាងលើនេះឡើងវិញ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាពនៃការបង្កបង្កើនផល របស់ប្រជាកសិករ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
លោកប្រធានមន្ទីរបានបន្តថាក្នុងការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង។ ដោយរដ្ឋបាលខេត្តកំពង់ចាមបានធ្វើការស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុលកែលម្អសំណង់នោះឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកមិញបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំឆ្លងផែនការសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលនេះ គឺបានប្រព្រឹត្តទៅបន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងក៏ទើបតែបានឆ្លងផែនការសកម្មភាពអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាធម្មតាគឺមានការកែសម្រួល និងបន្ថែមធាតុចូលខ្លះៗបន្ថែមទៀត។

ពាក់ព័ន្ធនឹងការកសាងផែនការ និងការដាក់ចេញទិសដៅត្រូវអនុវត្ត សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ពន្លឿនកិច្ចការទាំងនេះឱ្យបានឆាប់ ទោះមានកិច្ចខ្លះជារឿងថ្មី និងត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះក៏ត្រូវបែងចែកកងកម្លាំងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ដែរ។

សម្ដេចបានបន្តថា សម្រាប់នគរបាលដែលបញ្ចប់ការសិក្សា និងតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបែងចែកឱ្យបំពេញការងារនៅអង្គភាពដែលមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ពោលគឺមិនអាចបណ្ដែតបណ្ដោយឱ្យទៅប្រមូលផ្ដុំនៅអង្គភាពណាមួយដែលមិនសូវមានតម្រូវការនោះទេ។ ដោយឡែកក្នុងកិច្ចប្រជុំ សម្ដេចនិងអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការផ្ដល់ការលើកទឹកដល់គ្រូនគរបាលដែលមានស្នាដៃល្អ និងអំពីត្រូវការគ្រូបន្ថែមនាពេលខាងមុខដែរ។

សម្ដេចក៏បានណែនាំថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រីងចំណេះដឹង ពង្រឹងជំនាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គបណ្ដុះបណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន។
អង្គប្រជុំក៏បានពិភាក្សាគ្នាដែរអំពីតម្រូវការធនធានកងកម្លាំងនគរបាលប្រចាំឆ្នាំ ដើម្បីបំពេញចំនួនមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឬមានបញ្ហាសុខភាព ឬត្រូវបានបណ្ដេញចេញ និងក៏ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែន។ កិច្ចប្រជុំនេះឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃនាឱកាសនោះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាច្រើនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចតេជោហ៊ុន សែន បានផ្ញើសារប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរថា៖បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ នៅពេលនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។

ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តសៀមរាប៖លោកជំទាវទាងអេងទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី២៨ខែមេសាម្សិលមិញ បានចុះចែកអំណោយដល់គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ និង រន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅបរិវេណសាលាឃុំវ៉ារិន ស្រុកវ៉ារិន។

នាឱកាសនោះដែរ លោកជំទាវទាងអេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា ការនយោបាយណាមួយឡើយ។

នៅក្នុងបេសកកម្មមនុស្សធម៌ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ មានការអត់ធ្មត់ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីត១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លង។ ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និងពីគ្រួសារមួយរីកសាយភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅក្នុងបេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា។

លោកជំទាវក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនោះលោកជំទាវក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជម្ងឺរលាកផ្លូវដង្ហើម កូវិដ១៩ ដោយមេត្តាកុំឲ្យមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា ក៏ធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជម្ងឺកូវីដ១៩” ផងដែរ ។

អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម គ្រួសាររលំផ្ទះ ទទួលបានស័ង្កសី ១៦សន្លឹក និងថវិកា២សែនរៀល គ្រួសាររបើកដំបូល ទទួលបានស័ង្កសី ១០សន្លឹក ស័ង្កសី ១០សន្លឹក និង គ្រួសាររន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃម្សិលមិញបានកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងារបញ្ហាការជីករណ្តៅយកអាចម៍ដីទីលានចាក់សំរាមបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២០។
កិច្ចប្រជុំនេះ​ ​បានសម្រេចលទ្ធផលដូចខាងក្រោម៖
០១.ក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចក្នុងការចាក់អាចម៍ដីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណទីលានចាក់សំរាមចាស់ឲ្យបានរួចរាល់ មុនយកអាចម៍ដីចេញពីទីលានចាក់សំរាម និងត្រូវបំពេញតាមនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធនឹងការជីករណ្តៅដែលបានស្នើសុំ
០២.ក្រុមហ៊ុនត្រូវរៀបចំផែនការ និងរាយការណ៍អំពីបញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះ ដើម្បីរាយការណ៍មករដ្ឋបាលខេត្ត បានជ្រាប និងពិនិត្យលើកិច្ចការទាំងនោះ ព្រមទំាងពិនិត្យ ណែនាំបុគ្គលិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងយកទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានស្អាត និងជាប្រចាំ
០៣.រដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារ ដើម្បីពិនិត្យ តាមដាន ការប្រមូលសំរាម និងការងារផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងក្រុងសៀមរាប។
ការប្រជុំនេះក្រោមវត្តមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត​ តំណាងលោក ទៀ​ សីហា​ អភិបាល​ខេត្តសៀមរាប ស្ដីពីបញ្ហាការជីករណ្តៅយកអាចម៍ដីទីលានចាក់សំរាមបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២០​ របស់ក្រុមហ៊ុន​ ហ្កាអុីយ៉ា ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ ប្រធានមន្ទីរបរិស្ថានខេត្ត​ លោក​ ប្រធានមន្ទីររ៉ែ​ និងថាមពលខេត្ត​ លោក​ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោក​ នាយកទីចាត់ការផែនការ​ និងវិនិយោគសាលាខេត្ត​ តំណាងសាលាក្រុងសៀមរាប​ សាលាស្រុកប្រាសាទបាគង​ មន្រ្តីជំនាញពាក់ព័ន្ធនានា​ និងតំណាងក្រុមហ៊ុន​ ហ្កាអុីយ៉ា​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែថាចំពោះស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ដែល ជាជំងឺដ៏កាចសាហាវមួយជាកង្វល់និងការព្រួយបារម្ភរបស់ប្រជាជនលើពិភពលោកក៏ដូចជាប្រជាជនកម្ពុជាដែរត្រូវបាន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនដោយបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាក្នុងក្របខ័ណ្ឌទូទាំងប្រទេសទទួលបានលទ្ធផលជាទីមោទនៈដោយ យើង អាចទប់ទល់ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩បាននិងមិនបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយសារ ជំងឺ ដ៏កាចសាហាវនេះឡើយ។

លោកថ្លែងយ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាល ផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យ ខេត្តកំពង់ចាម  នៅព្រឹកមិញក្រោម វត្តមានលោកព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងលោកខ្លូតផន ប្រធាន ក្រុម ប្រឹក្សាខេត្ត។

លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាម បានលើកឡើងថាពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះរដ្ឋបាល ខេត្ត កំពង់ចាមបានរៀបចំកន្លែងសម្រាប់ចត្តាឡីស័ក ចំនួន៣កន្លែងសរុប ១៧៩បន្ទប់ស្មើ នឹង៧៥៦គ្រែកន្លងមកអ្នកជំងឺកូវីដ១៩   មានចំនួន១៦នាក់ដែលបានព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមក្នុងនោះមានជនជាតិអាមេរិក២នាក់ជនជាតិ អង់គ្លេស  ៥នាក់ជនជាតិ ម៉ាឡេស៊ី៨នាក់ជនជាតិ ខ្មែរ១នាក់បានឆ្លងនៅក្នុងប្រទេស គឺជាអ្នកធ្វើការផ្ទាល់និងស្នាក់នៅជាមួយជនជាតិ ម៉ាឡេស៊ីដែលមានជំងឺកូវីដ១៩។ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យរបស់ យើងអ្នកជំងឺទាំងអស់បានជាសះស្បើយ ហើយត្រឡប់ទៅកាន់គេហដ្ឋាននិងប្រទេសរបស់គេវិញអស់ហើយ។

លោកអភិបាលខេត្តបានបន្តថាបន្ទាប់ពីបានបំពេញភារកិច្ចជួរមុខតាមកាលកំណត់យើងបានធ្វើចត្តាឡីស័កដល់មន្ត្រីទាំង អស់ចំនួន១៤ថ្ងៃដោយដាក់ឲ្យសម្រាកដាច់ដោយឡែកក្នុងអាគារដែលមានស្រាប់ប្រកបដោយសុខសុវត្ថិភាពដើម្បី ស្រាវជ្រាវរកមេរោគកូវីដ១៩ជាលទ្ធផលអវិជ្ជមានផងដែរ។

បើតាមលោកអ៊ុន ចាន់ដា បច្ចុប្បន្ននេះគណៈកម្មាធិការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តមានកិច្ចការ មួយទៀតគឺរៀបចំក្រុមការងារ ចម្រុះសម្រាប់ធ្វើការស្រាវជ្រាវរកមេរោគកូវីដ១៩ចំពោះការវិលត្រឡប់មកមាតុភូមិ វិញរបស់ បងប្អូន កម្មករដែល បានធ្វើការនៅបរទេសនិងកម្មករ កម្មការិនី រោងចក្រដោយមានចំនួនដ៏ច្រើនយើងបានធ្វើការ ស្រាវជ្រាវ រកមេរោគកូវីដ១៩នេះ   ដោយបង្កើតកន្លែងស្គ្រីន២កន្លែងគឺមួយនៅមន្ទីរពេទ្យខេត្តកំពង់ចាមដែលមានស្រាប់និងមួយ កន្លែង ទៀតនៅសណ្ឋាគារមេគង្គ។ រហូតមកដល់ថ្ងៃទី២៧ខែមេសានេះការ ស្រាវជ្រាវរកមេរោគកូវីដ-១៩លើបងប្អូនកម្មកររោង ចក្រនិងពលករមកពីបរទេសបានចំនួន៧៥៥នាក់។ដោយឡែកការយកសំណាកបាន៥៥០សំណាកតែយើងពុំបានរកឃើញនូវករណីថ្មីនោះទេ។ចំពោះពលករ ពលការិនី ដែលបានអនុវត្តចត្តាឡីស័ក ដោយស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មកទល់នឹងថ្ងៃនេះមានចំនួន២,៩២៦នាក់ បានសមាហរណកម្មទៅក្នុងសហគមន៍និងគ្រួសារវិញនៅសល់ចំនួន១១០នាក់ កំពុងបន្តអនុវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ខេត្តសៀមរាប៖ជុំវិញបុរសម្នាក់ មានមុខរបរបុគ្គលិកក្រុងហ៊ុនអនឡាញ ត្រូវខ្សែភ្លើងឆក់ ស្លាប់នៅក្រុងសៀមរាប នៅថ្ងៃម្សិលមិញ ករណីនេះ នគរបាលប៉ុស្ដិ៍ស្វាយដង្គំ បានបញ្ជាក់ថាសពជនរងគ្រោះឈ្មោះ  ឡេង  ប៊ុនឡុងភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមានមុខរបបុគ្គលិកក្រុងហ៊ុនអនឡាញ ស្នាក់នៅភូមិ០៤សង្កាត់ចុងឃ្នៀកក្រុងខេត្តសៀមរាប។

នគរបាលបានបញ្ជាក់ថាការពិនិត្យសាកសព យើងបានបង្វិលមើលជុំវិញខ្លួនសាកសពឃើញមានស្នាមនៅលើបាតដៃខាងស្តាំមានស្នាមឆេះខ្លោចដែលមានទំហំ២×៣សង់ទីម៉ែត្រ។នៅលើខ្លួនសាកសពមានស្នាមរបួសក្រោយពីឆក់ចរន្តអគ្គិសនីយធ្លាក់ពីលើបង្គោលខ្សែភ្លើងដែលមានកំពស់៤ម៉ែត្រ៥០មកចំវត្ថុរឹងបណ្តាលអោយមានស្នាមរបួលនៅលើចញ្ចើមមានប្រែង៦សង់ទីម៉ែត្រមមានជម្រៅ២សង់ទីម៉ែត្រដល់ឆ្អឹង។នៅលើប្របកភ្នែកខាងឆ្វេងមានស្នាមទ្រុតមានទំហំ២×២សង់ទីម៉ែត្រ។នៅលើបបូរមាត់មានស្នាមរយះសាច់ប្រវែង៥សង់ទីម៉ែត្រ។នៅលើប្រអប់ជើងខាងឆ្វេងមានស្នាមរយះស្បែកប្រវែង១០សង់ទីម៉ែត្រ។

មន្ត្រីប៉ុស្ដិ៍ស្វាយដង្គំបានបញ្ជាក់ទៀតថាតាមការសាកសួរបំភ្លឺពីរអ្នកលាងម៉ូតូនៅជិតនឹងបង្គោលភ្លើងកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានយកជណ្ដើរដាក់នឹងបង្គោលភ្លើងដែលមានកម្ពស់ប្រហែលជា៥ទៅ៦ម៉ែត្រហើយទាញខ្សែទម្លាក់មកខាងក្រោម។ មួយសន្ទុះក្រោយមកក៏ឮសំឡេងស្រែកអុះមើលទៅឃើញដៃអោបសសរបង្គោលខ្សែភ្លើងហើយក៍ធ្លាក់មកដី។ ពួកក្រុមគាត់មានគ្នា៣នាក់បានដឹកយកទៅមន្ទីរពេទ្យ។

បើតាមនគរបាលសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ(ឆក់ចរន្តអគ្គិសនី)។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង០០

ថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ ស្ថិតនៅបង្គោលខ្សែភ្លើងនៅខាងជើងខារាអូខេហ្វីលីញតាមបណ្តោយផ្លូវថ្នល់ក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប។

ពាក់ព័ន្ធករណីនេះគេនៅមិនទាន់ដឹងថាក្រុមគ្រួសារជនរងគ្រោះបានប្ដឹងក្រុមហ៊ុនអនឡាញដើម្បីទាមទារសំណងដែរឬយ៉ាងណានោះទេ ខណ:ក្រុមគ្រួសារកំពុងធ្វើបុណ្យជូនជនរងគ្រោះនៅឡើយ។ ទោះយ៉ាងណាបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុនអនឡាញ នៅឡើយទេ រហូតមកដល់នៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ភ្នំពេញ៖សេចក្ដីរាយការណ៍បឋម
បានឲ្យដឹងថានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ គយចល័ត សហការជាមួយអាវុធហត្ថអង្គភាពសន្តិសុខបានចុះឃាត់រថយន្តអត់ពន្ធបានចំនួន៤គ្រឿងរួមមាន៖
១/- នៅវេលាម៉ោង១០:៥៥ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក Ford RAPTOR ឆ្នាំ២០១៩ ស្លាកលេខ ព្រះវិហារ 2B-9569 នៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២/- នៅវេលាម៉ោង១១:៣០ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក Toyota VARIS ឆ្នាំ២០១៨ ស្លាកលេខ ចង្កូតស្តាំ BB-0136 នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣/- នៅវេលាម៉ោង១២:៤៥ថ្ងៃត្រង់ ឃាត់រថយន្ត១គ្រឿងម៉ាក Toyota Prius ឆ្នាំ២០១២ ស្លាកលេខ ខេមរភូមិន្ទ2-4114 នៅចំណុចសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤/- នៅវេលាម៉ោង១:៣០រសៀល ឃាត់រថយន្តម៉ាក Toyota SIENNA ឆ្នាំ២០១៦ ស្លាកលេខ នគរបាល 2-5751 នៅចំណុចសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយចាប់បាន នាំរថយន្តខាងលើ ទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានចាប់ឃាត់ខ្លួនឈ្មោះ វិន តឿ ហៅ យាយតឿ ,យាយសក់ស ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្រុមទី៣០ភូមិ
កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃ២៧ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង៣០នាទី នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក |០៩) ចំនួន ០៤ថង់ ទម្ងន់ ១៦,៥៨ក្រាម (ទាំងសំបក)
ប្រអប់ជ័រសំរាប់ដាក់ថ្នាំញៀនចំនួន០១ និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។
ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page616 Page617 Page618 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×